Post News Media ព័ត៌មានសិល្បៈ និងកម្សាន្ត មាស សុខសោភា ម...

មាស សុខសោភា មិនធម្មតា ក្នុងព្រឹត្តិការណ៍ធំនៅផ្សារសុរិយា

កាលពីល្ងាចថ្ងៃទី១៩ មីនា តារាចម្រៀងកញ្ញា មាស សុខសោភា បានធ្វើឲ្យកក្រើកផ្សារទំនើបសុរិយាតែម្ដង ក្នុងពេលដែលនាងបង្ហាញខ្លួនអមដោយការច្រៀងរាំ និងបង្ហាញឈុតយ៉ាងស្រស់ស្អាតនៅក្នុងពិធីបើកសម្ពោធរោងកុន Major Cineplex ថ្មីនៅផ្សារទំនើបសុរិយាជាន់រោងកុន។ បើទោះកម្មវិធីនោះមានការចូលរួមដោយតារាល្បីៗជាពិសេសតារាសម្ដែងនៅក្នុងប្រទេសកម្ពុជាច្រើនរូប ក៏តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មថោនរូបនេះ នៅតែទទួលបានការចាប់អារម្មណ៍លើសលប់ជាងគេ ដោយសារតែនាងអាចកន្ត្រាក់ឲ្យអ្នកមកកម្សាន្តក្នុងផ្សារទំនើបនោះ មកចូលរួមគ្នាយ៉ាងកកកុញពេញពិធី នៅក្នុងស្ថានភាពដែលកម្មវិធីទាំងមូលមិនអនុញ្ញាតឲ្យចូលដោយសេរីផង។

នៅក្នុងកម្មវិធីនោះ មាស សុខសោភា រំលេចឈុតពណ៌មាសយ៉ាងស្រស់ស្អាត ដោយអមដំណើរជាមួយនាង ក៏មានក្រុមរាំរបស់អ្នកនាងច្រើនរូប តុបតែងដោយឈុតពណ៌ទឹកមាសធ្វើឲ្យក្រុមរបស់នាងលេចធ្លោរតាំងពីធ្វើដំណើរឆ្លងកាត់ផ្សារ។

នាងបានបង្ហាញខ្លូននៅលើកំរាលព្រំដែលបានរៀបចំឡើងនាពេលនោះ ដោយក្រៅពីផ្ដល់បទសម្ភាសន៍យ៉ាងរួសរាយរាក់ទាក់ឲ្យអ្នកកាសែត នាងក៏ឡើងបកស្រាយបទចម្រៀង២បទធ្វើឲ្យអ្នកចូលរួមទះដៃ និងដកកចំហរមាត់ព្រោះតែលង់នឹងការពេញចិត្តចំពោះនាងនោះផង។ មាស សុខសោភា នៅតែត្រូវគេមើលឃើញថាមានឥទ្ធិពលទាក់ទាញអ្នកគាំទ្របានច្រើន ជាពិសេសគឺអ្នកយុវវ័យ និងមនុស្សវ័យកណ្ដាលបានខ្លាំង ដែលល្អជាងតារាផ្សេងទៀត កន្ត្រាក់បានតែអ្នកគាំទ្រជាយុវវ័យតែមួយក្រុម ប៉ុន្តែសម្រាប់មនុស្សវ័យកណ្ដាល និងអ្នកជំនួញតូចធំ គឺមិនសូវនោះ។

អ៉ីចឹងហើយទើបក្នុងកម្មវិធីបើកសម្ពោធធំៗ ទីផ្សាររបស់នាងលោតខ្ពស់ជាងគេ ថ្វីដ្បិតតែអ្នកខ្លះថានាងផ្ដួលទីផ្សារដោយតារាហង្សមាសមួយចំនួន ធ្វើឲ្យនាងមិនអាចក្ដាប់ក្ដាប់ជាកំពូលតារាតែម្នាក់ឯងដូចមុន។ មាស សុខសោភា កាន់តែធ្វើឲ្យម្នាក់ៗឈូរឆរមើលនាងយ៉ាងខ្លាំងថែមទៀត បន្ទាប់ពីនាងបញ្ចេញទឹកដមសំឡេង និងក្បាច់រាំ ដែលនៅតែធ្វើឲ្យម្នាក់ៗយល់ថានាងនៅតែខ្លាំងសម្រាប់អាជីពជាតារាចម្រៀង។

តំណាងជាន់ខ្ពស់រោងកុន Major បានអះអាងថា ដោយសារតែក្រុមហ៊ុនរបស់លោកសម្រេចបើកសម្ពោធរោងកុនMajor ថ្មីដែលកាន់តែទំនើបជាមួយនឹងអេក្រង់កោងនៅផ្សារទំនើបសុរិយានោះហើយ ទើបលោកសម្រេចជ្រើសយកតារាចម្រៀងមាស សុខសោភា មកច្រៀងនៅក្នុងវេទិកា ដើម្បីឲ្យកម្មវិធីរបស់ខ្លួនទទួលបានការចាប់អារម្មណ៍។ លោកថាមាស សុខសោភា គឺកំពូលតារាដែលមានទាំងក្មេង ទាំងចាស់ចូលចិត្ត និងជាតារាដែលបានរក្សាកេរ្តិ៍ឈ្មោះបានយូរគួរឲ្យសរសើរនោះផង ទើបលោកប្រកាសថាសម្រាប់ពិធីសម្ពោធរោងកុនដ៏ធំបែបនេះ គឺសមបំផុតសម្រាប់ការផ្ដល់ឱកាសឲ្យនាង។ បន្ថែមពីលើការសរសើរដល់ មាស សុខសោភា លោកក៏សៅ សុខនី នាយកប្រតិបត្តិរបស់រោងកុនMajor បានអះអាងថាក្រុមហ៊ុនមួយនេះ បានបង្កើតរោងកុនចំនួន៣កន្លែងមកហើយនៅរាជធានីភ្នំពេញ ដោយរួមមាននៅផ្សារអ៉ីអន១ ផ្សារសុរិយា ដែលទើបដំណើរការនេះ និងនៅផ្សារអ៊ីអន២ ដោយក្នុងមួយឆ្នាំៗលោកថាមិនទាន់ទាំងបានដំណើរព្រមគ្នានៅឡើយផង ក៏ទទួលបានអ្នកទិញសំបុត្ររង្វង់មិនក្រោម៨០ម៉ឺននាក់ឡើយក្នុងមួយឆ្នាំ ចាប់តាំងពីរោងកុននេះបានបង្ហាញវត្តមានប្រមាណជា៤ឆ្នាំហើយនៅកម្ពុជា៕