ភ្នំពេញៈ មានការអះអាងថា អ្នកនាងពេជ្រ ច័ន្ទបូរមី នឹងត្រៀមវេចបង្វេចចាកចេញពីវីឡាដ៏ធំស្កឹមស្កៃ ដែលធ្លាប់រស់នៅស្ថិតនៅតំបន់ភ្នំពេញនោះហើយ បើទោះជាវីឡានោះធ្លាប់ផ្ដល់សុភមង្គលឲ្យអ្នកនាង តាំងពីដំណាក់កាលដំបូង និងត្រូវគេដឹងថាជាវីឡាកំសត់កម្រ ដែលប្រើការសាងសង់អស់ប្រមាណ៦០ម៉ឺន ដុល្លារ។ យ៉ាងណាមិញ ហេតុផលដែលនាងត្រូវរើបង្វេចចុះចេញ គឺមិនមែនដោយសារតែខឹងស្វាមី រឿងគេល្បីថាកំពុងបែកចិត្តនោះទេ គឺដោយសារតែវីឡាថ្មីដែលស្វាមីអ្នកនាងបានទិញយូរខែមកហើយ សាងសង់ជិតរួច ហើយក៏ត្រូវដល់ពេលដែលអ្នកនាងត្រូវប្ដូរទ្រនំប៉ុណ្ណោះ។
ប្រភពពីតារាដែលមានទំនាក់ទំនងជិតស្និទ្ធនៅឡើយ ជាមួយអ្នកនាងពេជ្រ ច័ន្ទបូរមីបានអះអាងថា បើទោះអ្នកនាងត្រូវបានទម្លាយថាពិតជាមានរឿងពិបាកចិត្តបន្ទាប់ពីធ្លាយដំណឹងស្នេហារបស់ស្វាមីជាមួយតារាសម្ដែងស្រីម្នាក់ធ្វើឲ្យសម្ព័ន្ធស្នេហ៍ល្អក់កករ ក៏អ្នកនាងនៅតែមានអារម្មណ៍សប្បាយចិត្តនៅឡើយទេ បន្ទាប់ពីអ្នកនាងពេលនេះក៏មានវីឡាថ្មីជិតរួចរាល់ជំនួសឲ្យរឿងមិនសប្បាយចិត្ត។ វីឡាថ្មីដែលបង្ខំឲ្យនាង សម្រេចចិត្តត្រូវរើបង្វេចចេញពីវីឡាចាស់គឺ អ្នកនាង និងស្វាមី បានទិញផ្ដាច់ពីក្រុមហ៊ុនតាំងពីច្រើនខែមុនម្ល៉េះ គឺទិញមុនពេលផ្ទុះឡើងនូវអាស្រូវពាក់ព័ន្ធនឹងរឿងល្បីថាស្វាមីមាននារីក្មេងក្នុងចិត្ត។ ប៉ុន្តែបណ្ដាលមកពី ការសាងសង់ទើបតែជិតរួចរាល់ ទើបអ្នកនាងទើបតែចេញចូលរៀបចំ។ វីឡាថ្មីរបស់អ្នកនាង ស្ថិតក្នុងបុរីប៉េងហួតហួសវិទ្យាល័យច្បារអំពៅ ដោយតម្លៃរបស់វីឡា និងការរៀបចំថ្មី ត្រូវបានគេសន្និដ្ឋានថា មានតម្លៃរហូតដល់ជិតលានដុល្លារឯណោះ ដោយសារតែអ្នកនាងពេជ្រ ច័ន្ទបូរមី និង ស្វាមី បានបន្ថែមដេគ័រ និងគ្រឿងឈើប្រណិតៗ ធ្វើឲ្យមានសោភ័ណ្ឌនៅផ្នែកខាងក្នុង និងខាងក្រៅ។
គេនៅមិនទាន់ដឹងថាអ្នកនាងនឹងធ្វើពិធីឡើងវីឡាថ្មីឬយ៉ាងណានោះទេ ក្នុងពេលដែលអ្នកនាង និងស្វាមី ក៏ហាក់មិនសូវចង់រៀបចំពិធីធំដុំណាមួយ ដែលនាំឲ្យមានការភ្ញាក់ផ្អើលដល់តារាសិល្បៈ។ យ៉ាងណាក៏ដោយ អ្វីដែលគេបានដឹងគឺអ្នកនាងកំពុងរៀបចំរើបង្វេចចាកចេញពីវីឡាចាស់ ក្នុងរង្វង់ប៉ុន្មានសប្ដាហ៍នេះ ដោយសារតែគេឃើញសម្ភារៈក្នុងផ្ទះសំខាន់ៗត្រូវបានដឹកចេញពីផ្ទះដែលអ្នកនាងរស់នៅ។
តារាម្នាក់បានថ្លែងប្រាប់ Postnews ថា អ្នកនាង និងស្វាមី សុខចិត្តមកទិញវីឡាថ្មីនៅបុរីប៉េងហួតច្បារអំពៅ គឺដោយសារតែទីតាំងនោះមានចម្ងាយជិតជាងពីវីឡាចាស់ មកកាន់ក្រសួងមហាផ្ទៃរបស់ស្វាមី និងនៅជិត នាយកដ្ឋានដែលស្វាមីនាងបម្រើការនោះផ្ទាល់តែម្ដង។ ប្រភពដដែលបញ្ជាក់ថា អ្នកនាងពេជ្រ ច័ន្ទបូរីមី មិនចង់ចុះចោលផ្ទះចាស់ទេ ដោយសារតែវីឡានោះជាទីជម្រកកម្សត់កម្រក្រោយពេលអ្នកនាង និងស្វាមី បានគ្នាជាប្ដីប្រពន្ធ ប៉ុន្តែមកពីចង់ជិតកន្លែងធ្វើការស្វាមីទើបអ្នកនាង និងស្វាមីសម្រេចចិត្តរើផ្ទះ។
ជាមួយនឹងកាដូផ្ទះថ្មីនេះហើយដែលអ្នកនាងពេជ្រ ច័ន្ទបូរមី ក៏ត្រូវគេដឹងថា មិនហ៊ានអុកឡុកស្វាមី ក្រោយពីល្បីថាលោក និងតារាសម្ដែងស្រីវ័យក្មេងម្នាក់បានជាប់ជំពាក់គ្នា៕
មតិយោបល់