កាលពីព្រឹកថ្ងៃទី១៨ មីនា លោក យឹម សុសត្យា ហៅលីម៉េង តំណាងជាន់ខ្ពស់ផលិតកម្មរ៉ក់ បានចាកចេញពីប្រទេសកម្ពុជា ដើម្បីនាំយកភាពយន្តតំណាងប្រទេសកម្ពុជាចំនួន២ គឺរឿង «ហេតុអ្វី ឬ Why» និងរឿង«សិស្សប្អូនសំណព្វចិត្ត» ទៅកាន់មហោស្រពភាពយន្តអន្តរជាតិ នៅក្នុងទីក្រុងហុងកុង។ នេះជាលើកទី២ ដែលផលិតកម្មរ៉ក់ បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ដោយកាលពីឆ្នាំ២០១៦ បានត្រឹមតែយកPoster ២រឿងយកទៅតាំងបង្ហាញនៅទីនោះ។
លោក លីម ម៉េង និយាយថា ដំណើរទៅកាន់ព្រឹត្តិការណ៍ Hongkong Film Mart Festival ឆ្នាំនេះ ផលិតកម្មរ៉ក់ ទទួលបានសិទ្ធិតែមួយគត់ប្រចាំនៅកម្ពុជា ដោយត្រូវនាំភាពយន្តចំនួន២ខាងលើ យកទៅដាក់បញ្ចាំងនៅក្នុងកម្មវិធីតែម្ដង ដោយមិនមែនគ្រាន់តែតាំងពិព័រណ៍ក្នុងស្ដង់នោះទេ។ លោកថាលើកមុនផលិតកម្មគ្រាន់តែបង្ហាញខ្លួនជាភ្ញៀវកិត្តិយសប៉ុណ្ណោះ ប៉ុន្តែលើកនេះ គឺយករឿងទៅបញ្ចាំងនៅលើអេក្រង់ដូចគ្នានឹងបណ្ដាប្រទេសដែលចូលរួមផ្សេងទៀតតែម្ដង ដោយលោកប្រកាសថា នៅក្នុងប្រទេសកម្ពុជា មានតែភាពយន្តទាំង២របស់លោកប៉ុណ្ណោះ ដែលបានដាក់បញ្ចាំង។ លោកថាព្រឹត្តិការណ៍នេះ មានការចូលរួមពីសំណាក់ច្រើនប្រទេស ប៉ុន្តែសម្រាប់កម្ពុជា ទើបតែត្រូវបានអញ្ជើញអោយចូលរួមចំនួន២លើករាប់បញ្ចូលទាំងលើកនេះ។ លោករំពឹងយ៉ាងខ្លាំងថា ភាពយន្តតំណាងអោយប្រទេសកម្ពុជា នឹងធ្វើអោយអន្តរជាតិចាប់អារម្មណ៍លើឧស្សាហកម្មភាពយន្តនៅកម្ពុជា ខណៈដែលកម្ពុជា ក៏មានផលិតករបរទេសជាច្រើនរួចមកហើយ នៅកម្ពុជា៕
https://youtu.be/PIF5KuZb3OU
មតិយោបល់