កាលពីថ្ងៃម្សិលមិញ បុរសម្នាក់ដែលត្រូវគេស្គាល់ថា ជាបុគ្គលិកបម្រើការនៅក្នុងផលិតកម្មមហាហង្ស បានចេញមុខបកអាក្រាតយ៉ាងចាស់ដៃថា ថាផលិតកម្មមួយនេះមិនបើកប្រាក់ខែឲ្យខ្លួនតាំងពីខែ៦ ក្នុងឆ្នាំ២០១៧។ ប៉ុន្តែក្រោយការបង្ហោះធ្វើឲ្យមានការភ្ញាក់ផ្អើលមិនបានប៉ុន្មានម៉ោងផង ស្រាប់តែម្ចាស់ហ្វេសប៊ុកដដែល បែរជាបង្ហោះសារសុំទោសជាសាធារណៈ។
នៅលើហ្វេសប៊ុករបស់ឈ្មោះ ជ្រន សុជាតិ បានសរសេរបង្ហោះថា សួស្តីផលិតកម្មមហាហ្ស តើក្រុមហ៊ុនចំណាយលុយច្រើនណាស់មែនទេ សម្រាប់ថតរឿង បានជាខ្វះលុយបើកអោយខ្ញុំត្រឹមតែ៤៥០ដុល្លារ សុំទោសខ្ញុំមិនចង់ធ្វើបែបនេះទេ តែតាំងពីខែ៦ ឆ្នាំ២០១៧ រហូតមកទល់នឹងឆ្នាំ២០១៨ ខែ៣ ថ្ងៃទី២៨ហើយ ពេលដែលខ្ញុំទៅបើកលុយម្ដងៗ បុគ្គលិកឆ្លើយដោះសាររហូត…”។ ក្រោយការបង្ហោះ គេឃើញមានបណ្ដាញសារព័ត៌មានស្រង់ការបង្ហោះនោះ ធ្វើការចុះផ្សាយនោះផង ទើបធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើល។ ប៉ុន្តែនៅព្រឹកថ្ងៃទី២៩ មីនា ក្នុងឆ្នាំដដែល ស្រាប់តែម្ចាស់ហ្វេសប៊ុកដដែលប្រកាសសុំទោស។ ម្ចាស់ហ្វេសប៊ុកដដែលបានសរសេរជាថ្មីថា” ខ្ញុំ ជន សុជាតិ ខ្ញុំបាទសុំទោសដែលខ្ញុំបាទបានផុសកន្លងមក ដែលយកផលិតកម្ម(មហាហង្ស) មកលេងសើច ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសផលិតកម្មមហាហង្ស ហើយខ្ញុំមានវិប្បដិសារី ដែលបានធ្វើកំហុសដ៏ធំនេះ នេះជាការយល់ខុស និងច្រលំរបស់ខ្ញុំបាទទេ ហើយសូមសន្យាថា មិនឲ្យមានរឿងបែបនេះ កើតឡើងជាដាច់ខាត។សូមទទួលការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំបាទ”។
ការបង្ហោះផ្លាស់ប្ដូរខ្លឹមសារខុសគ្នា ក្នុងម្ចាស់គណនីយតែមួយនេះ បានធ្វើឲ្យមានការលើកឡើងថា មានការដាក់បន្ទុកពីផលិតកម្មមហាហង្ស តែលោក អ៉ិន បានអះអាងថា ហេតុផលដែលនាំឲ្យមានការផ្លាស់ប្ដូរខ្លឹមសាររបស់ជន សុជាតិ នោះ គឺដោយសារតែមានការពន្យល់ពីករណីខ្ចីលុយខ្ចីកាក់បើកមុន ដែលជាករណីយល់ច្រលំក្នុងរឿងប្រាក់ខែប៉ុណ្ណោះ។ លោកថា ឈ្មោះជន សុជាតិ មិនបានកត់ចំណាំច្បាស់លាស់ ពីការបើកមុន ទើបនាំឲ្យមានការយល់ច្រលំនៅពេលមានការយឺតយ៉ាវខ្លះៗក្នុងចំនួនប្រាក់ខែចុងក្រោយ។ យ៉ាងណាមិញ លោកថាហេតុផលនៃការយឺតយ៉ាវចំពោះបុគ្គលិកមួយចំនួននៅក្នុងពេលនេះ គឺបណ្ដាលមកពីបណ្ដាទូរទស្សន៍ដែលលោកផលិតរឿងឲ្យមិនទាន់ប្រគល់លុយទិញរឿងពីលោកច្រើនខែ និងដោយសារតែបុគ្គលិកមួយចំនួនអត់មកបំពេញការងារ ហើយលោកក៏បង្កក់ប្រាក់ខែ ជាការព្រមានប៉ុណ្ណោះ៕
មតិយោបល់