ប្រមាណជាង១០ឆ្នាំមកហើយ ដែលតារាសម្ដែងល្បីឈ្មោះមួយរូបគឺអ្នកនាង ង៉ែត សុវណ្ណលីតា គេចផុតរឿងអាក្រក់ទាំងស្រុង ខណៈដែលអ្នកនាងក៏នៅតែមានទីផ្សារ និងមានជីវិតឯកជនជោគជ័យគួរអោយសរសើរផងដែរ មិនអន់ជាងតារាសម្ដែងដែលមានកេរ្តិ៍ឈ្មោះរួម និងក្រោយជំនាន់។ រឿងអាក្រក់ដែលគេតែឃើញជៀសមិនផុតពីតារាស្រីៗនៅក្នុងពិភពសិល្បៈ មិនត្រូវគេឃើញប៉ះទង្គិចជាមួយសិល្បៈការិនីរូបនេះទាល់តែសោះ ដែលអាចនិយាយបានថាសម្រាប់តារាសិល្បៈជោគជ័យក្នុងការសម្ដែងជាង១០ឆ្នាំ គឺមានតែអ្នកនាងសម្រាប់តារាដែលអាចឈរជើងនៅរឹងមកទល់នឹងពេលនេះ។
រឿងអាក្រក់ធំៗទាំង៣ ដែលគេចាត់ទុកថាជារឿងអាស្រូវដែលកម្រគេចផុតសម្រាប់តារាសិល្បការិនីនោះ គឺព័ត៌មានអាស្រូវជុំវិញទំនាក់ទំនងចោទថាអ្នកនាងមានស្នេហាជាមួយតារាសិល្បៈដូចគ្នាក្នុងសិល្បៈ ព័ត៌មានអាស្រូវពាក់ព័ន្ធរឿងអ្នកនាងមានមន្ត្រីនេះ ឬអ្នកសម្បូរទ្រព្យនោះរញ៉េរញ៉ៃតាំងពីអ្នកនាងឡើងកូដ និងនៅក្មេងជាងនេះ និងរឿងអាស្រូវពាក់ព័ន្ធនឹងភាពចម្រូងចម្រាស់ជុំវិញជីវិតស្នេហាជាមួយស្វាមី ដែលតែងតែកើតមានឡើងចំពោះជីវិតឯកជនរបស់តារាស្រីដែលមានទីផ្សារ។ អ្នកនាង ង៉ែត លីតា ត្រូវគេដឹងថាមិនដែលមានរឿងទាំងនោះកើតឡើងនោះទេ ស្របគ្នាដែលជីវិតឯកជនរបស់អ្នកនាងក៏ស្ថានភាពហ៊ឺហារឡូយឆាយ មិនចាញ់តារាដែលរុំស្រោបដោយរឿងអាស្រូវដែលត្រូវគេឃើញ។ អ្នកនាងក៏ជាតារាដែលមានស្វាមីជាកំលោះមានមុខជំនួញដីធ្លី និងគម្រោងសង់ផ្ទះលក់មិនធម្មតា ដែលអាចនិយាយបានថាអ្នកនាងក្រៅពីមានជីវភាពល្អហើយ មានការសម្ដែងណែនដៃហើយ ក៏មានសុភង្គលជាមួយស្វាមី និងកូនប្រុសស្រីទាំង២យ៉ាងកក់ក្ដៅទៀត។ ដ្បិតថាមិនដែលបានតំណែងតួឯក ប៉ុន្តែស្ទើរមិនមានមហាជនណាម្នាក់មិនស្គាល់ពីស្នាដៃរាប់មិនអស់របស់អ្នកនាងនោះទេ ជាពិសេសក្នុងពេលដែលអ្នកនាងនៅក្មេងជាងនេះហើយបានសម្ដែងជាតួរងឯកជាហូរហែរ រហូតដល់បានសម្ដែងជាតួសម្ដែងស្ទើរមិនបាត់មួយរឿងនាពេលចុងក្រោយ។
អ្នកនាង ង៉ែត សុវណ្ណលីតា និយាយថា ដ្បិតថាអ្នកនាងបានប្រឡូកការសម្ដែងប្រមាណជាង១០ឆ្នាំ និងបានសម្ដែងមិនក្រោម៥០រឿងមកទល់ពេលនេះ ប៉ុន្តែអ្នកនាងមិនធ្លាប់ជួបរឿងអាស្រូវណាមួយក្នុងនាមជាអ្នកសិល្បៈនោះទេ ដោយសារតែអ្នកនាងដឹងតែពីសម្ដែង ហើយក្រោយបញ្ចប់ការសម្ដែងក៏ត្រឡប់ទៅផ្ទះ ដែលមិនធ្វើអោយអ្នកនាងផ្ទុះឡើងទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាណាមួយនៅក្រៅការសម្ដែង នាំអោយមានព័ត៌មានថាអ្នកនាងពាក់ព័ន្ធជាមួយតារានេះឬតារានោះនៅក្នុងរង្វង់សិល្បៈ។
គាប់ជួនជាអ្នកនាងក៏រៀបអាពាហ៍ពិពាហ៍តាំងពីពេលនៅក្មេង ដែលអ្នកនាងតែងតែប្រកាន់ភ្ជាប់ថាខ្លួនជាស្រ្តីមានស្វាមីហើយ គឺមិនអាចទៅធ្វើសកម្មភាពណាមួយនាំអោយប៉ះពាល់ដល់សង្គមគ្រួសារផង ទើបអ្នកនាងរឹតតែគេចផុតទាំងស្រុងជុំវិញព័ត៌មានថាមានអ្នកនេះទិញទឹកចិត្ត ឬអ្នកនោះទិញទឹកចិត្ត ដែលជារឿងអាស្រូវរបស់អ្នកសិល្បៈ។
អ្នកនាងថារយៈពេលជាង១០ឆ្នាំនៅក្នុងសិល្បៈ ក្រៅពីបានគេចផុតពីរឿងអាស្រូវទាំង២ ជីវិតស្នេហារបស់អ្នកនាង និងស្វាមី ក៏មានភាពល្អូកល្អិនមិនខុសពីស្វាមីភរិយារបស់អ្នកសិល្បៈទាំងពួង ដែលធ្វើអោយអ្នកនាងមិនមានដំណឹងឈ្លោះគ្នា ឬប្រេះស្រាំគ្នានោះដែរ ដោយសារតែអ្នកនាងដ្បិតថាមើលទៅរវល់នឹងការសម្ដែងមែន ប៉ុន្តែក៏បែងចែកពេលវេលាច្បាស់លាស់ជាមួយកូនប្រុសស្រីទាំង២ និងស្វាមី ដែលធ្វើអោយជីវិតស្នេហាអត់មានស្ថានភាពចម្រូងចម្រាស់នឹងគ្នាទាល់តែសោះ។
អ្នកនាង ង៉ែត សុវណ្ណលីតា បញ្ជាក់ថា តាមតែមុខជំនួញស្វាមីរីកចម្រើនរាល់ថ្ងៃ អ្នកនាងមិនអាចបន្តទទួលសម្ដែងបានទេ ប៉ុន្តែបណ្ដាលមកពីស្រឡាញ់ទើបប្ដីក៏មិនដែលជំទាស់ ហើយថែមទាំងអនុញ្ញាតិអោយអ្នកនាងយកកូនស្រីមកសម្ដែងជាមួយផង។
អ្នកនាងប្រកាសថាបើទោះជាមានជីវិតជោគជ័យខាងមុខជំនួញ និងស្នេហា តែការសម្ដែងអត់ចោលនោះទេ ដរាបណាទីផ្សារហៅសម្ដែងនៅតែបន្តស្វាគមន៍ ខណៈដែលអ្នកនាងក៏មិនមែនជាតារាប្រកាន់តួធំឬតូច៕
https://youtu.be/JhJutho6p8A
មតិយោបល់