នៅក្នុងពិធីសម្ពោធរឿង«អន្ទងវិញ្ញាណ»របស់ផលិតកម្មWonderfilm Cambodia កាលពីថ្ងៃទី២២ មករា តារាសម្ដែងលោក រុន ណាកូ និងកញ្ញា ទេព មុន្នីរក្សា សុទ្ធតែធ្វើក្រឡេកភ្នែកមើល ដោយសារតែអ្នកទាំងពីរកៀកកិតគ្នាខ្លាំង ស្របគ្នាដែលលោករុន ណាកូ បានសារភាពនៅចំពោះមុខបណ្ដាញសារព័ត៌មានថាខ្លួនពិតជាបែកបាក់គូដណ្ដឹង។ យ៉ាងណាមិញ លោកថាកញ្ញា មុន្នីរក្សា មិនមែនជាជនទី៣ដូចការយល់ច្រលំនោះទេ ដោយសារតែលោក និងគូដណ្ដឹងគឺបានសម្រេចចិត្តបែកគ្នា ដោយសារតែលោកបង្ហោះសម្ដីលែងសើចមួយធ្វើអោយគូដណ្ដឹងប៉ះអារម្មណ៍ ហើយលទ្ធផលចុងក្រោយក៏ពិបាកផ្សះផ្សារ។
លោក រុណ ណាកូ និយាយថាក្នុងរយៈពេលនេះលោកលែងជាបុរសដែលមានស្នេហា និងមានគូដណ្ដឹងដូចមុនទៀតហើយ បន្ទាប់ពីលទ្ធផលចុងក្រោយគឺលោក និងគូដណ្ដឹងបានសម្រេចចិត្តបែកគ្នាដោយសន្តិវិធី ស្របគ្នាដែលលោកប្រឹងប្រែងសម្របសម្រួល តែគូដណ្ដឹងរបស់លោកហាក់មិនចង់ចាំលោកដែលនៅមិនទាន់លំនឹងក្នុងជីវិតនៅក្នុងពេលនេះ។ លោកថាខ្លួននៅតែចង់បន្តទំនាក់ទំនងជាមួយគូដណ្ដឹង និងចង់កសាងអនាគតមួយជាមួយនាងនៅពេលដែលខ្លួនរៀនពេទ្យធ្មេញចប់ ប៉ុន្តែទំនងជាស្ថានភាពផ្លូវចិត្តគូដណ្ដឹងមិនទុកចិត្តលោករឿងលោកហក់ចូលសិល្បៈ ស្របគ្នាដែលកាលពីប៉ុន្មានសប្ដាហ៍មុនលោកក៏ផុសពាក្យពេចន៍លែងសើចធ្វើអោយគូស្នេហ៍យល់ច្រលំ ទើបបណ្ដាលអោយមានរឿងតែម្ដង។
លោកថាមកទល់ពេលនេះគ្រួសារទាំងសងខាងបានឯកភាពតាមចិត្តគូដណ្ដឹងរបស់លោក ដោយសម្រចចិត្តផ្ដាច់ពាក្យដែលបានចែចូវកន្លងមក ខណៈដែលបង្ហើបប្រាប់ថាបើគូដណ្ដឹងរបស់លោកសម្រេចចិត្តផ្សះផ្សារនោះលោកនឹងពិចារណា។ លោកថាហេតុផលរឿងរ៉ាវគឺសុទ្ធតែជារឿងយល់ច្រលំទាំងអស់ ទើបលោកនៅតែប្រកាន់ជំហរមិនទាន់ដាច់ចិត្ត ប្រសិនបើគូដណ្ដឹងរបស់លោកចង់ត្រលប់វិញ។ យ៉ាងណាមិញលោកថាចម្រូងចម្រាស់ដែលបានកើតជាមួយគូដណ្ដឹង មិនមែនដោយសារកញ្ញា ទេព មុន្នីរក្សា នោះទេដោយសារតែក្នុងពេលស្និទ្ធស្នាលក្នុងសកម្មភាពថតស្ពតមួយ លោកបានពន្យល់ប្រាប់គូដណ្ដឹងរួចហើយថានោះគឺជាសកម្មភាពសិល្បៈ។
លោក រុន ណាកូ បន្តថា លោកសម្រេចចិត្តស្និទ្ធស្នាលជាមួយកញ្ញា ទេព មុន្នីរក្សា មិនមែនដើម្បីឌឺដងគូដណ្ដឹងដែលសុំលោកបែកនោះទេ ប៉ុន្តែគឺបណ្ដាលមកពីកញ្ញា ទេព មុន្នីរក្សា និងលោកចាក់ទឹកមិនលិចតាំងពីលោក និងគូដណ្ដឹងនៅមិនទាន់មានទំនាស់ ហើយទំនាក់ទំនងចុងក្រោយមិនខុសពីបងប្រុស និងប្អូនស្រី ទើបអោយតែបានជួបគ្នាគឺធ្វើអោយគេយល់ច្រលំថាជាគូស្នេហ៍។ យ៉ាងណាមិញលោកថាប្រសិនបើថ្ងៃក្រោយ រវាងលោក និងទេព មុន្នីរក្សា ប្រែក្លាយជាគូស្នេហ៍ក៏មិនមែនជារឿងចម្លែកនោះដែរ ដោយសារតែលោក និងនាង សុទ្ធតែនៅលីវដូចគ្នានៅក្នុងពេលនេះ។
កញ្ញា ទេព មុន្នីរក្សា និយាយថា កាលពីមុនមានដំណឹងថាលោករុន ណាកូ មិនទាន់បែកស្នេហ៍ជាមួយគូដណ្ដឹងនាងគ្រាន់តែហ៊ានស្និទ្ធិស្នាលជាមួយតារាវ័យក្មេងរូបនេះក្នុងនាមសិល្បៈប៉ុណ្ណោះ ប៉ុន្តែនៅពេលដឹងថាលោកបានក្លាយជាមនុស្សលែងមានសម្ពាធគឺធ្វើអោយនាងកាន់តែហ៊ានស្និទ្ធិស្នាលដោយសារតែមានអារម្មណ៍ចូលចិត្ត។ យ៉ាងណាមិញ នាងបានថ្លែងស្រដៀងលោកណាគូថា នៅមិនទាន់ដឹងថាអារម្មណ៍ចូលចិត្តដែលបានកើតឡើងគឺស្នេហា ឬគ្រាន់តែមានអារម្មណ៍ថាស្និទ្ធស្នាលជាមួយលោក រុន ណាកូ ហាក់ធ្វើអោយនាងសប្បាយចិត្តតែប៉ុណ្ណោះ ក្នុងពេលដែលនាងក៏គ្មានបុរសណាម្នាក់ជាកំណាន់ចិត្តដែលធ្វើអោយនាងមានសម្ពាធស្មុគស្មាញនោះផង៕
មតិយោបល់