ក្នុងរយៈពេលចុងក្រោយគេកត់សម្គាល់ថាតារាសម្ដែងលោក រ៉ា វិរៈ ដែលត្រូវគេស្គាល់តាមរយៈចំណាត់ថ្នាក់លេខ២ក្នុងការប្រលងកម្មវិធីពេជ្រកំពុងច្នៃនោះ ត្រូវប៉ាន់នឹងការសម្ដែងនៅក្នុងភាពយន្តយ៉ាងខ្លាំង។ យ៉ាងណាមិញ តំណែងដែលលោកទទួលបានច្រើនតែជាតួចិត្តអាក្រក់ និងពិសពុលឈ្នានីសប៉ុណ្ណោះ ខណៈដែលលោកខ្លួនឯងក៏បានបង្ហើបថាការលេចមុខជាតួចិត្តអាក្រក់ច្រើនពេក ចេះតែមានមហាជនមួយចំនួនស្មានថាចរឹតខាងក្រៅរបស់លោកមិនខុសគ្នា ដោយមានអ្នកលួចជេរក៏មាន។
លោក រ៉ា វិរៈ បានអះអាងថា ក្រោយពីបានប្រលងជាប់នៅក្នុងកម្មវិធីពេជ្រកំពុងច្នៃ លោកមានចំណូលចិត្តសម្ដែងជាតួស្លូត និងជាតួក្រម៉ិចក្រម៉ើមនោះទេ ប៉ុន្តែមិនដឹងយ៉ាងមិចក្រោយពីត្រូវផលិតករឲ្យសម្ដែងជាតួកាចម្ដងមក ក៏មានទីផ្សារតែក្នុងតំណែងនោះតែម្ដង។ គិតមកដល់ពេលនេះលោកថាបានសម្ដែងភាពយន្តមិនតិចរៀងនោះទេ ដោយ៨០ភាគរយ គឺផលិតករឲ្យលោកសម្ដែងជាតួកាច ដោយក្នុងរឿងខ្លះគឺលោកសម្ដែងជាតួចិត្តអាក្រក់ និងពិសពុលរហូតចង់ស្អប់ខ្លួននោះផង នៅពេលបានទស្សនាការសម្ដែង។ ជាក់ស្ដេងទើបតែបានទទួលកុងត្រាសម្ដែងជាតួចិត្តអាក្រក់ក្នុងភាពយន្តរឿង«វិញ្ញាណម្ចាស់ព្រែក»របស់ទូរទស្សន៍ CTN កាលពីដើមឆ្នាំ២០១៨សោះ ក៏ត្រូវផលិតកម្មចក្រវាទ្បពេជ្រ ជ្រើសឲ្យសម្ដែងជាតួចិត្តអាក្រក់ និងពិសពុលជាថ្មីទៀតហើយ ក្នុងរឿងភាគ«រនាតឯក» ដែលគ្រោងដាក់បញ្ចាំងនៅប៉ុស្ដិ៍លេខ៥ក្រោយពេលថតចប់។ ក្នុងរឿងថ្មីនេះ លោកថាផលិតករឲ្យសម្ដែងយ៉ាងពិសពុល និងអាក្រក់ខ្លាំងតែម្ដង ដោយមិនដឹងថាក្រោយពេលដាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍តើនឹងមានអ្នកណាស្អប់ខ្លះនោះទេ។
នៅក្នុងភាពយន្តនេះ លោកនឹងក្លាយជាតួបំបែកស្នេហារបស់កញ្ញា នី មុន្នីនាថ ពេញទំហឹង ហើយការសម្ដែងមួយនេះ ក៏មានឈុតឆាកពិបាកៗសម្រាប់តួអង្គរបស់ខ្លួនផង។ ភាពយន្តមួយនេះ ត្រូវបានប្រកាសថាចេញថតក្រោយពីក្រុងពាលីនៅថ្ងៃទី២៦ មីនា នេះ តែមិនទាន់ដឹងថានឹងថតចប់ក្នុងរយៈពេលណាឲ្យប្រាកដ ខណៈដែលដើមទុនសម្រាប់ភាពយន្តបុរាណមួយនេះ ក៏មិនទាន់អាចកំណត់បាន។
លោក រ៉ា វិរៈ និយាយថាក្រោយមានផលិតករភាគច្រើនដាក់ឲ្យលោកសម្ដែងតែជាតួកាច លោកប្រហែលនឹងចាប់អាជីពសម្ដែងបែបនហ្នឹងឲ្យពេញទំហឹង ដោយបានទាំងអះអាងថាការសម្ដែងជាតួចិត្តអាក្រក់ និងពិសពុល ឆាប់ឲ្យមហាជនចាំមុខនោះផង។ យ៉ាងណាមិញ លោកក៏បារម្ភខ្លាចបាត់បង់តំណែងតួស្លូតព្រោះតែក្រុមផលិតករឈប់ផ្ដល់ឱកាសផងដែរ បន្ទាប់ពីការសម្ដែងជាតួចិត្តអាក្រក់ធ្វើឲ្យគេស្គាល់លោកច្រើនជាងបែបនេះ៕
មតិយោបល់