ព័ត៌មានសិល្បៈ និងកម្សាន្ត

រំដួលលិចទឹក ដណ្ដើមបានតំណែងភេទទី៣លេចធ្លោរ

មកទល់ពេលនេះ គេចាប់អារម្មណ៍ថាប្រជាប្រិយភាពរបស់តារាពហុជំនាញ កញ្ញា រំដួលលិចទឹក កាន់តែខ្ទរខ្ទារ និងមានការការគាំទ្រមិនធម្មតា ក្នុងចំណោមតារាភេទទី៣នៅកម្ពុជា។ ផ្អែកលើសមត្ថភាពតែងខ្លួនប្លែកៗ និងមានរូបរាងបែបខ្ពង់ស្រឡះសមនឹងការតែងកាយជាតារាម៉ូដែល តារារូបនេះ ត្រូវគេកត់សម្គាល់ថាទៅដល់ទីណាគឺផ្អើលកន្លែងហ្នឹងតែម្ដងដោយសារតែការស្រូបទាញសំឡេងអះដៃ និងហ៊ោកញ្ជ្រៀវ។ ប្រជាប្រិយ ភាពរបស់នាងកាន់តែឃើញអណ្ដែតច្បាស់ នៅពេលដែលនាងបង្ហាញខ្លួនក្នុងនាមជាគណកម្មការផ្ដល់ពិន្ទុដល់ការប្រលងនារីឯកសង្ក្រានពោធិ៍សែនជ័យ និងក្នុងពេលនាងឡើងបង្ហាញខ្លួនលើឆាករបស់គ្រួសារតារាកម្ពុជាទាំង៣ថ្ងៃ។

យោងតាមព្រឹត្តិការណ៍សង្ក្រាននៅពោធិ៍សែនជ័យទាំង៣ថ្ងៃ ដែលបានរៀបចំទម្រង់សិល្បៈដោយគ្រួសារតារាកម្ពុជា កញ្ញារំដួលលិចទឹក ដ្បិតថាមិនសូវបានរាំច្រៀង ធ្វើអោយកញ្ជ្រោលនៅក្នុងវេទិកាដើម្បីអោយអ្នកទស្សនាសើចសប្បាយ និងបានរាំលេងក៏ពិតមែន តែមិនមានការបង្ហាញខ្លួនណាមួយរបស់នាងនៅលើឆាកតន្ត្រី និងនៅខាងក្រោមឆាក មិនមានអ្នកចាប់អារម្មណ៍នោះទេ។ គាប់ជួនជាក្នុងពេលនោះ នាងបានច្នៃសម្លៀកបំពាក់៣ឈុតបែបប្រពៃណីខ្មែរ តែជាឈុតដែលមានគំនិតច្នៃប្រឌិតមិនមានតារាណាធ្វើតាមបានផង ទើបធ្វើអោយនាងលេចធ្លោរយ៉ាងខ្លាំង។ ឈុតព្រះម៉ែនាគ មិនមែនជាលើកទី១ដែលនាងស្លៀកបង្ហាញនោះទេ ប៉ុន្តែនាងនៅតែមានការចាប់អារម្មណ៍ នៅពេលចេញដើរលើឆាក ស្របគ្នាដែលឈុតរបស់នាងមួយឈុតនោះក៏ស៊ីនឹងបទចម្រៀងរបស់តារាចម្រៀងលោក ទីងតុង ដែលជាតារាចម្រៀងបែប Original Song ផង។ ឈុត និងមកុដ ច្នៃពីថង់ និងបំពង់ទុយោទឹកអំពៅដែលជាសំរាមគេបោះចោល ក៏ធ្វើអោយនាងអណ្ដែងលើឆាកក្នុងពេលដើរម៉ូដ និងច្រៀងជាមួយតារាផ្សេងទៀតផងដែរ ដោយពេលដែលនាងបង្ហាញខ្លួនមានអ្នកទស្សនាដោយផ្ទាល់យ៉ាងច្រើនកុះករនៅក្នុងពិធីនោះ ទះដៃ និងរាំតាម។

រំដួលលិចទឹក ក្នុងមួយឆ្នាំចុងក្រោយ នាងបានក្លាយជាតារាល្បីល្បាញមិនគួរអោយជឿ ដោយត្រូវបានបណ្ដាក្រុមហ៊ុនតូចធំច្រើនឡើង ទាក់ទងអោយដើរម៉ូដ និងច្នៃជាឈុតផ្សេងៗ ដើម្បីផ្សព្វផ្សាយពីផលិតផលរបស់គេ។ នាងទៅដល់ទីណា មានអ្នករោមថតទីនោះ ដែលមិនខុសពីធ្វើអោយផ្អើលនៅទីតាំងក្នុងពិធីនោះទេ ប៉ុន្តែគេនៅតែកត់សម្កាល់ថាសិល្បការិនីដែលពោរពេញដោយគំនិតច្នៃប្រឌិតរូបនេះមិនមានប្រាក់ចំណូលច្រើននៅឡើយ ដោយសារតែកម្រៃដែលនាងទទួលបានពីការបង្ហាញម៉ូដនៅក្នុងកម្មវិធីតូចធំ មិនសមនឹងកេរ្តិ៍ឈ្មោះដែលមហាជនផ្ដល់ហើយ ហើយកម្មវិធីដែលនាងចេញមុខទៀតសោត ច្រើនតែជាកម្មវិធីប្រភេទសង្ក្រានថ្នាក់ជាតិ និងកម្មវិធីសប្បុរសធម៌ ដែលមិនមែនជាកម្មវិធីទទួលបានតម្លៃខ្លួន។ យ៉ាងណាមិញ នាងត្រូវបានគេអោយតម្លៃជាតារាដែលមានកិត្តិយស និងមានអ្នកគាំទ្រខ្លាំង ដោយអាចនិយាយបានថាជារឿងកម្រណាស់ ដែលសិល្បៈភេទទី៣មួយរូប ទទួលបានការចាប់អារម្មណ៍ដោយសូម្បីតែនាងមិនទាន់ច្រៀង ឬនិយាយសម្ដីមួយម៉ាត់ ក្រៅពីបង្អួតសម្រស់នៅផង៕

មតិយោបល់