រុស្ស៊ីៈ នាយករដ្ឋមន្ត្រីអង់គ្លេស លោកស្រី Theresa May បានប្រកាសបណ្តេញមន្ត្រីការទូតរុស្ស៊ីច្រើនបំផុតចេញពីប្រទេស ទាក់ទងនឹងរឿងវាយប្រហារលើអតីតចារកម្ម និងកូនស្រីរបស់លោក ខណៈដែលរដ្ឋាភិបាលទីក្រុងម៉ូស្គូ បានប្រកាសថ្កោលទោស ចំពោះការអះអាងរបស់នាយករដ្ឋមន្រ្តីអង់គ្លេសរូបនេះថា មិនសមហេតុផលទល់តែសោះ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨។
ស្ថានទូតរុស្ស៊ីប្រចាំនៅទីក្រុងឡុងដ៍ បានហៅការបណ្ដេញមន្ត្រីការទូតរុស្ស៊ី ២៣រូប ដែលបានប្រកាសដោយលោកស្រី May ពាក់ព័ន្ធនឹងរឿងបំពុលសម្លាប់ទៅលើអតីតមន្ត្រីស៊ើបការណ៍សម្ងាត់ គឺលោក Sergei Skripal និងកូនស្រីថា «ជារឿងមិនអាចទទួលយកបានទ្បើយ ហើយគ្មានមូលដ្ឋានទាល់តែសោះ»។
លោកស្រី May បានចោទប្រកាន់រុស្ស៊ី ពីបទប្រើប្រាស់កម្លាំងប្រឆាំងប្រទេសខ្លួន ដោយខុសច្បាប់ ហើយថាឧក្រិដ្ឋកម្មនេះ ជាការឈ្លានពានរបស់រុស្ស៊ី ក្នុងបណ្ដាលប្រទេសនៅអឺរ៉ុប ដែលទង្វើនេះ គឺជាការចំអក ក៏ដូចជាមើលងាយ និងគឃ្លើនចំពោះរដ្ឋាភិបាលទីក្រុងឡុងដ៍។
សូមជំរាបថា មន្ត្រីការទូតរុស្ស៊ីចំនួន ២៣នាក់ប្រចាំនៅទីក្រុងឡុងដ៍ នឹងត្រូវបណ្តេញចេញពីប្រទេសអង់គ្លេស ក្នុងរយៈពេលមួយសប្តាហ៍៕
មតិយោបល់