ព័ត៌មានជាតិ

​ចាប់បានក្រុមឃាតក រហ័សនាមKTS ដែលកាប់យុវជនម្នាក់ស្លាប់ ខណៈដែលជិះម៉ូតូចេញពីបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ!

​កណ្ដាលៈ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ សមត្ថកិច្ចឃាត់ខ្លួនក្រុមជនដៃដល់៦នាក់ ខណៈបក្ខពួក៣នាក់ផ្សេងទៀត កំពុងរត់គេចខ្លួន ហើយសមត្ថកិច្ចក៏កំពុងតាមប្រមាញ់ដូចគ្នា ដែលពាក់ព័ន្ធនឹងករណីឃាតកម្ម កាលពីវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី១៦ មីនា ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ២១ ភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

ជនសង្ស័យទាំង៦នាក់ទី១ឈ្មោះ គាត សំណាង ហៅឡេង អាយុ១៨ឆ្នាំ ជាជនដៃដល់,ទី២ឈ្មោះ ហោ សោភ័ណ្ឌ (ហៅឡុង) អាយុ១៨ឆ្នាំ ជាអ្នកចូលរួម,ទី៣ឈ្មោះ ឌី ឌឿន អាយុ២២ឆ្នាំ,ទី៤ឈ្មោះ បេង តាំងអេង អាយុ២៨ឆ្នាំ,ទី៥ឈ្មោះ វ៉ាន់ សំណាង អាយុ១៩ឆ្នាំ និងទី៦ឈ្មោះ យឹម ឌីណា អាយុ១៨ឆ្នាំ និងបក្ខពួកក្រុមជនដៃដល់៣នាក់ទៀត ដែលកំពុងរត់គេចខ្លួន ទី១ឈ្មោះ សិលា អាយុ១៨ឆ្នាំ,ទី២ឈ្មោះ ជ្រុយ វុទ្ធា (ហៅធា) អាយុ១៨ឆ្នាំ និងទី៣ឈ្មោះ មាន លាងហ៊ី អាយុ១៩ឆ្នាំ។ ក្រុមពួកវាដែលមានរហ័សនាម KTS ដែលជា Group របស់ពួកគេប្រើក្នុង Facebook។

ចំណែកជនរងគ្រោះមានឈ្មោះ ចេក ភាព ភេទប្រុស អាយុ២០ឆ្នាំ ជាកម្មករទឹកកក មានទីលំនៅភូមិក្បាលកោះទៀវ ឃុំសំពៅពូន ស្រុកកោះធំ។

សូមរំលឹកថា នៅមុនពេលកើតហេតុ ជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1DH-2039 ចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមា វត្តកោះទៀវ នៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ហើយជនរងគ្រោះជិះម៉ូតូចេញពីវត្តត្រឡប់ទៅផ្ទះវិញ។ លុះដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ស្រាប់តែមានជនសង្ស័យ មិនស្គាល់មុខ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកញ្ចឹង.ក ពីក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យស្លាប់នៅនិងកន្លែងតែម្ដង។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់