ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រោយបញ្ចប់សង្ក្រាន «គ្រួសារតារាកម្ពុជា» ប្រកាសអោយដឹងពីលទ្ធផល

កាលពីថ្ងៃទី៣០ មីនា រហូតដល់ថ្ងៃទី១ មេសា ស្ទើរមិនមាននោះទេថាក្រុមតារាសិល្បៈមួយក្រុមគឺ«គ្រួសារតារាកម្ពុជា»បានរួមគ្នាប្រាព្ធព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន ធ្វើអោយព្រឹត្តិការណ៍មួយនេះក្លាយជាព្រឹត្តិការណ៍ធំក្នុងចំណោមសង្ក្រានដែលបានធ្វើឡើងនៅអំឡុងពេលចូលឆ្នាំខ្មែរនាពេលនោះគួរអោយសរសើរ។

មិនត្រឹមតែបើកការប្រគំតន្ត្រីដើម្បីអោយបងប្អូនទាំង១៣សង្កាត់នៅខណ្ឌពោធិ៍សែនជ័យបានរាំសប្បាយរហូតដល់ពាក់កណ្ដាលអធ្រាត្រ និងសើចសប្បាយប៉ុណ្ណោះទេ ប៉ុន្តែទម្រង់សិល្បៈបុរាណក៏ត្រូវអណ្ដែតឡើងនៅក្នុងព្រឹត្តិការណ៍នេះ ស្របគ្នាដែលព្រឹត្តការណ៍មួយនេះ ក៏បានប្រកាសមិនច្រៀងបទបែកស្លុយ និងធ្វើអោយចង្វាក់ប្រពៃណីខ្មែរមានភាពរស់រវើក ដោយមានការរាំលេងពីសំណាក់អ្នកទៅទស្សនាយ៉ាងកុះករមិនគួរជឿ។ លទ្ធផលដែលបានស្ដែងឡើងត្រូវ បានស្ថាបនិកគ្រួសារតារាកម្ពុជា និងអ្នករៀបចំប្រកាសថាទទួលជោគជ័យលើសពីការរំពឹងទុក ទើបក្រោយបញ្ចប់ព្រឹត្តិការណ៍បានតែប៉ុន្មានថ្ងៃ ក៏សម្រេចចិត្តបើកពិធីជប់លៀងយ៉ាងសប្បាយអឺងកង កាលពីថ្ងៃទី៤ មេសា។

លោក ហែម ដារិទ្ធិ គណអភិបាលខ័ណ្ឌពោធិ៍សែនជ័យ ដែលជាអ្នករៀបចំព្រឹត្តិការណ៍សង្ក្រាន បានអះអាងថា មុនការចាប់ដៃជាមួយគ្រួសារតារាកម្ពុជា លោកមិននឹកស្មានថាក្រុមសិល្បៈមួយក្រុមនេះ អាចធ្វើអោយព្រឹត្តិការណ៍របស់លោកផ្ទុះដល់ម្លឹងនោះទេ ប៉ុន្តែផ្ទុយពីក្ដីបារម្ភ «គ្រួសារតារាកម្ពុជា»បានរៀបទម្រង់ព្រឹត្តិការណ៍សង្ក្រានអោយលោករហូតមានការសរសើរដល់ថ្នាក់ដឹកនាំខាងលើ ដោយលោកបញ្ជាក់ថាព្រឹត្តិការណ៍សង្ក្រានជាលើកទី៣នេះ ផ្ទុះខ្លាំងលើសពីការរៀបចំកាលពី២លើកមុនដែលខណ្ឌធ្លាប់ធ្វើ។

លោកថាមនុស្សរហូតដល់រាប់ម៉ឺននាក់បានចូលទស្សនាការប្រគំតន្ត្រីពេលយប់របស់គ្រួសារតារាកម្ពុជា ដោយអ្នកចូលរួមរៀបចំព្រឹត្តិការណ៍ទាំងមូល បានហៅការចាប់ដៃជាមួយគ្រួសារតារាកម្ពុជា ថាជារឿងវិជ្ជមានដែលធ្វើអោយការចាត់ចែងទាំងមូលទទួលបានផ្លែផ្កាមិនដែលជួប។

លោកប្រកាសចាប់ដៃជាមួយគ្រួសារតារាកម្ពុជានូវរាល់ព្រឹត្តិការណ៍បន្តបន្ទាប់ដែលនឹងធ្វើឡើង ដោយលោកសង្ឃឹមថា គ្រួសារតារាកម្ពុជា នឹងកាន់តែមានការទទួលស្គាល់ពីស្នាដៃសម្រាប់ការងារជួយសង្គម និងលើកកម្ពស់តារាសិល្បៈនោះផង។
អ៉ីចឹងហើយទើបលោកសម្រេចចិត្តចំណាយពេល និងថវិកាជប់លៀងជាកាដូដល់សមាជិកគ្រួសារតារាកម្ពុជា ដែលបានចុះជួយព្រឹត្តិការណ៍សង្ក្រានកាលពីយប់ថ្ងៃទី៤ មេសា ដោយបានទាំងផ្ដល់កិច្ចសហប្រតិបត្តិការណ៍ជាច្រើនលើកសរសើរដល់តារាសិល្បៈដែលរួមចំណែក។

នៅក្នុងពិធីជប់លៀងនោះ គេឃើញតារាសិល្បៈរបស់គ្រួសារតារាកម្ពុជាសប្បាយចិត្តឡើងកប់តែម្ដង ដោយសារតែរយៈពេលជាងមួយឆ្នាំតាំងពីមានវត្តមានគ្រួសារតារាកម្ពុជា គឺក្រុមមួយនោះ កម្រមានពេលជួបជុំគ្នាជាលក្ខណៈមិត្តភាពទ្រង់ទ្រាយធំបែបនេះខ្លាំងណាស់។ តារាសិល្បៈរហូតដល់ជាង១០០នាក់ បានបង្ហាញខ្លួនបង្កើនទំនាក់ទំនង ដោយមានទាំងថតរូបសែលហ្វីជុំគ្នា ការច្រៀងរាំ និងរាំលេងរហូតដល់ពាក់កណ្ដាលអាធ្រាតុ ដើម្បីជាការស្វាគមន៍អបអរឆ្នាំថ្មីនោះផង។ នៅក្នុងពិធីនេះ គេឃើញតារាសិល្បៈយ៉ាងច្រើនកុះករ រំលេចសកម្មភាពលេងសើចបង្កើនមិត្តភាពគួរអោយសរសើរដោយមិនប្រកាន់ថាជាតារាល្បី ឬមិនល្បីនោះទេ ខណៈដែលរូបថតជួបជុំរបស់ពួកគេ ក៏មើលហើយមិនសើចមិនបាន។ ពិធីនោះក៏មានការប្រគល់ជូននូវប័ណ្ណសរសើរ សម្រាប់អ្នកចូលរួមសង្ក្រាន ហើយមិនទាន់បានទទួលផងដែរ៕

មតិយោបល់