ភ្នំពេញៈ ក្រោយពីមន្ត្រីយោធាម្នាក់ នៅអង្គភាពភូមិភាគ៣ ត្រូវកងកម្លាំងកងរាជអាវុធហត្ថបញ្ជាការដ្ឋានខេត្តកំពត ចាប់គ្រៀកដៃវាយខ្នោះព័ទ្ធមកក្រោយបានប៉ុន្មានម៉ោង នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ បានធ្វើឲ្យមហាជនមួយចំនួនកើតក្ដីងើងឆ្ងល់ ដោយចោទជាសំណួរ ថាតើបទល្មើសអ្វី បានជាមន្ត្រីយោធារូបនោះ ត្រូវកងកម្លាំងអាវុធហត្ថចាប់វាយខ្នោះ?
ជុំវិញចម្ងល់ខាងលើនេះ Post News បានធ្វើការសម្ភាសន៍ផ្ទាល់ជាមួយមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត លោក កែវ សុផល ដោយលោកឆ្លើយបំភ្លឺថា “ខាងខ្ញុំកំពុងសាកសួរអីសិន… អត់ទាន់ច្បាស់ទាល់តែពួកខ្ញុំបញ្ចប់នីតិវិធីរបស់ខ្ញុំសិន…ក្នុងកំឡុង៤៨ម៉ោង”។ នៅពេល Post News សាកសួរពីមូលហេតុនៃការវាយខ្នោះមន្ត្រីយោធាខាងលើព័ទ្ធដៃមកក្រោយ លោក កែវ សុផល បានបញ្ជាក់ថា ចាំមើលលទ្ធផលសាកសួរជាក់ស្ដែងសិន ហើយប្រាប់ឲ្យ Post News បញ្ជូនតំណាងទៅបញ្ជាការដ្ឋានដោយផ្ទាល់ ដើម្បីយកព័ត៌មាន។ លោកថា “ចាំជាក់ស្ដែង ចាំមកដល់កន្លែងខ្ញុំ… អាចមានតំណាង”។
ស្រដៀងនឹងការអះអាងរបស់មេបញ្ជាការខាងលើ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពត លោក ឯក ឆេងហួត បានបញ្ជាក់ប្រាប់ Post News ផងដែរថា ការអនុវត្តនីតិវិធីរបស់មន្ត្រីអាវុធហត្ថខេត្តកំពតនោះ គឺធ្វើឡើងដោយខ្លាចមន្ត្រីយោធាខាងលើ មានការរើបម្រះ ឬតដៃជាមួយសមត្ថកិច្ច ព្រោះគាត់មានកាំភ្លើង។ ម្យ៉ាងទៀត លោកព្រះរាជអាជ្ញាបញ្ជាក់ថា ខ្លាចមន្ត្រីយោធារូបនោះ គេចវេស មិនចូលខ្លួនតាមដីការបស់តុលាការឲ្យចូលទៅបង្ហាញខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត។
គួរជម្រាបថា កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៦ មានករណីរថយន្តដឹកឈើរបស់មន្ត្រីយោធាភូមិភាគ៣ម្នាក់ បើកឆ្លងកាត់ស្ពានបានធ្វើឲ្យបាក់ស្ពានដែកមួយកន្លែង ដែលស្ថិតនៅភូមិជ័យសេនា ឃុំកោះស្លា ស្រុកឈូក ខេត្តកំពត។ រថយន្ដដឹកឈើនោះម៉ាក ហ៊្វុយស៊ូ (FUSO) ពាក់ស្លាកលេខ តាកែវ ៣A-១១៨៧ ជាកម្មសិទ្ធិរបស់ឈ្មោះ ជឿន ថេង ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាមន្ត្រីយោធាភូមិភាគ៣ មានទីលំនៅបច្ចុប្បន្នភូមិផ្សារកន្ទួត ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។
បើតាមលោក ឯក ឆេងហួត ក្រោយមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់អភិបាលខេត្តកំពត ទើបអយ្យការអមសាលាដំបូងខេត្តកំពត នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៦ ចេញដីកាលេខ ០៦អ.យ.ក/១៦ បញ្ជាឲ្យឈ្មោះ ជឿន ថេង ភេទប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីយោធាភូមិភាគ៣ ឲ្យចូលបង្ហាញខ្លួននៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត ដើម្បីស្ដាប់ចម្លើយរឿងធ្វើឲ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ ដែលតាមដីកានេះ បានទុករយៈពេល១ខែ ឲ្យមន្ត្រីយោធារូបនេះចូលខ្លួនបំភ្លឺ។
ពីរថ្ងៃបន្ទាប់ ពោល គឺនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ កងកម្លាំងកងរាជអាវុធហត្ថខេត្តកំពត ក៏បានធ្វើការឃាត់ខ្លួនមន្ត្រីយោធាខាងលើ ដោយចាប់គ្រៀកដៃវាយខ្នោះព័ទ្ធមកក្រោយ រួចញាត់ចូលរថយន្តយកទៅសាកសួរនៅទីបញ្ជាការដ្ឋានខេត្តតែម្ដង៕
មតិយោបល់