ព័ត៌មានសិល្បៈ និងកម្សាន្ត

យុទ្ធសាស្រ្តមួយ ធ្វើអោយក្រុមបង្ហាញម៉ូដBN ឡើងកូដដូចផ្លេកបន្ទរ

ខុសពីក្រុមបង្ហាញម៉ូដភាគច្រើន ដែលប្រើយុទ្ធសាស្រ្តបណ្ដុះតារាថ្មីៗឲ្យក្លាយជាសមាជិកស្នូល សម្រាប់ក្រុមបង្ហាញម៉ូដ BN ត្រូវគេដឹងថាប្រមែប្រមូលសុទ្ធសឹងតែជាតារាសម្ដែងដែលមានរូបរាងខ្ពស់ៗ និងមានទីផ្សារឲ្យក្លាយជាកម្លាំងរបស់ខ្លួន។ អ៉ីចឹងហើយទើបក្រុមមួយនេះវាយលុកទីផ្សារមិនដល់ច្រើនឆ្នាំនោះទេ ប៉ុន្តែក្ដោបក្ដាប់ទីផ្សារការងារនៅប៉ុស្ដិ៍ទូរទស្សន៍ធំៗស្ទើរគ្មានសល់។

លោក យន វុទ្ធី ដែលត្រូវគេស្គាល់ថាជាពិធីករឆ្នើមមួយរូបក្នុងព្រឹត្តិការណ៍ធំៗរបស់«គ្រួសារតារាកម្ពុជា» និងជាអ្នកចាត់ចែងក្រុមនេះ បានអះអាងថា ចាប់តាំងពីក្រុមបង្ហាញម៉ូដ BN ដំណើរការក្រុមរបស់លោកបានផ្ដោតលើការប្រមូលយកតារាសម្ដែងទាំងស្រីទាំងប្រុសដែលចង់បន្ថែមអាជីពជាតារាបង្ហាញម៉ូដ ឲ្យក្លាយជាសមាជិករបស់ខ្លួនជាយុទ្ធសាស្រ្តចម្បង។ ប៉ុន្តែក៏មានតារារះថ្មីដែលក្រុមជម្រើសបានធ្វើជាកម្លាំងស្នូលផងដែរ ដោយគ្រាន់តែមុខសញ្ញារបស់ក្រុមគឺចង់បានតារាដែលមានអាជីពស្រាប់មកធ្វើជាកូនក្រុមច្រើនជាង។ ហេតុផលនៃការសម្រេចចិត្តនេះ គឺដើម្បីឲ្យមានទីផ្សារ និងមានការចាប់អារម្មណ៍ ដោយមិនចាំបាច់វិនិយោគពេលវេលាយូរ ហើយជាលទ្ធផលគឺក្រុមទាំងមូលទទួលជោគជ័យ។

ក្រោមការដឹកនាំរបស់ម្ចាស់ហាងកាត់ដេ បូរ៉ានិច គឺអ្នកស្រី នូ ណាវាសនា លោកថាក្រុមរបស់លោកក៏មានអ្នកច្នៃម៉ូតសំលៀកបំពាក់ធ្វើការប្រកួតប្រជែងផងដែរ ទើបឲ្យតែក្រុមរបស់លោកបង្ហាញខ្លួន ភាគតិចណាស់មិនមានការចាប់អារម្មណ៍។ ក្នុងនោះកម្មវិធីបង្ហាញម៉ូដថ្នាក់ជាតិសំខាន់ៗ រួមមានបុណ្យសមុទ្រ បុណ្យទន្លេ និងកម្មវិធីរបស់ក្រសួងទេសចរណ៍នៅឯក្រៅប្រទេសក៏ក្រុមមួយនេះ ទទួលបានការងារស្ទើរណែនដៃ។ លោក យន វុទ្ធី និយាយថា«យុទ្ធសាស្រ្តប្រមូលតារាសម្ដែងស្រាប់យកមកធ្វើជាកូនក្រុម គឺទី១គេស្គាល់សមាជិកយើងមិនបាច់ប្រូម៉ូតច្រើន ហើយទី២ពួកគាត់សុទ្ធតែមានទីផ្សារ និងមានទំនាក់ទំនងជាមួយទូរទស្សន៍ស្រាប់ ទើបកម្មវិធីទូរទស្សន៍មួយចំនួន គឺពួកគាត់ជាអ្នកចងភ្ជាប់ឲ្យ!»។

លោកថាមកទល់ពេលនេះ ក្រុមបង្ហាញម៉ូដ BN កាន់តែប្រមូលបានតារាសម្ដែងបានច្រើន ហើយតារាទាំងនោះ ក្រោយពេលចូលជាសមាជិក ក៏ជួយឲ្យពួកគេមានកេរ្តិ៍ឈ្មោះកាន់តែហើបជាងមុន។

មកទល់ពេលនេះ ក្រុមបង្ហាញម៉ូដ BN មិនត្រឹមតែលេចធ្លោរក្នុងសកម្មភាពដើរបង្ហាញម៉ូដលើឆាកទូរទស្សន៍ប៉ុណ្ណោះទេ តែក្នុងសកម្មភាពសង្គមធំៗក៏ទទួលបានការកោតសរសើរផងដែរ ដោយសារតែតារាល្បីៗដែលជាសមាជិកក្រុម រមែងស្ម័គ្រចិត្តក្នុងសកម្មភាពសប្បុរសធម៌នានា ធ្វើឲ្យមហាជនកត់សម្គាល់។ ជាក់ស្ដែងក្នុងព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រានមុននេះ ក្រុមបង្ហាញម៉ូដ BN ក៏បានស្ម័គ្រចិត្តទាំងប្រុសទាំងស្រី ដោយមិនគិតពីផលចំណេញជួយដល់កម្មវិធីថ្នាក់ជាតិមួយនេះផងដែរ៕

មតិយោបល់