នៅក្នុងពិធីសម្ពោធភាពយន្តរឿង «រថយន្តទៅសៀមរាប» កាលពីថ្ងៃទី១៦ មីនា នៅផ្សារទំនើបសុវណ្ណា លោកស៊ឹម សុរ៉ាមភូមិ ផលិតរឿងរឿង «រថយន្តទៅសៀមរាប» បានអះអាងថាភាពយន្តមួយនេះ លោកមិនគ្រាន់តែផលិតឡើងដើម្បីរំលេចជាស្នាដៃ និងដើម្បីអោយបានសើចសប្បាយប៉ុណ្ណោះទេ ប៉ុន្តែខ្លឹមសារសំខាន់ក៏ដើម្បីបង្ហាញសក្កានុពលរបស់ខេត្តសៀមរាបអោយមជ្ឈដ្ឋានមហាជន កាន់តែមានការចាប់អារម្មណ៍ផងដែរ។ លោកថាភាពយន្តនេះដ្បិតតែមើលទៅចំណងជើងហើយឃើញតែមួយជ្រុង ប៉ុន្តែធាតុពិតខ្លឹមសារ និងគុណភាពរបស់រឿង ត្រូវបានសម្រឹងសម្រាំងច្រើនណាស់ ដើម្បីជាប្រយោជន៍ក្រៅពីក្នុងបំណងប្រកួតប្រជែង។
លោកស៊ឹម សុរ៉ាមភូមិ បញ្ជាក់ថា លោកមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំង ដែលបានបញ្ចេញសាច់រឿងជាស្នាដៃរបស់ខ្លួនទាំងការផលិត និងដឹកនាំសម្ដែង បន្ទាប់ពីលោកសម្រេចចិត្តធ្វើជាផលិតករអោយផលិតកម្មចក្រវាឡពេជ្រភាពយន្ត។ លោកថាមួយរឿងនេះលោកស្រីថុង ស៊ីទៀង បានផ្ដល់ឱកាសអោយលោកបញ្ចេញថ្វីដៃ ហើយលោកក៏បានចំណាយពេលច្រើនទាំងការនិពន្ធ និងផលិតសាច់រឿងទាំងមូលផងដែរ ដើម្បីធ្វើអោយស្នាដៃដំបូងរបស់ខ្លួនមានគុណភាពគ្រប់គ្រាន់។ មួយរឿងនេះលោកថាពោរពេញដោយសំណើច ប៉ុន្តែបន្ថែមពីលើភាពរីករាយ ក៏បានបង្កប់នូវគំនិតអប់រំ និងសារខ្លឹមៗជាច្រើនផងដែរ ជាពិសេសគឺសីល្បៈក្នុងពេលរត់ឡាន ក្នុងពេលធ្វើដំណើរដោយរថយន្តឈ្នួល និងការអធ្យាស្រ័យគ្នា ដែលគួរកើតឡើងក្នុងនាមជាអ្នករួមដំណើរ។ ក្នុងនោះការបង្ហាញអោយឃើញពីតួនាទីរបស់អ្នករត់ឡាន និងការចាប់ម៉ូយដាក់ឡាន ក៏ត្រូវបានរំលេចដើម្បីអោយឃើញជាគំរូផងដែរ។ យ៉ាងណាក៏ដោយ លោកថាខ្លឹមសារសំខាន់របស់រឿងគឺបង្ហាញពីសក្ដានុពលសំខាន់ៗក្នុងខេត្តសៀមរាប ដែលលោកបញ្ជាក់ស្ទើរមិនមានចំណុចសំខាន់ណាមួយដែលខេត្តនេះមានហើយមិនត្រូវបានរំលេចនៅក្នុងផ្ទៃរឿងនោះទេ ជាពិសេសក្រៅពីសំណង់ប្រសាទ ក៏បានបង្ហាញនូវសក្ដានុពលជាច្រើនទៀត ដែលលោកចង់អោយដឹងថាខេត្តសៀមរាបគឺមានចំណុចពិសេសច្រើន។
លោកថាភាពយន្តនៅក្រៅប្រទេសរមែង បង្ហាញអោយឃើញពីការរីកចំរើននៅក្នុងតំបន់នីមួយៗ អ៉ីចឹងហើយទើបលោកក៏បានរំលេចពីសក្កានុពលរបស់ខេត្តសៀមរាបដូចគ្នា ដើម្បីអោយអ្នកទស្សនាមើលឃើញកាន់តែច្បាស់។ យ៉ាងណាមិញ លោកថាភាពយន្តមួយនេះអាចទទួលជោគជ័យទៅបាន លុះត្រាតែមានការគាំទ្រខ្លាំងពីអ្នកទស្សនិកជន ទើបលោកប្រកាសថាមានតែការចូលរួមប៉ុណ្ណោះ ដើម្បីផ្ដល់ជាកម្លាំងចិត្តអោយមានកាន់តែខ្លាំងក្នុងការបញ្ចេញស្នាដៃ។
នៅក្នុងពិធីនេះគេឃើញមានវត្តមានតារាសម្ដែងកុះករចូលរួម ខណៈដែលភាពយន្តតាំងមូលត្រូវបានប្រកាសដាក់បញ្ចាំងហើយចាប់តាំងពីថ្ងៃបើកសម្ពោធទាំងស្រុងនៅគ្រប់រោងទំនើប៕
https://youtu.be/gxqRs0mqCAQ
មតិយោបល់