ភ្នំពេញៈ មានករណីបុរសម្នាក់ ឈ្លោះជាមួយនិងកូនប្រុស ទាញកាំបិតផ្គាក់គប់ទៅត្រូវក្មេងប្រុសម្នាក់ចំថ្ងាស់ បណ្តាលឲ្យរងរបួសធ្ងន់។
ហេតុការណ៍កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះគ្មានលេខ ភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
កុមារារងគ្រោះឈ្មោះ ថន ភារម្យ អាយុ៣ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។ ចំណែកជនសង្ស័យឈ្មោះ ហ៊ុត សាវឿន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរ នគរបាលវរការពារព្រំដែន ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។
មុនពេលកើតហេតុ ជនសង្ស័យបានឈ្លោះប្រកែកជាមួយកូនប្រុសខ្លួននៅចំណុចកើតហេតុខាងលើ រួចក៏យកកាំបិតផ្គាក់ដងឬស្សីប្រវែង ១ម៉ែត្រ គប់ទៅលើកូនប្រុសខ្លួន ក៏ត្រូវកុមារារងគ្រោះ ដែលកំពុងជិះកង់លេងនៅក្បែរនោះចំថ្ងាស់បែកឈាមសន្លប់បាត់ស្មារតី ពេលនោះឪពុកម្តាយកុមារារងគ្រោះក៏ឃាត់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង ប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ចំណែកកុមារារងគ្រោះបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យគន្ធបុប្ផា៕
មតិយោបល់