កាលពីយប់ថ្ងៃទី១៤ មីនា តារាចម្រៀងប្រចាំផលិតកម្មថោន កញ្ញា រ៉ាប៊ី បានចេញទៅសម្ដែងក្រៅប្រទេសជាលើកដំបូងក្នុងជីវិតរបស់ខ្លួន ដោយនាងត្រូវចេញទៅកាន់ប្រទេសអាមេរិករហូតដល់២ខែតែម្ដង។ នាងត្រូវបានធានាចេញដោយអង្គការខ្មែរមួយប្រចាំនៅក្នុងប្រទេសអាមេរិក គឺអង្គការសារមន្ទីរមរតកជាតិខ្មែរ ការសម្ដែងរបស់នាងក៏ដើម្បីស្វែងរកមូលនិធិជួយជាប្រយោជន៍សម្រាប់សង្គមផងដែរ។
នៅទីបំផុតម្ចាស់បទ«មាន់ស្រែ»មិនទាន់បង្ហាញខ្លួនក្នុងការប្រូម៉ូតបទចម្រៀងរបស់ខ្លួននៅអំឡុងបុណ្យចូលឆ្នាំខ្មែរ ប្រកួតប្រជែងជាមួយតារាចម្រៀងដែលមានបទចម្រៀងបែកស្លុយក្នុងស្រុកនោះទេ ដោយសារតែនាងត្រូវចេញទៅសម្ដែងនៅលើទឹកដីសហរដ្ឋអាមេរិក ដោយនាងបានចេញដំណើរកាលពីរាត្រីយប់មិញ ដោយទៅចុះចតនៅក្នុងប្រទេសកូរ៉េនៅព្រឹកថ្ងៃទី១៥ មីនា នេះ ទើបបន្តដូរជើងទៅកាន់សហរដ្ឋអាមេរិកបន្តទៀត។ នាងចេញសម្ដែងទីនោះរយៈពេល២ខែ ដោយគ្រោងចេញសម្ដែងតែឯង ជាមួយតារាចម្រៀងដែលស្ថិតនៅលើទឹកដីអាមេរិកជាច្រើនរូបទៀត ដើម្បីបើកការប្រគំតន្ត្រីធ្វើអោយបងប្អូនខ្មែរនៅសហរដ្ឋអាមេរិកសប្បាយៗ។
នាងនឹងវិលត្រឡប់វិញ នៅពាក់កណ្ដាលខែ៥ តែក៏ប្រហែលជាបានសម្ដែងជាមួយលោកប៊ុត សីហា ដែលខកការចេញដំណើរព្រោះតែទូតអាមេរិកបិទវីសាមិនអោយចេញ ព្រោះតែមានរឿងអាស្រូវថាបានពាក់ព័ន្ធគ្រឿងញៀននោះផងដែរ។ លោក សុខលីម រក្សា តំណាងអង្គការសារមន្ទីរមរតកជាតិខ្មែរ(IKAER) ដែលជាអ្នកធានាចេញ បានអះអាងថា កញ្ញា រ៉ាប៊ី ដ្បិតថាមិនធ្លាប់ចេញសម្ដែងនៅក្រៅប្រទេសប៉ុន្តែកញ្ញាមិនមានភាពចម្រូងចម្រាស់ក្នុងការរត់ច្បាប់នោះទេ ដោយសារតែអង្គការមួយនេះ មានក្រេឌីតច្រើនមកហើយជុំវិញករណីធានាយកតារាទៅសម្ដែងនៅលើទឹកដីអាមេរិក ហើយមិនដែលកើតមានបញ្ហា។ កញ្ញារ៉ាប៊ី នឹងគម្រោងសម្ដែងច្រើនរដ្ឋ ហើយបើនាងទទួលបានការគាំទ្រ នោះនឹងមានគម្រោងធានាយកនាងអោយទៅសម្ដែងលើកក្រោយៗបន្តទៀត ប៉ុន្តែសម្រាប់គម្រោងជាលើកទី១នេះ គឺមិនតទិដ្ឋាការនោះទេ ដោយសារតែមានតារាចម្រៀងបន្តបន្ទាប់ត្រូវចេញទៅសម្ដែងបន្ត។ គម្រោងសម្ដែងនេះ គឺដើម្បីស្វែងរកថវិកាជួយដល់កុមារៗដែលរស់នៅលើគំនរសំរាម និងដើម្បីជួយដល់ស្រ្តីក្រីក្រ ជាពិសេសគឺស្រ្តីម៉េម៉ាយនៅក្នុងប្រទេសកម្ពុជា។
លោករំពឹងថាវត្តមានកញ្ញា រ៉ាប៊ី នឹងធ្វើអោយគម្រោងច្រៀងរ៉ៃអង្គាសថវិការបស់អង្គការនៅទីនោះទទួលបានជោគជ័យ ដោយសារតែនាងគឺជាតារាចម្រៀងវ័យក្មេង តែក៏មានសមត្ថភាពអាចច្រៀងបទញាក់ និងបទប្រពៃណីបានល្អ៕
មតិយោបល់