កាលពីរសៀលថ្ងៃទី៣ មេសា មានការប្រកាសអោយដឹងគួរអោយភ្ញាក់ផ្អើលថា តារាចម្រៀងOriginal Song ២រូប ត្រូវបានជ្រើសអោយក្លាយជាគណកម្មការផ្ដល់ពិន្ទុក្នុងកម្មវិធីប្រលងចម្រៀងថ្មីមួយរបស់ទូរទស្សន៍បាយ័ន ដែលមានទឹកប្រាក់រហូតដល់១០០លានរៀល សម្រាប់អ្នកឈ្នះ។ នេះជាតួនាទីថ្មីសន្លាង ខណៈដែលការងារជាគណកម្មការនេះ ក៏ត្រូវតាមជំនាញរបស់តារាទាំង២ផងដែរ ដោយសារតែបេក្ខជនប្រឡងចម្រៀងនៅក្នុងកម្មវិធីនេះ គឺតម្រូវអោយច្រៀងបទចម្រៀងប្រភេទ Original Song ដែលពេញនិយមនាពេលចុងក្រោយទាំងស្រុង ដើម្បីអោយមានអត្តសញ្ញាណជាខ្មែរ។
នៅក្នុងវេទិកាសន្និសីទសារព័ត៌មាននាថ្ងៃនោះ លោកអៀង វិច្ឆ័យ ពិធីករដែលជាអ្នកបើកក្បាលកម្មវិធីបានអះអាងថា ស្ថានីយទូរទស្សន៍បាយ័ន នឹងសម្រេចបើកកម្មវិធីប្រឡងចម្រៀងថ្មីមួយដែលមានឈ្មោះ«The Melody Carabao» ដោយកម្មវិធីនឹងតម្រូវជ្រើសរើសតែតារាចម្រៀងវវ័យក្មេងដែលមានសមត្ថភាពបកស្រាយបទប្រភេទនិពន្ធថ្មី ដែលមកទល់ពេលនេះកម្មវិធីជម្រើសបានបេក្ខជនបេក្ខនារីជាក្មេងបានស្ទើរគ្រប់ចំនួនមកហើយ ដោយបេក្ខភាពទាំងនេះនឹងធ្វើការប្រកួតប្រជែងគ្នានៅក្នុងកម្មវិធីថតទុក ហើយអ្នកជាប់ក្នុងចំនួនដែលកម្មវិធីតម្រូវ នឹងឡើងប្រជែងគ្នាក្នុងកម្មវិធីផ្សាយផ្ទាល់។ ក្រៅពីមានគ្រូបង្វឹកដែលជាសុទ្ធសឹងតែជាអ្នកនិពន្ធ និងជាអ្នកមានបទពិសោធន៍លើបទនិពន្ធថ្មី តារាចម្រៀង៣រូបគឺ លោក សួន ពិសិដ្ឋ លោក ហេង វិទូរ និងកញ្ញាអេដា ក៏ត្រូវបានជ្រើសអោយកាន់តំណែងជាគណកម្មការផ្ដល់ពិន្ទុ និងវាយតម្លៃពីសមត្ថភាពរបស់បេក្ខជនផងដែរ។ យ៉ាងណាមិញ ក្នុងចំណោមគណកម្មការទាំង៣ តារាចម្រៀង ហេង វិទូរ និងកញ្ញា អេដា ទទួលបានការចាប់អារម្មណ៍ជាងគេ ដោយសារនេះគឺជាកម្មវិធីធំ ដែលអ្នកទាំងពីបានបង្ហាញខ្លួនជាអ្នកវាយតម្លៃលើសមត្ថភាពបេក្ខជនបេក្ខនារីដំបូងគេ បើធៀបនឹងកម្មវិធីដែលអ្នកទាំងពីរធ្លាប់កាន់កន្លងមក។
កញ្ញា អេដា បានអះអាងថា សប្បាយចិត្តដែលបានទទួលឱកាសពីប៉ុស្ដិ៍បាយ័ន សម្រាប់តំណែងជាគណកម្មការក្នុងការប្រឡងមួយនេះ ដោយបេក្ខជន ឬបេក្ខនារី ដែលទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបានទឹកប្រាក់រហូតដល់១០០លានរៀល។ កញ្ញាថា ក្នុងកិច្ចកុងត្រាកញ្ញា មិនត្រឹមតែបង្ហាញខ្លួនក្នុងការផ្ដល់ពិន្ទុតែប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងមានការងារជាច្រើនផ្សេងទៀត ជាមួយនឹងបេក្ខជន ក៏ដូចជាកម្មវិធី ក្នុងការងារនេះផងដែរ។
កញ្ញាយល់ថានេះជាកម្មវិធីប្រឡងចម្រៀងដែលមានទម្រង់មិនអោយអ្នកប្រឡងបកស្រាយបទក្រៅពីចម្រៀងស្នាដៃកូនខ្មែរធំដំបូងគេ ក្នុងពេលដែលនាងក៏បានប្រកាសថានឹងជួយអ្នកប្រឡងអោយអស់ពីសមត្ថភាព ដោយមិនមែនគ្រាន់តែផ្ដល់ពិន្ទុ និងវាយតម្លៃតែមួយមុខ។
មិនខុសគ្នាដែរ លោកហេង ពិទូរ ក៏បានថ្លែងបញ្ជាក់ថាខ្លួនសប្បាយចិត្ត ដែលបានទទួលឱកាសធ្វើជាអ្នកផ្ដល់ពិន្ទុដល់អ្នកច្រៀងបទនិពន្ធថ្មី ដែលកម្រនឹងមានអ្នកបោះទុនធ្វើនេះ។ លោកថាខ្លួនក៏មិនខុសពីកញ្ញា អេដា ដែរ ដោយលោកប្រកាសថាបើទោះជាអ្នកជាប់ជាអ្នកចូលចិត្តច្រៀងបទរបស់លោក ឬអ្នកណាក៏ដោយអោយតែមានសំឡេងល្អ គឺលោកសប្បាយចិត្ត ដើម្បីអោយបទនិពន្ធថ្មី កាន់តែមានការចាប់អារម្មណ៍ពីក្រុមយុវវ័យ ទាំងអ្នកប្រលង និងអ្នកគាំទ្រកម្មវិធី។
មតិយោបល់