នៅថ្ងៃទី២៥ មេសានេះ ក្រសួងវប្បធម៌បានសម្រេចបិទសកម្មភាពទាំងស្រុងក្នុងវិស័យសិល្បៈពាក់ព័ន្ធនឹងតារាសម្ដែងនាង ដេនី ក្វាន់ ពេញរយៈពេល១ឆ្នាំ។ យ៉ាងណាក៏ដោយ ខ្សែភាពយន្តរឿង«ផ្ទះចិញ្ចឹមខ្មោច»ដែលនាងសម្ដែងតួឯកលើកដំបូង នៅតែត្រូវបានអនុញ្ញាតិអោយដាក់បញ្ចាំងនៅតាមរោងភាន្តយន្តក្នុងពេលដ៏ខ្លីដោយគ្មានការជំទាស់ដដែល បើទោះជាការដាក់បញ្ចាំងរឿងរបស់នាង ត្រូវគេមើលឃើញថាចេញបញ្ចាំងស្របគ្នានឹងការដាក់វិធានការក្ដៅដែលទើបនឹងចេញដាវអាជ្ញាសិកក្ដៅៗ។
លោកសុះ ម៉ាច ប្រធានសមាគមសិល្បករខ្មែរ បានថ្លែងប្រាប់ថារយៈពេលមួយឆ្នាំដែលបិទសកម្មភាពរបស់ដេនី ក្វាន់នោះ គឺគិតត្រឹមតែសកម្មភាពសម្ដែង និងច្រៀងរបស់នាងក្រោយពីចេញសេចក្ដីប្រកាសរបស់ក្រសួងវប្បធម៌ប៉ុណ្ណោះ ចំណែកស្នាដៃដែលនាងបានថតកាលពីមុន គឺអាចបន្តដំណើរការចរាចរជាធម្មតា។ លោកថាការអោយបញ្ចាំងរឿង ឬបញ្ចេញស្នាដៃរបស់ដេនី ក្វាន់ ក្រោយចេញសេចក្ដីប្រកាស គឺមិនខុសពីខោកចំណាត់ការរបស់ក្រសួងវប្បធម៌ ប៉ុន្តែបើឈានដល់បិទស្នាដៃទាំងនោះគឺប៉ះពាល់ដល់ផលិតកម្ម ទើបកិច្ចប្រជុំធ្វើការលើកលែង។ លោកថាក្រសួងកំណត់ត្រឹមថាបទចម្រៀង ឬកម្មវិធី ឬ ភាពយន្តទាំងឡាយណាដែលមានសកម្មភាពទទួលយកនាងទៅថត ទៅធ្វើសកម្មភាពចាប់ពីថ្ងៃជូនដំណឹងរហូតដល់មួយឆ្នាំទៅមុខប៉ុណ្ណោះ ដែលមិនអនុញ្ញាតិអោយមានតួរបស់ដេនី ក្វាន់ ប៉ុន្តែបើមុននោះគឺមិនមានបញ្ហា។ លោកថាបណ្ដាផលិតកម្មទាំងឡាយដែលចេញថតក្នុងរយៈពេលហាមប្រាម អោយតែមានរូបដេនី ក្វាន់ គឺត្រូវបិទចោលមិនចេញសិទ្ធិអោយផ្សាយតែម្ដង មិនថាចរាចរណ៍តាមរោង ឬតាមកញ្ចក់ទូរទស្សន៍។
ចំពោះករណីនេះ កញ្ញា ដេនី ក្វាន់ មិនមានប្រតិកម្មនោះទេ ដោយនាងធ្លាប់ប្រកាសប្រាប់ថាខ្លួននាងទទួលយកចំណាត់ការ ប៉ុន្តែបើអោយនាងឈប់ស៊ិចស៊ី គឺឈប់មិនបាន១០០ភាគរយនោះឡើយ។ យ៉ាងណាមិញ គេប៉ាន់ស្មានដឹងថានាងពិតជាសប្បាយចិត្ត ដោយសារតែស្នាដៃភាពយន្តលើកដំបូងរបស់នាងក្រោមចំណងជើងថា«ផ្ទះចិញ្ចឹមខ្មោច!»ដែលគ្រោងចេញបញ្ចាំងនៅខែ៥ខាងមុខ ត្រូវបានអនុញ្ញាតិអោយបញ្ចាំងតាមការគ្រោងទុក៕
មតិយោបល់