ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្ពុជាត្រៀមស្នាដៃជាង២០រឿង ក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំនេះ

គណកម្មការរៀបចំព្រឹត្តិការណ៍មហោស្រពភាពយន្តអន្តរជាតិ បានប្រកាសកាលពីថ្ងៃទី៥ មីនាថា ព្រឹត្តិការណ៍មហោស្រពភាពយន្តក្នុងឆ្នាំនេះ នឹងមានភាពយន្តកម្ពុជារហូតដល់ជាង២០រឿង គឺច្រើនជាងលើកមុនៗ នឹងបង្ហាញខ្លួន ជាមួយនឹងភាពយន្តបរទេស។ មានការសន្និដ្ឋានថា ភាពយន្តទាំងជាង១៣០ រឿង មកពី ៣៧ ប្រទេសនៅទូទាំងពិភពលោក នៅក្នុងឆ្នាំនេះ នឹងធ្វើអោយមហោស្រពភាពយន្តនៅក្នុងឆ្នាំនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង។

លោក ស៊ុន ខេមរ៉ា ជាអ្នក​សម្របសម្រួលកម្មវិធី​​មហោស្រព​ភាពយន្ត​អន្តរជាតិកម្ពុជា បានថ្លែងប្រាប់ “ផុសញូ”ថា មហោស្រពមួយនេះ ធ្វើឡើងរាល់ឆ្នាំ ដោយក្នុងឆ្នាំនេះ ខ្សែភាពយន្តរឿងល្បីៗដូចជារឿង «ហ៊្វូណន» ដែលជាភាពយន្តជាប់ពានរង្វាន់ ក្នុងមហោស្រពភាពយន្តគំនូរជីវចលទីក្រុងអានស៊ី កាលពីឆ្នាំ ២០១៨ រឿង «ផ្នូរគ្មានឈ្មោះ»ដែលឈ្នះមហោស្រពភាពយន្តនៅទីក្រុងវេនីស និងជាបេក្ខភាពក្នុងពានរង្វាន់អូស្ការ កាលពីឆ្នាំ ២០១៩ ក្ដៅៗតំណាងឲ្យកម្ពុជា រឿង «តន្ត្រីជីវិត» របស់មហោស្រពភាពយន្តអន្តរជាតិទីក្រុងតូក្យូ និង រឿង «The Prey» របស់មហោស្រពភាពយន្តអន្តរជាតិ ទីក្រុងប៊ូសាន កាលពីឆ្នាំ ២០១៨ ក៏នឹងបង្ហាញខ្លួន។

មហោស្រពក្នុងឆ្នាំនេះ លោកថាធ្វើឡើងស្របពេលខួប៤០ឆ្នាំ នៃការដួលរលំរបបខ្មែរក្រហម ទើបមានភាពយន្តខ្នាតធំ ក៏ដូចជាភាពយន្តឯកសារល្បីៗជាច្រើន និយាយអំពីរបបប្រល័យពូជសាសន៍នៅកម្ពុជា នឹងបញ្ចាំងជូន។ កម្មវិធីដ៏ពិសេសនេះ ក៏រួមបញ្ចូលផងដែរនូវការតាំងពិព័រណ៍ស្នាដៃសិល្បៈ ព្រមទាំងកិច្ចពិភាក្សា ដែលនឹងប្រព្រឹត្តទៅ នៅឯមជ្ឈមណ្ឌលបុប្ផាណា។

ក្នុងព្រឹត្តិការណ៍នេះ ធ្វើឡើងពីថ្ងៃទី៩ ដល់ថ្ងៃ១៤ មីនា ដោយកម្ពុជាមានភាពយន្ត26ចូលរួម ដែលគិតជាភាគរយ គឺមានចំនួនច្រើនបំផុត ធៀបទៅនឹងមហោស្រពភាពយន្តអន្តរជាតិនៅបរទេស។ មហោស្រពភាពយន្តរបស់យើង នឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តចំនួន ១៥០ លើក នៅតាមរោងភាពយន្តធំៗមួយចំនួន ក្នុងរាជធានីភ្នំពេញ ក្នុងនោះរួមមាន រោងភាពយន្តលេជេន រោងភាពយន្តម៉េជ័រស៊ីណេផ្លិច រោងភាពយន្តប្រែមស៊ីណេផ្លិច មជ្ឈមណ្ឌលបុប្ផាណា សាលមហោស្រពចតុម្មុខ និងសណ្ឋាគាររ៉ូសវូដ៕

មតិយោបល់