យោងតាមការផ្សាយរបស់សារព័ត៌មានអន្តរជាតិរបស់ប្រទេសឡាវ Laotian Time ដែលបានប្រកាសថា ឡាវនឹងដាក់«ចង្វាក់រាំវង់»ជាសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការក្នុងពេលខាងមុខ បានបង្កអោយមានការរិះគន់ និងភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ក្នុងពេលដែលគេដឹងថាចង្វាក់រាំវង់គឺជារបស់ខ្មែរជាយូរមកហើយ ប៉ុន្តែមកពីពលរដ្ឋខ្មែរខ្លួនឯងនៅក្នុងប៉ុន្មានឆ្នាំចុងក្រោយងាកទៅគាំទ្រចង្វាក់មួយផ្សេងដែលមិនមែនជារបស់ជាតិ ខ្វះការយកចិត្តទុក្ខដាក់ ស្របគ្នាដែលខាងប្រទេសជិតខាង ពិសេសគឺឡាវគេយកទៅថែរក្សាបានល្អជាង ទើបធ្វើអោយមជ្ឈដ្ឋានអន្តរជាតិមួយចំនួនច្រលំថានេះជាចង្វាក់របស់ឡាវ។ ដំណឹងនេះ បានធ្វើអោយផ្ទុះឡើងនូវការរិះគន់យ៉ាងខ្លាំង ខណៈដែលតារា៤រូប និងមហានជនច្រើនបានចេញមុខប្រតិកម្មនឹងវត្តមានបទចម្រៀងបែកស្លុយតែម្ដង ដោយចោទថាបទចម្រៀងទាំងនោះ បានរួមចំណែកបំផ្លាញវប្បធម៌ដ៏ផូរផង់របស់ខ្មែរ និងថាបើខ្មែរបាត់បង់«ចង្វាក់រាំវង់»អោយទៅឡាវប្រាកដមែន គឺអ្នកពេញនិយម និងអ្នកបំផុសនូវបទចម្រៀងបែកស្លុយ គឺជាអ្នកមានកំហុសមុនគេ។
លោក សុះ ម៉ាច តារាចម្រៀងជើងចាស់ និងអតីតប្រធានសមាគមន៏សិល្បករខ្មែរ បានសម្ដែងអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាប្រទេសឡាវនឹងរៀបចំឯកសារបញ្ជាក់ថាចង្វាក់រាំវង់គឺជារបស់ខ្លួន ស្របគ្នាដែលប្រទេសមួយនេះ ក៏បានបំផុសអោយអន្តរជាតិស្គាល់ថាចង្វាក់រាំវង់គឺជាក្បាច់រាំមួយដ៏សំខាន់របស់ជាតិគេ នៅក្នុងកម្មវិធីតូចធំ ដែលផ្ទុយពីកម្ពុជាបែរជាបំផុសអោយយុវវ័យ និងអន្តរជាតិស្គាល់តែចង្វាក់បែកស្លុយ ថាជាចង្វាក់របស់ជាតិ ជាពិសេសនៅរាល់អំឡុងចូលឆ្នាំម្ដង ដូចជាករណី៣ឆ្នាំចុងក្រោយ។ លោកថ្លែងបញ្ជាក់ថា បើសិល្បៈខ្មែរនៅតែបន្តពេញនិយមនូវអ្វីដែលមិនមែនជារបស់ខ្មែរដូចដែលឃើញសព្វថ្ងៃ នោះមិនត្រឹមតែចង្វាក់រាំវង់ប៉ុណ្ណោះទេ ដែលត្រូវបាត់បង់ក្រោយឡាវដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌអន្តរជាតិ សូម្បីតែចង្វាក់ប្រពៃណីផ្សេងទៀត ក៏នឹងត្រូវគេយកទៅអស់ផងដែរ ក្នុងពេលដែលខ្មែរ ជាពិសេសគឺយុវវ័យលែងពេញនិយមនូវអ្វីដែលជារបស់ខ្លួន ហើយងាកទៅស៊ប់នឹងចង្វាក់មួយថ្មី ដែលនៅប្រទេសណាក៏មានបែបនេះ។ លោកសម្ដែងអារម្មណ៍ខកចិត្តដែលអោយតែពេលចូលឆ្នាំមកដល់ បទចម្រៀងជាចង្វាក់ប្រពៃណីជាតិមិនសូវឃើញមាន បែរជាឃើញលេចបទចម្រៀងបែកស្លុយ ភ្លូកទឹកភ្លូកដី ស្ទើរតែគ្រប់តារាចម្រៀង និងគ្រប់ផលិតកម្ម។ លោកទទូចអោយខ្មែរ ជាពិសេសគឺក្រុមផលិតករ រួមទាំងអ្នកចម្រៀងផង ងាកមកលើកកម្ពស់បទចម្រៀងបែបប្រពៃណីអោយបានច្រើន ដោយចូលរួមកាត់បន្ថយបទចម្រៀងចង្វាក់បែកស្លុយ ដើម្បីរួមចំណែកការពារវប្បធម៌ប្រពៃណីខ្មែរ ដែលកាន់តែខើចទៅៗស្ទើរតែគ្មានយុវវ័យចាប់អារម្មណ៍នឹងទម្រង់សិល្បៈបុរាណនាពេលចុងក្រោយ។
អ្នកនាង ម៉ៅ ស៊ីណាត បានហៅការពេញនិយមបទចម្រៀងបែកស្លុយ ថាជាការសម្លាប់វប្បធ៌របស់ខ្លួនដោយមិនដឹងខ្លួន ក្នុងពេលដែលខ្មែរខ្លួនឯងអោយតែមានកម្មវិធីធុងបាស់ ពេញនិយមតែបទបែកស្លុយ រហូតកើតមានជម្លោះក្នុងវង់ក៍មាន។ អ្នកនាងប្រតិកម្មថា ភាគរយតិចណាស់ ដែលពេញនិយមបទចម្រៀងជាចង្វាក់ប្រពៃណីខ្មែរនាពេលចុងក្រោយ ដោយសារតែងាកទៅណាក៏ឮតែបទបែកស្លុយ ហើយងាកទៅណាក៏ឃើញតែរាំចង្វាក់បែកស្លុយ។ អ្នកនាងកាន់តែខកចិត្តចំពោះកម្មវិធីប្រគំតន្ត្រីគ្រប់ប៉ុស្ដិ៍ រាប់បញ្ចូលទាំងកម្មវិធីផ្សេងៗរបស់ទូរទស្សន៍ផង ស្ទើរតែគ្មានកម្មវិធីតម្រូវអោយច្រៀងបទប្រពៃណី តម្រូវតែតារាចម្រៀងយុវវ័យបែកស្លុយ ដែលមិនខុសពីបំផុសអោយកូនខ្មែរលែងចង់ស្ដាប់ លែងស្គាល់បទចម្រៀងជាលក្ខណៈជាតិព្រោះគិតតែរឿងទាក់ទាញអោយមានការចាប់អារម្មណ៍លើកម្មវិធីតែមួយមុខ។ អ្នកនាងថាបើបណ្ដាកម្មវិធីទាំងនោះ ងាកទៅលើកកម្ពស់បទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរអោយបានច្រើនវិញ មិនខ្វះទេអ្នកចូលចិត្ត និងគាំទ្រ ប៉ុន្តែមកពីងាកទៅខាងណាក៏បែកស្លុយ ងាកទៅខាងណាក៏បទបែកស្លុយ ទើបគ្មានអ្នកចង់ស្ដាប់ និងចង់មើលបទចម្រៀងបែបប្រពៃណីជាតិ។
តារាចម្រៀងផលិតកម្មឌ្រីមជីវ៉ា លោក សេម ម៉ាកូ បានសម្ដែងការខកចិត្តបន្ទាប់ពីបានដឹងថាខ្មែរប្រឈមនឹងការបាត់បង់ចង្វាក់រាំវង់ បន្ទាប់ពីការពេញនិយមបទបែកស្លុយ បានធ្វើអោយបទចង្វាក់ប្រពៃណីលែងមានអ្នកចាប់អារម្មណ៍។ លោកថាការប្រឡូកក្នុងអាជីពចម្រៀងរយៈពេលច្រើនឆ្នាំ តារាចម្រៀងបែបចង្វាក់ប្រពៃណីមានទីផ្សារតែក្នុងកម្មវិធីមង្គលការប៉ុណ្ណោះ ប៉ុន្តែសម្រាប់ទីផ្សារឆាកតន្ត្រី និងកម្មវិធីទូរទស្សន៍នានាស្ទើរមិនមាននោះទេ ទើបតារាភាគច្រើនត្រូវបង្ខំចិត្តប្រឹងច្រៀងតែបទស្លុយដើម្បីតម្រូវទីផ្សាររួមមានទាំលោកផង។ លោកថាជារឿងសោកស្ដាយដែលតារាចម្រៀងស៊េរីលោក ដែលមានទេពកោលស្យខាងផ្នែកបទចម្រៀងសម័យដើម និងបទចម្រៀងបែបប្រពៃណីខ្មែរច្រើននាក់ ប៉ុន្តែខ្វះការគាំទ្រក្នុងវិស័យចម្រៀងបើចង់ច្រៀងបទប្រពៃណី តែបើតារាចម្រៀងដែលចេះបទបែកស្លុយ គឺទោះជាច្រៀងមិនពិរោះ ក៍មិនខ្វះទីផ្សារ។
មិនខុសគ្នាដែរ ពិធីប្រចាំប៉ុស្ដិ៍លេខ៩ ដែលត្រូវគេស្គាល់ថាជាសមាជិកមួយរូបក្នុងក្រុម«គ្រួសារតារាកម្ពុជា» លោក នីរិទ្ធ អែនឌ្រូ ក៏ប្រតិកម្មតបនឹងព័ត៌មានរឿងឡាវគ្រោងដាក់ចង្វាក់រាំវង់ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ផងដែរ។ លោកបានបង្ហោះថា«ណាហើយ! អោយធ្វើមិច បើខ្មែរ Viewed និង Support អាបទអត់អត្ថន័យ គាំទ្របទបែកស្លុយពេក។ ក្នុងវង់ឮសូរតែរាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ អី ប្រកាច់នាំគ្នាដើរចេញ ដល់ពេលឮបទ បែកស្លុយ គ្រាន់តែឮចំណងជើង ចង់ក្អួតនឹង បោលក្បាលចូល រាំតែមិនស្រួលនឹងវ៉ៃគ្នា កាប់គ្នា ចាប់មិនឈ្នះឥលូវហើយ។ សូមអ្នកនិពន្ធ ជួយនិពន្ធ រិះរក ចង្វាក់ខ្មែរ ប្រជាប្រិយយើងមកវិញផង កុំចេញតែបទ ប្រកាច់ចាប់មិនឈ្នះពេក!»។
មកទល់ពេលនេះក្រសួងវប្បធម៍បានបង្ហាញពីការទប់ឡាវកុំអោយដាក់សំណើរនេះតាមការចង់បាន ប៉ុន្តែក្រសួងក៏ត្រូវការអោយមានការចូលរួមបំផុសចង្វាក់មួយនេះជាថ្មី កុំអោយឃើញតែចង្វាក់បែកស្លុយដូចពេលបច្ចុប្បន្នផងដែរ។ ងាកទៅមើលសំឡេងអ្នកលេងហ្វេសប៊ុក ក្រោយផ្ទុះព័ត៌មានដ៏រសើបនោះ ក៍ព្រួតគ្នារិះគន់ឡើងបែកផ្សែងនូវបទបែកស្លុយ និងអ្នកបំផុសបទបែកស្លុយផងដែរ ដោយម្នាក់ៗបានចាត់ទុកថាបើគ្មានការបង្វក់ពីក្រុមអ្នកផលិតករទាំងនោះទេ ក៍យុវវ័យមិនជ្រួលជ្រើមដល់ថ្នាក់ភ្លេចអស់នូវចង្វាក់របស់ជាតិនោះដែរ។ ទោះជាព្រឹត្តិការណ៍សង្ក្រានរាល់ឆ្នាំបានបំផុសពីបទប្រពៃណី ក៍គេនៅតែកត់សម្គាល់ថា ព្រឹត្តិការណ៍ទាំងនៅតែពុះកញ្ជ្រោលនឹងបទបែកស្លុយ ច្រើនជាងបទជាតិ ព្រោះតែការបំផុសបទចម្រៀងបែកស្លុយផ្សព្វផ្សាយលើគ្រប់ស្រទាប់យុវវ័យអស់ទៅហើយ៕
មតិយោបល់