ព័ត៌មានសិល្បៈ និងកម្សាន្ត

ខាត់ សុឃីម និង ដួង វិរៈសិទ្ធិ ត្រូវប៉ាន់ចម្លែក ឆ្នាំនេះ

ខុសពីឆ្នាំមុនៗ ដែលតារាចម្រៀងស្រគត់ស្រគំ និងមានទម្រង់ប្រពៃណីខ្មែរត្រូវបានគេមើលរំលង ដោយសារតែតារាចម្រៀងដែលផ្ទុះក្នុងបទចម្រៀងបែកស្លុយ ត្រូវបានមហាជនកញ្ជ្រោលចង់ឃើញស្ទើរតែមិនបាត់មួយកម្មវិធីនោះទេ សម្រាប់អំឡុងបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គេកត់សម្គាល់តារាចម្រៀងដែលមានទំនោរទៅរកបទចម្រៀងបែបប្រពៃណីខ្មែរបែរជាមានហាងឆេងមិនធម្មតា។ ក្នុងនោះតារាចម្រៀង អ្នកនាង ខាត់ សុឃីម និងលោក ដួង វិរ:សិដ្ឋ ត្រូវឃើញថាមានមុខក្លាយជាតួឯកស្ទើរតែគ្រប់កម្មវិធីសង្ក្រានធំៗដែលបានធ្វើឡើងតែម្ដង ដោយអ្នកទាំងពីរត្រូវគេលើកជាអាយដលនៅក្នុងព្រឹត្តិការណ៍សង្ក្រាននីមួយៗនោះផង។

ធៀបនឹងអំឡុងឆ្នាំមុន ឆ្នាំនេះ ព្រឹត្តិការណ៍សង្ក្រានហាក់បានដាក់កំណត់លើកស្ទួយបទចម្រៀងបែបប្រពៃណីខ្មែរជាធំ ទើបតារាចម្រៀងបែកស្លុយដែលមានកេរ្តិ៍ឈ្មោះក្នុងបទចម្រៀងកន្ត្រាក់អារម្មណ៍មិនសូវត្រូវប៉ាន់ប៉ុន្មាននោះទេ ខណ:ដែលតារាចម្រៀងយុវវ័យមួយចំនួនក៏ត្រូវម្ចាស់កម្មវិធីស្នើឲ្យប្ដូររបត់ទៅច្រៀងតែបទចម្រៀងបែបប្រៃពៃណីខ្មែរ ដែលធ្វើឲ្យភាពលេចធ្លោររបស់ពួកគេស្រកចុះ។ ចំណាយនៃការកញ្ជ្រោលរឿងប្រទេសឡាវត្រៀមដាក់ចង្វាក់រាំវង់ ជាបេតិកភណ្ឌពិភពលោក និងការប្រកាសរបស់សម្ដេចនាយករដ្ឋមន្ត្រីថា នឹងរាំចង្វាក់សារ៉ាវ៉ាន់ នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន ដោយមិនលើកទឹកចិត្តបទចម្រៀងបែកស្លុយដូច២ឆ្នាំមុន ហាក់រុញឲ្យស្រទាប់មហាជនស្ដាប់បទបែកស្លុយលែងពីរោះដូចមុន ដែលនាំឲ្យតារាចម្រៀងដែលមានទម្រង់នូវបទប្រភេទប្រពៃណីខ្មែរចាប់ផ្ដើមឡើងកូដ។ ក្នុងនោះតារាចម្រៀង២ដួង បានក្លាយជាតួឯកយ៉ាងលេចធ្លោរតែម្ដង ដោយគ្រាន់តែព្រឹត្តិការណ៍សង្ក្រានធំ៣ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញ គឺអ្នកទាំងពីរក្ដោបក្ដាប់តំណែងតួឯកទៅហើយ។ នៅក្នុងព្រឹត្តិការណ៍សង្ក្រានប្រចាំវិទ្យាល័យសាមគ្គីនៅថ្ងៃទី៣០ មីនា បានកំណត់យកអ្នកនាងខាត់ សុឃីម ជាតារាតំណាងកម្មវិធី ដោយដាក់ពាក្យស្លោកថាលើកស្ទួយបទចម្រៀងជាចង្វាក់ប្រពៃណីខ្មែរ ហើយមិនរាំចង្វាក់បែកស្លុយ។

ព្រឹត្តិការណ៍សង្ក្រានធំមួយទៀតនៅតំបន់ព្រែកហូរនៅក្រុងតាខ្មៅ ក៏បានប្រកាសយកលោក ដួង វិរ:សិដ្ឋ ធ្វើជាតួឯក ដោយទម្រង់សង្ក្រាននៅក្នុងព្រឹត្តិការណ៍នោះ ក៏ប្រកាសមិនលើកទឹកចិត្តនូវបទចម្រៀងបែកស្លុយផងដែរ។ ងាកមកព្រឹត្តិការណ៍សង្ក្រាននៅវត្តជន្លង់ម្លូរ របស់ខណ្ឌពោធិ៍សែនជ័យ ដែលជាព្រឹត្តិការណ៍ធំប្រចាំឆ្នាំឯណេះវិញ ក៏ត្រូវគេឃើញតារាទាំងឡើងកូដក្លាយជាតួឯកពេញទំហឹងផងដែរ ដោយសារតែទម្រង់នៃសង្ក្រានក្នុងឆ្នាំនេះ ក៏ប្រកាសច្រៀងបទចម្រៀងបែកស្លុយ ហើយតម្រូងឲ្យច្រៀងតែបទចម្រៀងបែបទម្រង់សិល្ប:បុរាណរបស់ខ្មែរ។ ក្នុងនោះអ្នកនាង ខាត់ សុឃីម ក៏ត្រូវគេដឹងថានឹងឡើងទៅច្រៀងក្នុងព្រឹត្តិការណ៍សង្ក្រាននៅក្នុងប្រទេសកូរ៉េជាមួយនាយកុយ នៅថ្ងៃទី១៥ មេសា ផងដែរ ខណ:ដែលលោក ដួង វិរ:សិដ្ឋ ក៏ត្រូវបានព្រឹត្តិការណ៍សង្ក្រាន្តធំៗផ្សេងទៀត កក់ទុករកពេលទទួលលែងចង់បាន។ យ៉ាងណាមិញ ក្រៅពីតារាទាំងពីរតារាចម្រៀងដែលមានទម្រង់បែបបុរាណជាច្រើនទៀត ក៏មានទីផ្សារក្នុងព្រឹត្តិការណ៍សង្ក្រាន្តសម្រាប់ឆ្នាំនេះផងដែរ ដូចជាលោក ដួង សុខគារ លោកសាន សុវណ្ណឌឿន តារាចាប៉ីដងវែង និងលោក យក់ ដួងតារា ជាដើម។

ក្រុមអ្នកឃ្លាំមើលព្រឹត្តិការណ៍សង្ក្រាន្តនៅក្នុងឆ្នាំនេះ សំឡឹងឃើញថាបើព្រឹត្តិការណ៍សង្ក្រានធំៗ មានការបំផុសឲ្យច្រៀង និងរាំតែចង្វាក់ប្រពៃណីខ្មែរបែបនេះ នោះមិនខុសពីធ្វើឲ្យតារាចម្រៀងបែកស្លុយមួយចំនួន ថមថយឥទ្ធិពលនោះទេ ប៉ុន្តែម្នាក់ៗក៏ចាំមើលដែរថា តើព្រឹត្តិការណ៍អង្គរសង្ក្រាននៅក្នុងឆ្នាំនេះ ពិតជាអាចបំបិទបទចម្រៀងបែកស្លុយមួយចំនួនដែលកំពុងផ្ទុះផង និងរងការរិះគន់ផង ដោយជំនួសសុទ្ធតែបទជាចង្វាក់ប្រពៃណីខ្មែរដូចគ្នានឹងសង្ក្រាន្តប្រចាំទីតាំងផ្សេងៗដែលបានប្រកាសធ្វើឡើង ឬបន្ទរចាក់បទចម្រៀងទាំំងនោះឲ្យភ្ញៀវជាតិបានរាំដូចគ្នានឹងឆ្នាំមុនៗដដែល។ ប៉ុន្តែប្រសិនបើបទចម្រៀងជាចង្វាក់បែកស្លុយ មិនត្រូវបានចាក់បន្លឺនៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តធំៗបែបនេះ គឺមិនខុសពីជួយឲ្យតារាចម្រៀងដែលជាទម្រង់បុរាណឡើងកូដមកវិញនោះទេ៕

មតិយោបល់