ក្នុងចំណោមភាពយន្តខ្មែរដែលបានដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍នៅអំឡុងម៉ោងមាស គេកត់សម្គាល់ថាភាពយន្តរឿង«នេះ ឬជីវិត»ដែលត្រូវគេដឹងថាជារឿងទិញសិទ្ធិទាំងស្រុងពីរឿង «ជីវិតនាងឡាំយ៉ង» ត្រូវគេឮមានការនិយាយពីមាត់មួយទៅមាត់មួយពេញផ្សារតែម្ដង ដែលធ្វើអោយភាពយន្តនេះផ្ទុះខ្លាំងក្នុងអារម្មណ៍អ្នកតាមដានភាពយន្តភាគខ្មែរ។ ជាមួយនឹងភាពពុះកញ្ជ្រោលនោះ ភ្នាក់ងារស្រាវជ្រាវថាកម្មវិធីរបស់ទូរទស្សន៍ណាខ្លះ ដែលមានអ្នកទស្សនាពេញនិយមជាងគេ ក៏បានបង្ហាញថាភាពយន្តមួយនេះ បានឈរលំដាប់នាំមុខគេ ក្នុងចំណោមភាពយន្តភាគខ្មែរទាំងអស់ដែលបានដំណើរការដាក់ផ្សាយដូចគ្នាផងដែរ។
ឯកសារដែលបានបញ្ចេញដោយក្រុមស្រាវជ្រាវប្រចាំខែខាងផ្នែកសោតទស្សន៍យ៉ាងហោច ៣ស្ថាប័នផ្សេងគ្នា ដែលក្នុងនោះមានទាំងស្ថាប័នស្រាវជ្រាវអន្តរជាតិធំ២ គឺ Kantar Media និង CMRD ផង បានបង្ហាញភាពសម្រាប់ម៉ោងមាសដែលបណ្ដាទូរទស្សន៍ទាំងអស់បានចាក់រឿងខ្មែរប្រជែងគ្នា ភាពយន្តរឿង«នេះ ឬជីវិត»របស់ប៉ុស្ដិ៍លេខ៥បានឈរលំដាប់ទី១។ យោងតាម Rating ដែលបានបញ្ចេញ គឺភាពយន្តនេះនាំមុខបណ្ដាភាពយន្តផ្សេងទៀតដាច់ឆ្ងាយតែម្ដង ដោយកើនដល់ជាង៣០ Rating ខណៈដែលភាពយន្តផ្សេងដែលដំណើរការដាក់បញ្ចាំងក្នុងថ្ងៃច័ន្ទ ដល់ថ្ងៃពុធ នៅវេលាម៉ោង៧ ដល់ម៉ោង៩យប់ដូចគ្នា ទទួលបានRating តែ១០ជាង និងក្រោមនេះឆ្ងាយ។ ស្របពេលដែលភាពយន្តនេះ ត្រូវបានសម្ដែងដោយកញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួអង្គនារីប្ដីច្រើនឈានដល់ដំណាក់កាលកាន់តែជក់ចិត្ត ព្រោះតែនាងញៀនញ៉ាមនឹងប្រុសស្នេហ៍ផងនោះ ទើបកាន់តែធ្វើអោយអ្នកតាមដានជាប់ចិត្ត និងនិយាយពីរឿងនេះច្រើនខុសពីភាពយន្តខ្មែរផ្សេង។
ក្នុងនោះក៏មានការលើកឡើងពីចំណុចមិនល្អរបស់តួស្រី ដោយមានអ្នកខ្លះជេរ តិះដៀល និងមានអ្នកខ្លះសម្ដែងការអាណិតចំពោះនាងផងដែរ ដែលកាន់តែរំលេចភាពយន្តទាំងមូលអោយក្លាយជាភាពយន្តជក់ចិត្ត និងមានគេលើកឡើងច្រើនជាពិសេសក្នុងចំណោមអ្នកផ្សារ និងសិស្សសាលាជាដើម។
យោងតាមការបញ្ជាក់ភាពយន្តនេះមានចំនួនជាង៣០ភាគ ហើយទើបតែបានដំណើរការបញ្ចាំងបានភាគទី១៣ប៉ុណ្ណោះ ដោយភាពយន្តនេះត្រូវបានផលិតដោយក្រុមផលិតករថៃ ទើបគេឃើញភាពយន្តមួយនេះ ទទួលបានការគាំទ្រខ្លាំងក្នុងពេលទស្សនា។ កញ្ញា យ៉ែម ស្រីពេជ្រ ដែលជាតួអង្គឯកបានក្លាយជាតួអង្គដែលទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ដោយសារតែនាងសម្ដែងមួយរឿងនេះបានល្អ ហើយចំភាពយន្តដែលមានការគាំទ្ររហូតដល់មានលេខរៀងនាំមុខគេក្នុងម៉ោងមាស៕
https://youtu.be/CBUytCzYvXw
មតិយោបល់