ព័ត៌មានសិល្បៈ និងកម្សាន្ត

ស៊ឹម សុរ៉ាមភូមិ រួចរាល់ស្នាដៃដំបូង

នៅទីបំផុតការសម្ងំបាត់មុខមួយរយៈពីកម្មវិធីធំៗរបស់តារាសម្ដែង និងជាអតីតតារាចម្រៀងលោក ស៊ឹម សុរ៉ាមភូមិ បានលេចចេញជារូបរាងហើយ បន្ទាប់ពីភាពយន្តរឿង«រថយន្តទៅសៀមរាប»ដែលលោកនិពន្ធ និងដឹកនាំ បានចេញបង្ហោះជា Trailer កាលពីប៉ុន្មានម៉ោងមុន ដោយនេះគឺជាភាពយន្តខ្នាតធំ ដែលលោកប្រកាសថាគឺជាបើកឆាកស្នាដៃសម្រាប់វិស័យភាពយន្តនេះ។ តាមគម្រោងរឿងនេះ នឹងដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី១៥ មីនា ខាងមុខ ដោយលោកប្រកាសថាបើភាពយន្តនេះទទួលបានជោគជ័យ គឺលោកមិនត្រឹមតែបន្តការងារផលិតឲ្យផលិតកម្មចក្រវាទ្បប៉ុណ្ណោះទេ ប៉ុន្តែក៏ឈានដល់បើកខ្លួនឯងនោះផលិតកម្មផងដែរ។

លោកស៊ឹម សុរ៉ាមភូមិ និយាយថារយៈពេលច្រើនខែមកហើយ ដែលលោកបានឆ្លៀតពីការសម្ដែងកុន ហើយបានសម្ងំផលិតរឿង«រថយន្តទៅសៀមរាប» ដែលភាពយន្តខ្នាតធំនេះគឺលោកនិពន្ធដោយផ្ទាល់ និងចុះដឹកដោយផ្ទាល់ បន្ទាប់ពីសម្ងំហ្វឹកហាត់ជំនាញនិពន្ធ និងដឹកនាំភាពយន្តអស់មួយរយៈ។ មួយរឿងនេះលោកថាបានគិតទុកជាយូរមកហើយ ប៉ុន្តែមិនដែលមានឱកាសបានបញ្ចេញ ទើបលោកច្រានចោលទាំងស្រុងជុំវិញពាក្យថាភាពយន្តមួយនេះ ចម្លងសាច់រឿងពីរឿង«រថភ្លើងទៅប៊ូសាន»របស់កូរ៉េ។ លោកថាភាពយន្តនេះ គឺនិយាយពីដំណើរដ៏ចម្លែកមួយនៅលើរថយន្តក្រុងរបស់មនុស្សមួយក្រុម ប៉ុន្តែលោកអះអាងថាចំពោះសាច់រឿងគឺជារឿងនិពន្ធថ្មី ដោយមានទាំងកំប្លុកកំប្លែង ភ័យរន្ធត់ និងស្នេហារ៉ូម៉ាទិចខុសប្លែកពីរឿងបរទេស។ លោកថានឹងមានស្នាដៃច្រើនទៀតត្រៀមបង្ហាញនៅក្នុងផលិតកម្មចក្រវាទ្បពេជ្រ ក្នុងពេលខាងមុខក្នុងពេលដែលលោកក៏សម្រេចចិត្តមិនចេញបទចម្រៀង ដើម្បីយកពេលផលិតភាពយន្តឲ្យបានច្រើនបង្កើនសមត្ថភាព និងដើម្បីឈានទៅរកការប្រកួតប្រជែង។

ភាពយន្តនោះលោកមិនទាន់រំពឹងពីភាពជោគជ័យកម្រិតណាទេ ប៉ុន្តែលោកថាសម្រាប់អ្នកបានទស្សនាគឺពិតជាជក់ចិត្ត នឹងសាច់រឿងទាំងមូល តាំងពីដើមដល់ចប់។
ចង់ដឹងថា Trailer ស្នាដៃដំបូងរបស់លោក ស៊ឹម សុរ៉ាមភូមិ មានអ្វីពិសេស សូមអញ្ជើញទស្សនា៖
https://youtu.be/tOMheKmEiDg

មតិយោបល់