មានសំណួរជាច្រើន បានចោទសួរ ពីខ្សែប្រយុទ្ធវ័យក្មេង ពោរពេញទៅដោយសមត្ថភាព Paulo Dybala លេងល្អខ្លាំងណាស់ ឲ្យក្រុមសេះបង្កង់ Juventus ក៍ប៉ុន្តែ ក្រឡេកមកមើលជម្រើសជាតិអាហ្សង់ទីនវិញ កីឡាកររូបនេះ ហាក់មិនសូវមានឱកាសបានបង្ហាញវត្តមានឡើយ។
យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ កាសែត AS បានឲ្យដឹងថា Dybala មិនជាប់ជម្រើសជាតិអាហ្សង់ទីន ដោយសារតែកីឡាកររូបនេះ មានទម្រង់លេងដូចទៅនឹងតារាឆ្នើមរាមច្បង។ ជាក់ស្តែងណាស់ Dybala ទាំងទម្រង់លេង និងរបៀបនៃការអូសបាល់ ដូចគ្នាជាមួយនឹង Lionel Messi ដែលជាកំពូល Super Star របស់ក្រុមជម្រើសជាតិអាហ្សង់ទីន។
Lionel Messi ផ្ទាល់បានប្រាប់កាសែត AS ថា៖ ក្នុងពេលដ៍ខ្លីខាងមុខនេះ Dybala នឹងក្លាយជាកីឡាករដ៍ល្អរបស់អាហ្សង់ទីន តែអ្វីដែលធ្វើឲ្យពេលនេះ កីឡាករវ័យក្មេងរូបនេះ មិនជាប់ជម្រើសជាតិនោះ មិនមែនមានន័យថា ពួកយើងមិនចុះសម្រុងគ្នាឡើយ តែមកពីតំបន់លេងរបស់ពួកយើងដូចគ្នាពេក ជាហេតុធ្វើឲ្យលោក Sampaoli សម្រេចមិនជ្រើសរូបគេមកចូលរួមក្រុម។ យ៉ាងណាវិញ ពេលវេលា World Cup មិនទាន់មកដល់ឡើយ ខណៈ Dybala នៅមានឱកាសក្នុងការមកជួយក្រុម ជម្រើសជាតិ ប្រសិនបើរូបគេនៅតែបន្តល្អបែបនេះដដែលនោះ។
ក៍ប៉ុន្តែ ក្តីសង្ឃឹមសម្រាប់ក្រុមជម្រើសជាតិ ហាក់មិនងាយស្រួលឡើយ ចំពោះ Dybala ដរាបណានៅមាន Lionel Messi ស្របពេលដែលអាហ្សង់ទីន ផ្តោតការចាប់អារម្មណ៍ លើ Messi ជាងជាហេតុនាំឲ្យជម្រើសជាតិ ត្រូវតែយកមួយ ចោលមួយ ហើយរើសកីឡាករផ្សេង កុំឲ្យជាន់រ៉ូលលេងគ្នា។




មតិយោបល់