ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្សត់ណាស់ បុណ្យ៧ថ្ងៃតារាល្បីនាយវីតាមីនសេ

ពិធីបុណ្យ៧ថ្ងៃលោកនាយវីតាសេ កាលពីល្ងាចថ្ងៃទី៤ មេសា គេកត់សម្គាល់ថាតារាសិល្បៈមិនជាច្រើនណាស់ណានោះទេចូលរួម បើទោះជាពេលនៅមានជីវិតលោក គឺជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេង និងមានកូនស្រីជាតារាកំប្លែងល្បីល្បាញមិនខុសគ្នា។

តារាសិល្បៈត្រូវគេឃើញបង្ហាញខ្លួននៅក្នុងរូបភាពរប៉េះរប៉ោះ មិនសូវជាច្រើននោះទេ ទើបអ្នកណាៗក៏ឃើញថាពិធីបុណ្យរបស់តារាល្បីរូបនេះ សោះកក្រោះហួសនឹងថ្លែង មិនសមនឹងកេរ្តិ៍ល្បីល្បាញរបស់ត្រកូលអ្នកកំប្លែងមួយនេះទាល់តែសោះ ដែលមិនខុសពីការរិះគន់ថា អោយតែបុណ្យសពច្រើនបាត់មុខតារាល្បី មិនដូចពិធីជប់លៀងតារានោះ។

ពិធីបុណ្យដែលបានធ្វើឡើងនៅក្នុងទីវត្តវង្គត់បុរីនៅម្ដុំទឹកថ្លានោះ តារាសិល្បៈល្បីៗហាក់បាត់មុខច្រើន ដោយឃើញតែតារាចម្រៀង លោកឆាយ វិរៈយុទ្ធ និងតារាយុវវ័យល្បីៗតិចគ្នាបំផុតបង្ហាញខ្លួន។ ក្នុងនោះសូម្បីតារាកំប្លែងរួមជំនាន់ និងតារាល្បីៗរួមជំនាន់ក៏មិនសូវជាឃើញច្រើនដែរ ដោយឃើញតែវត្តមាន អ្នកនាងឆោម ឆវិន អ្នកនាងសួន ចាន់ថា នាយតឹង និងតារាមួយចំនួនទៀតប៉ុណ្ណោះ។ យ៉ាងណាមិញ អ្នកនាងថាតារាមួយចំនួនក៏បានផ្ញើថវិកាចូលបុណ្យឪពុករបស់ខ្លួនផងដែរ ថ្វីដ្បិតតែអ្នកនាង ទទួលស្គាល់ថាក្នុងពិធីបុណ្យ៧ថ្ងៃនោះបាត់មុខតារាដែលរាប់អានឪពុកខ្លួនច្រើន។
អ្នកនាងថាក្នុងពេលពិធីបុណ្យសពក៏មានតារាច្រើននាក់ចូលរួមផងដែរ ហើយអ្នកនាងមិនអន់ចិត្តនឹងរឿងមិនសូវមានតារាកុះករបង្ហាញខ្លួនក្នុងពិធីបុណ្យឪពុកខ្លួននោះទេ ដោយសារតែតារាភាគច្រើនក៏មានកិច្ចរវល់ផ្ទាល់ខ្លួន។

នៅក្នុងថ្ងៃនោះ តារាៗមកពីគ្រួសារតារាកម្ពុជាមួយក្រុមធំក៏បានបង្ហាញខ្លួនផងដែរ ដោយស្ថាបនិកគ្រួសារតារាកម្ពុជាក៏បានពាំនាំថវិកាសមាជិកសរុបចំនួន ១លាន៥៣ម៉ឺនរៀល ប្រគល់ជូនអ្នកនាងប៉េងប៉ោង។ លោកផាត់ តារារដ្ឋ និយាយថាគឺជារឿងគួរអោយស្ដាយ ក្នុងពេលដែលលោកនាយវីតាមីនសេ ទទួលអនិច្ចកម្ម គ្រួសារតារាកម្ពុជាមួយភាគធំត្រូវជាប់ភារៈបំពេញការងារពោធិ៍សែនជ័យសង្ក្រាន តាំងពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១មេសា ទើបមិនបានដឹកនាំតារាសិល្បៈជាសមាជិកចូលរួមរំលែកទុក តែក៏មានតារាសិល្បៈមួយចំនួនធំបានទៅចូលរួមក្នុងពិធីបុណ្យនោះដោយផ្ទាល់ ក្នុងនាមជួយគ្នាទៅវិញទៅមក។ លោកថាអ្នកនាងប៉េងប៉ោង គឺជាតារាសិល្បៈរៀមច្បងមួយរូប ដែលមានទំនាក់ទំនងល្អជាមួយតារាសិល្បៈគ្រប់ជំនាន់ ទើបក្នុងពេលដែលអ្នកនាងមានទុក្ខ មិនថាតារាចាស់ៗ គឺសូម្បីតែតារាជំនាន់ថ្មីក៏បានចូលរួមឈឺឆ្អាល តាំងពីក្នុងពេលលោកនាយវីតាមីនសេធ្លាក់ខ្លួនឈឺធ្ងន់។ យ៉ាងណាមិញ ក្នុងពិធីបុណ្យសពរបស់លោកនាយវីតាមីសេ និងបុណ្យ៧ថ្ងៃរបស់លោក ហេតុផលដែលមិនសូវគគ្រឹកគគ្រេង គឺដោយសារតែមិនសូវមានតារាល្បីៗច្រូងច្រាងចូលរួមដល់ពិធីប៉ុណ្ណោះ ប៉ុន្តែសម្រាប់តារាសិល្បៈស្រករក្រោយ និងមិនមែនជាតារាយុវវ័យល្បីខ្លាំងនាពេលបច្ចុប្បន្ន ក៏ទៅចូលរួមកុះករច្រើនដែរ។ ថវិកាចំនួនជាង១លាន៥០ម៉ឺនរៀលដែលប្រគល់ជូននេះ មិនមែនជាលើកទី១របស់គ្រួសារតារាកម្ពុជានោះទេ ដោយសារតែពេលកន្លងមកក៏ធ្លាប់រ៉ៃអង្គាសពីសមាជិកក្នុងក្រុម ជួយរំលែកទុក្ខដល់អ្នកនាងប៉េងប៉ោង និងគ្រួសារផងដែរ៕

មតិយោបល់