ព័ត៌មានសិល្បៈ និងកម្សាន្ត

និរ័ត្នថោន ដើរចោលស្រុក មុនថ្ងៃចូលឆ្នាំ

កាលពីថ្ងៃទី១៨ មីនា តារាចម្រៀងវ័យក្មេង កញ្ញា ប៊ូ ស្រីរ័ត្ន ហៅនិរត្តន៍ថោន បានបង្ហាញមុខឡើងច្រៀងយ៉ាងរំពើនជាមួយនឹងបទល្បីៗរបស់នាងនៅលើឆាកតន្ត្រីរបស់ប៉ុស្ដិ៍លេខ៥ ក្នុងកម្មវិធី«TV5 Carabao Spark Concert» ដែលជាកម្មវិធីតន្ត្រីផ្សាយផ្ទាល់នៅរាល់ថ្ងៃអាទិត្យចាប់ពីម៉ោង១១ ដល់ម៉ោង១រសៀល។ នៅខាងក្រោយក្នុងកម្មវិធីនោះ កញ្ញាប្រាប់ថា នឹងមិនបាននៅកម្សាន្តក្នុងថ្ងៃចូលឆ្នាំខ្មែរនោះទេ ដោយនាងនឹងដើរចូលស្រុកនៅចុងខែមីនាហើយ។

កញ្ញា និរត្តន៍ និយាយថា កញ្ញានឹងចាកចេញទៅកាន់ប្រទេសអូស្រ្តាលីជាលើកដំបូងនៅថ្ងៃទី២៦ មីនា នេះហើយដើម្បីចេញសម្ដែងជូនដល់បងប្អូនខ្មែររស់នៅទីនោះអោយបានទស្សនា ដោយនាងគម្រោងនឹងយកបទចម្រៀងបែបចង្វាក់ប្រពៃណីខ្មែរជាច្រើនបទយកទៅបង្ហាញនៅក្នុងឱកាសនោះផង។ កញ្ញាគម្រោងចេញសម្ដែងរយៈពេល៧សប្ដាហ៍ ដោយការចេញដំណើរនៅថ្ងៃទី២៦ ខាងមុខនេះ ក៏មានវត្តមានតារាចម្រៀងលោក ម៉ៅ ហាជី ដែលជាតារាចម្រៀងរបស់ផលិតកម្មថោនទៅជាមួយផងដែរ ទើបកញ្ញាមិនសូវភ័យសម្រាប់ដំណើរចេញច្រៀងក្រៅប្រទេសរបស់ខ្លួន។

កញ្ញាថានេះជាគម្រោងចេញច្រៀងដើម្បីសប្បាយៗក្នុងអំឡុងចូលឆ្នាំផង និងដើម្បីស្វែងរកថវិកាជួយដល់ជនក្រីក្រ និងក្មេងកំព្រានៅក្នុងប្រទេសកម្ពុជា ក្រោយការលក់សំបុត្រនោះផង។ នាងមិនច្បាស់ពីការតរយៈពេលសម្ដែងនោះទេ ដោយសារតែនៅស្រុកខ្មែរនាងក៏មានការងារដែលត្រូវច្រៀងរាំនៅក្នុងផលិតកម្មថោនផងដែរ។ យ៉ាងណាមិញ នាងថាមុនចេញដំណើរទៅកាន់ប្រទេសអូស្រ្តាលីនាងនឹងបញ្ចប់ការងារចេញថតMV សម្រាប់បទទាំងឡាយដែលខាងផលិតកម្មថោនតម្រូវរួចហើយ ដើម្បីឲ្យបទដែលនាងត្រូវចេញអាចបន្តទៅបាន។

កញ្ញា និរត្តន៍ ត្រូវបានគេអះអាងថាកំពុងឈានឡើងនៅក្នុងផលិតកម្មថោន ដោយសារតែបទចម្រៀងដែលនាងបានចេញ សុទ្ធតែមានសន្ទុះខ្លាំងក្លានៅក្នុងស្រទាប់មហាជន។ ជាក់ស្ដែងនៅប៉ុស្ដិ៍លេខ៥ ដែលនាងឡើងឆាក នាងមិនត្រូវតែទទួលបានការចាប់អារម្មណ៍នូវការតុបតែងខ្លួនប៉ុណ្ណោះទេ សូម្បីតែស្ទីលរាំរបស់នាងក៏រស់រវើកធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍ផងដែរ។ បទចម្រៀងដែលនាងលើកយកមកស្រាយនៅក្នុងថ្ងៃនោះ សុទ្ធតែជាបទខ្លាំងៗ ដោយបទចម្រៀង«មានក្រគង់ស្លាប់ដូចគ្នា» និងបទ«ប្រុសសម័យឥលូវ» ត្រូវបានគេសរសើរជាងគេពេលដែលនាងបញ្ចេញស្ទីលក្រមិចក្រមើមនាពេលនោះ។ អ៊ីចឹងហើយទើបនាងរំពឹងយ៉ាងខ្លាំងថា នឹងទទួលបានការគាំទ្រលើលប់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនៅលើទឹកដីអូស្រ្តាលីក្នុងពេលខាងមុខ៕

មតិយោបល់