ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិធីករ៣រូប លេចធ្លោខ្លាំងក្នុងព្រឹត្តិការណ៍សង្គម ស្របគ្នាដែលការងារក្រៅសិល្បៈមានសម្ពាធ

នៅក្នុងព្រឹត្តការណ៍សប្បុរសធម៌ធំៗ ដែលបានធ្វើឡើងនាពេលចុងក្រោយ គេកត់សម្គាល់ថា តារា៣រូប បានក្លាយជាតារាដែលលេចមុខមាត់ និងមានការទទួលស្គាល់យ៉ាងខ្លាំង បន្ទាប់ពីបានចេញមុខក្នុងកិច្ចការជួយដល់សង្គមក្នុងការងារសប្បុរសធម៌។ បន្ថែមពីលើការងារសង្គម ដែលធ្វើអោយតារាទាំង៣ មានកិត្តិយស និងទទួលការងារសរសើរពីស្រទាប់មហាជន តារាទាំង៣ក៏ត្រូវគេដឹងថា មានការងារឯកជន ដែលធ្វើអោយអ្នកទាំង៣ជាប់ឃ្លេពិបាក ទទួលការងារសិល្បៈដូចអំឡុងពេលមុននោះផងដែរ។

កញ្ញាប៉ុបពី៖ ប្រមាណជាកន្លះឆ្នាំមុន កញ្ញាលេចធ្លោមិនគួរអោយជឿ នៅក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំៗ ជាពិសេសសកម្មភាពរ៉ៃអង្គាសរបស់សិស្សិត ដែលបានធ្វើឡើង នៅតាមសាកលវិទ្យាល័យ និងតាមគ្រឹះស្ថានរបស់រដ្ឋនានា។ កញ្ញាត្រូវបាន «គ្រួសារតារាកម្ពុជា» ជ្រើសជាពិធីការិនីស្ទើរតែគ្រប់កម្មវិធីធំៗ ដែលបានធ្វើឡើង ទើបគេឃើញតារាស្រីរូបនេះ លេចធ្លោមិនធម្មតា ស្របគ្នាដែលនាងក៏ជាតារា ដែលមានវោហាស័ព្ទ និងភាពកំប្លុកកំប្លែងធ្វើអោយព្រឹត្តិការណ៍ ដែលនាងបង្ហាញខ្លួនផ្ទុះសំណើច ហើយមានការគាំទ្រគគ្រឹកគគ្រេង។ កញ្ញាគឺជាភេទទី៣ ដែលបានវះកាត់កែភេទក្លាយជានារី១០០ភាគរយ ហើយក្នុងចំណោមតារាភេទទី៣ នាងក៏នៅរក្សាកេរ្តិ៍ឈ្មោះ បានខ្ពស់ជាងគេនៅក្នុងពិភពសិល្បៈមកទល់នឹងពេលនេះផងដែរ បើទោះជានាងប្រកែក មិនសូវទទួលយកការងារសិល្បៈ ខ្លាំងក្លាដូចមុន។

កញ្ញាគឺជាជាងផាត់មុខយ៉ាងជំនាញប្រចាំនៅក្នុងសម្អាងការធំមួយ ហើយបើនិយាយពីការងារចេញផ្នួសរបស់នាងវិញ គឺស្ទើរតែគ្មានពេលសម្រាកនោះឡើយ ខណៈដែលតម្លៃចេញផាត់មុខអោយកូនក្រមុំរបស់នាង ក៏មានតម្លៃកប់ព្រោះតែថ្វីដៃខ្ពស់។ ប៉ុបពីនិយាយថា នាងមិនសូវទទួលការងារសិល្បៈ ដែលប៉ះពាល់ជាមួយនឹងការងារចេញផ្នួងនោះទេ ដោយសារតែនាងចេញផ្នួងមួយរោង គឺបានថ្លៃខ្ពស់ជាងទទួលធ្វើពិធីការិនី ឬសម្ដែងមួយថ្ងៃដូចគ្នា។ នាងទទួលតែការងារសប្បុរសធម៌ប៉ុណ្ណោះ ទើបគេឃើញនាងនៅតែលេចមុខនាពេលចុងក្រោយ ក្នុងសកម្មភាពសង្គម ជាពិសេសគឺការប្រគំតន្ត្រី ដែលបានធ្វើឡើងនៅក្នុងសាកលវិទ្យាល័យ ដែលរៀបចំដោយគ្រួសារតារាកម្ពុជា។

លោក ហាក់ ធៀមុនី៖ ថ្វីដ្បិតតែលោកគឺជាពិធីករលេចធ្លោរបស់ប៉ុស្ដិ៍លេខ៥កាលពីមុន និងជាតួសម្ដែងយូរឆ្នាំមកហើយ តែមនុស្សតិចណាស់ បានកត់សម្គាល់ពីសកម្មភាពរបស់លោក មុនពេលដែលលោកទទួលធ្វើពិធីករ និងបង្ហាញភាពកំប្លុកកំប្លែងនៅក្នុងកម្មវិធីសប្បុរសធម៌។ ក្រៅពីការងារសិល្បៈ លោកជាបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនកាហ្វេអាម៉ាហ្សូន មាននាទីបណ្ដុះជំនាញដែលចង់បើកជំនួញបើកហាងAmazon និងចុះមើលស្ដង់ដាររបស់បណ្ដាហាងមួយនេះ ក្រោយទទួលសិទ្ធិបើកហាងកាហ្វេអាម៉ាហ្សូន នៅកម្ពុជា។ ការងារឯកជននេះ បានធ្វើអោយលោកនៅទទួលការងារសិល្បៈ តែការងារដឹកនាំសម្ដែង និងថតភាពយន្តរបស់ផលិតករ ដែលមានទំនាក់ទំនងស្និទ្ធមួយចំនួនតែប៉ុណ្ណោះ ទើបធ្វើអោយសកម្មភាពសិល្បៈ របស់លោកមិនសូវមានអ្នកកត់សម្គាល់។ ប៉ុន្តែលោកបានក្លាយជាពិធីករលេចធ្លោរសម្រាប់កម្មវិធីសប្បុរសធម៌ បន្ទាប់ពីត្រូវបានជ្រើស ជាពិធីករក្នុងព្រឹត្តិការណ៍សប្បុរសធម៌ធំមួយ នៅក្នុងប្រទេសថៃកាលពីពេលថ្មី និងក្នុងព្រឹត្តិការណ៍សប្បុរសធម៌ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញកាលពីថ្ងៃទី១៣ មករា របស់គ្រួសារតារាកម្ពុជា។ លោកក៏ត្រៀមទៅសម្ដែង ក្នុងកម្មវិធីសប្បុរសធម៌មួយ នៅក្នុងប្រទេសកូរ៉េ នៅពាក់កណ្ដាលខែកុម្ភៈខាងមុខផងងដែរ។

លោក នីរិទ្ធិ អែនឌ្រូ៖ ពិធីករប្រចាំទូរទស្សន៍ប៉ុស្ដិ៍លេខ៩រូបនេះ ចាប់ផ្ដើមលេចធ្លោមិនធម្មតា ក្រោយពីត្រូវបាន «គ្រួសារតារាកម្ពុជា»ជ្រើសអោយធ្វើជាពិធីករក្នុងកម្មវិធីសប្បុរសធម៌ធំៗ។ ថ្វីដ្បិតតែការងារចូលច្រៀងរបស់លោក នៅក្នុងផលិតកម្មBN មិនមានសកម្មភាព ក៏កេរ្តិ៍ឈ្មោះសិល្បៈរបស់លោកចាប់ផ្ដើមសុះសាយតាមរយៈការងារសង្គមដែលបានលេចមុខ។ លោកជាមន្ត្រីធនាគារ ដែលមានការទទួលខុសត្រូវស្ទើរតែដកឃ្លាមិនរួច ក្រៅពីទទួលធ្វើពិធីករប្រចាំនៅប៉ុស្ដិ៍លេខ៩ តែលោកនៅតែឆ្លៀតលេចមុខ ក្នុងកម្មវិធីសប្បុរសធម៌ធំមួយ ដែលរៀបចំឡើងដោយ«គ្រួសារតារាកម្ពុជា» ទើបធ្វើអោយលោកឈានឡើងទីផ្សារច្រើនឡើងជាពេលចុងក្រោយ ជាពិសេសជាមួយនឹងវោហារស័ព្ទស៊ីសង្វាក់ជាមួយពិធីការិនីកញ្ញា ប៉ុបពី និងពិធីការិនីផ្សេងទៀតនោះ៕

មតិយោបល់