ព័ត៌មានសិល្បៈ និងកម្សាន្ត

ដៀលម៉ៃ សុគន្ធ មួយប្រទេស តែត្រង់ចំណុចបែកស្លុយនេះ ម៉ៃ សុគន្ធ និយាយត្រូវ

គ្មានអ្នកណាមិនដឹងនោះទេ ថាតារាចម្រៀងលោក ម៉ៃ សុគន្ធ ត្រូវបានគេផ្ដល់រហស្សនាមអោយថា កំពូលតារាទើសគ្មាន២ប្រចាំនៅកម្ពុជា ដោយសារតែលោកមានទម្លាប់រិះគន់ផ្កាប់មុខស្ទើរគ្រប់រឿង ពោលគឺអ្វីដែលលោកទើសភ្នែក គឺលោកមិនខ្លាចនូវការជេរប្រទេច។ យ៉ាងណាមិញ ក្នុងចំណោមការរិះគន់របស់លោកដែលបានផ្ទុះឡើង គេឃើញលោកនិយាយត្រូវចំចំណុចរសើបនៅក្នុងកាលៈទេសៈដែលតារាភាគច្រើន បានត្រឹមតែចេញមុខសើរៗ ហើយមិននិយាយចំៗដូចលោកនៅក្នុងពេលនេះ។

នៅលើគណនេយ្យហ្វេសប៊ុក លោកម៉ៃ សុគន្ធ បានបង្ហោះថា«មើលកំពូលតារាចម្រៀងឡាវ និងខ្មែរទៅ សមណាស់ដែលគេស៊ីដាច់យកបទ«រាំវង់»មួយទៅដាក់អង្គការយូនីស្កូជាបេតិកភណ្ឌពិភពលោក…ឯឯងវិញមួយឆ្នាំៗនាំគ្នាចេញតែបទបែកស្លុយ ស្លៀកខោរយះខោរហែក នេះហើយជាគំរូដ៏មហាសែនល្អដល់យុវវ័យ ហើយកុំខឹងវា ថាមិចបានជាចឹង គឺមកពីកំពូលតារាហ្នឹងហើយនាំ (ឡាវរាំទន់ភ្លន់ណាស់ តែមិនមែនល្ងង់ទេណា) ហាហាក្បាច់ក្ងោកបែកស្លុយ!»។ អមដោយការបង្ហោះលោកបានបង្ហោះបទចម្រៀងជាលក្ខណៈប្រពៃណីរបស់ប្រទេសឡាវដែលគេតែងសម្រុកបញ្ចេញយ៉ាងពេញនិយមនៅក្នុងប្រទេសរបស់គេ នៅក្នុងអំឡុងពេលចូលឆ្នាំ ដែលផ្ទុយពីនៅកម្ពុជាគឺសម្រុកប្រជែងគ្នាតែបទបែកស្លុយ។ អមដោយការបង្ហោះនោះ លោកក៏បង្ហោះបទចម្រៀងរបស់លោក ខេមរៈ សិរីមន្ត ដោយលោកចោទថាបទចម្រៀងបែកស្លុយ ដែលផ្ដល់គំរូមិនដល់យុវវ័យ នៅក្នុងកាលៈទេសៈដែលខ្មែរកំពុង់ប្រឈមនឹងបាត់បង់ចង្វាក់រាំវង់ ព្រោះតែយុវវ័យត្រូវបានបង្វក់ស្ទើរអស់មួយប្រទេស ដោយបទចម្រៀងបែកស្លុយនោះផងដែរ។ យ៉ាងណាមិញ លោកថាខ្លួនមិនសំដៅតែលោកខេមរៈ សិរីមន្ត នោះទេ គឺចង់សំដៅគ្រប់តារាចម្រៀង និងផលិតកម្មដែលបញ្ចេញបទចម្រៀងបែកស្លុយតែម្ដង។

ឆ្លើយឆ្លងជាមួយPostnews លោកម៉ៃ សុគន្ធ បាននិយាយថា លោកមិនរិះគន់ចំពោះតែតារាណាម្នាក់នោះទេ ប៉ុន្តែគឺលោកចង់ដៅទៅលើតារាចម្រៀងគ្រប់គ្នា និងផលិតកម្មតែម្ដង ដែលបន្តបង្វក់យុវវ័យអោយលែងចង់ស្ដាប់បទបែបប្រពៃណី ដោយលោកនិយាយថាតើអោយអ្នកណាចង់ស្ដាប់បទរាំវង់ បើម្នាក់ៗព្រួតគ្នាបញ្ចេញតែបទចម្រៀងបែកស្លុយ ដោយមានទាំងក្បាច់ក្ងោកបែកស្លុយ ក្បាច់មាន់បែកស្លុយ និងក្បាច់នេះក្បាច់នោះបែកស្លុយស្ទើរមិនសល់តារាចម្រៀងម្នាក់យ៉ាងនេះ។ លោកថាខ្លួនមិនមែនជាតារាចម្រៀងប្រពៃណីទេ ប៉ុន្តែក្រោយពីដឹងថាឡាវគ្រោងដាក់ចង្វាក់រាំវង់ជាបេតិកភណ្ឌពិភពលោក ហើយកំពូលតារាចម្រៀងល្បីៗនៅក្នុងប្រទេសកម្ពុជា និងផលិតកម្មធំៗនៅតែសម្រុកចេញបទបែកស្លុយ ដោយមិនខ្វល់ពីការបាត់បង់វប្បធម៌ លោកថាគឺជាមិនគួរសោះ។ លោកបានហៅការបញ្ចេញបទចម្រៀងបែកស្លុយ នៅក្នុងកាលៈទេសៈនេះ ថាដើម្បីតែផលប្រយោជន៍សម្រាប់ប្រជាប្រិយភាពរបស់ខ្លួន ហើយបើទោះជាយុវវ័យជំនាន់ក្រោយតែបទបែកស្លុយ លែងស្គាល់ចង្វាក់ប្រពៃណីក៏មិនខ្វល់។

ការលើកឡើងរបស់លោកនៅត្រង់ចំណុចនេះ ត្រូវគេមើលឃើញថាមានចំណុចត្រូវច្រើន ទើបគេឃើញការបង្ហោះរបស់លោកមានការចែកចាយដល់ច្រើនពាន់នាក់ ដែលមិនខុសពីខោកតារាចម្រៀងល្បី ផលិតកម្មធំៗ និងក្រុមអ្នកនិយមបទបែកស្លុយនៅទូទាំងប្រទេសតែម្ដង ដើម្បីពញាក់អារម្មណ៍អោយក្រុមយុវវ័យ ងាកមកស្រឡាញ់ពីចង្វាក់រាំវង់របស់ជាតិឡើងវិញ។ យ៉ាងណាមិញ លោក សុខ រ៉ាសុី ពិធីករល្បីឈ្មោះ បានស្នើមិនអោយហៅចង្វាក់ញាក់ៗដែលពេញនិយមចុងក្រោយថាជាចង្វាក់បែកស្លុយនោះទេ ដោយលោកបញ្ជាក់ក៍ហៅបែបនេះ នឹងនាំអោយមានរើសអើងចង្វាកមួយនេះ និងជាឈ្មោះអាក្រក់ស្ដាប់។ លោកក៍បានប្រកាសថា ជារៀងរាល់ឆ្នាំផលិតកម្ម និងតារាចម្រៀងនានាក៍មានផលិតបទប្រពៃណីផងដែរ ប៉ុន្តែមកពីអ្នកស្ដាប់ចូលចិត្តរសជាតិចង្វាក់ចុងក្រោយ ទើបបទទាំងនោះពេញនិយម៕

https://www.youtube.com/watch?v=2ItXvbutSaY

មតិយោបល់