នៅទីបំផុតភោជនីយដ្ឋាន«ល្បុកត្តោក្លិប»ដែលតារាចម្រៀង និងជាតារាសម្ដែងអ្នកនាងពេជ្រ ខេនឌី បើកដំណើរការយ៉ាងកក្រើកនៅសៀមរាប កាលពីដើមឆ្នាំ២០១៧ នោះត្រូវបានរលំហើយ ដោយនាងប្រកាសឈប់ចង់តស៊ូ និងលែងមានគំនិតបន្តការលើកស្ទួយក្បាច់គុនល្បុកត្តោតតាមអ្វីដែលបានប្រកាសឡើងបន្តទៅទៀត។ នាងបានសម្រេចសេងហាងអោយទៅម្ចាស់ថ្មី កាលពីដើមខែមេសា ក្នុងឆ្នាំ២០១៨ ថ្មីៗនេះ ដោយអះអាងថាការខាតបង់ប្រមាណជាជិតកន្លះលានលានដុល្លារ គឺជាបទពិសោធន៍ដ៍អាក្រក់មួយ។
អ្នកនាងពេជ្រ ខេនឌី បានអះអាងថា ដោយសារតែមានការព្រមព្រៀងច្បាស់លាស់ និងមានបំណងចង់លើកស្ទួយនូវវិស័យល្បុកត្តោខ្មែរអោយអន្តរជាតិបានស្គាល់អោយកាន់តែទូលំទូលាយផង ទើបនាងសម្រេចចិត្តបើកភោជនីយដ្ឋានខុសប្លែកពីគេមួយ ដោយហាងលក់អាហារខ្មែរ និងផឹកស៊ីនោះ ត្រូវបានស្ថាប់ជាលក្ខណៈសង្វៀនប្រដាល់ ដោយនៅខាងក្រោម និងជាន់ខាងលើ ជាកន្លែងដាក់តុទទួលភ្ញៀវជាលក្ខណៈភោជនីយដ្ឋាន ហើយនៅចំកណ្ដាលគឺសង្វៀនប្រកួតកីឡាល្បុកត្តោ។
អ្នកនាងថាក្នុងហាងរបស់ខ្លួនក្រៅពីមានវង់តន្ត្រីជាប្រចាំ ក៏មានការប្រកួតរវាងកីឡាករល្បុកត្តោនៅទូទាំងប្រទេស ដោយមានការរៀបចំជាគណកម្មការផ្ដល់ពិន្ទុ ក្រោមការទទួលស្គាល់ពីសហព័ន្ធ និងគណកម្មការជាតិអូឡាំពិកផងដែរ ដោយភោជនីយដ្ឋានមួយនេះត្រូវបានភ្ញៀវជាតិ និងអន្តរជាតិនៅខេត្តសៀមរាបចាត់ទុកថាជាកន្លែងសម្ដែង និងប្រកួតក្បាច់គុនល្បុកត្តោជាប្រចាំ ដើម្បីរកចំណូលអោយអ្នកហាត់ល្បុកត្តោ និងដើម្បីអោយកីឡាមួយនេះទទួលបានការចាប់អារម្មណ៍ជាងមុននោះផង។ នៅក្នុងភោជនីយដ្ឋាននោះ ក៏មានទីលានសម្រាប់បង្វឹកអ្នកចង់ហាត់កីឡាល្បុកត្តោផងដែរ ទើបហាងរបស់អ្នកនាងចំណាយក្នុងការសាងសង់ ដេគ័រ និងការរៀបចំផ្សេងអស់រហូតដល់៣០ម៉ឺនដុល្លារទម្រាំតែអាចបើកបាន។ យ៉ាងណាមិញអ្នកនាងថា ក្ដីរំពឹងពីការគាំទ្រមិនច្រើននោះទេ ដោយសារតែក្នុងថ្ងៃខ្លះមានភ្ញៀវមិនច្រើនដូចការចង់បាន ហើយកីឡាករ និងគណកម្មការរៀបចំការប្រកួតល្បុកត្តោប្រចាំហាងទៀតសោតគឺដឹងតែលុយ មិនខ្វល់ពីសុខទុក្ខរបស់អ្នកនាងជាថៅកែ។
អ្នកនាងនិយាយថា«ដោយសារតែខ្ញុំគោរពស្រឡាញ់លោកតាសាន គឹមស៊ាន អ្នកចងក្រងល្បុកត្តោ ហើយចង់ជួយអោយស្នាដៃរបស់គាត់ល្បីល្បាញ ទើបរៀបចំបង្កើតទម្រង់ហាងហ្នឹងឡើង ប៉ុន្តែជាក់ស្ដែងគឺភ្ញៀវមិនមែនសុទ្ធតែពេញៗរាល់ពេលប្រកួតល្បុកត្តោនោះទេ ទើបធ្វើអោយហាងខាតរាល់ថ្ងៃ!»។ អ្នកនាងថាខ្លួនចាប់ផ្ដើមបាក់ទឹកចិត្ត នៅពេលដែលកីឡាករដែលអ្នកនាងយកមកពីខេត្តកំពង់ឆ្នាំង និងពីក្លិបផ្សេងនៅភ្នំពេញ គឺអ្នកនាងចំណាយលើសោហ៊ុយ និងតម្លៃខ្លួនអោយខ្ពស់ តែនៅពេលហាងខ្សត់ភ្ញៀង គឺគ្រាន់តែបើកលុយកាក់យឺតយ៉ាវតិចតួច ក៏គ្មានការយោគយល់ ហើយអត់ខ្វល់រឿងហាងបានចំណូលរួចខ្លួនឬមិនរួចខ្លួន គឺដឹងតែពីទារឡើងថ្លៃ មិនថាកីឡាករ និងគ្រូអ្នករៀបចុះ។ អ្នកនាងថាខ្លួនខាតលើមុខជំនួញមួយនេះ មិនក្រោមជាង៤០ម៉ឺនដុល្លារនោះទេ ដោយសារតែជម្នះមិនដាក់តន្ត្រីប្រគំជាប្រចាំដែលចំណាយអស់តិចជាងការបើកប្រកួត និងសម្ដែងកីឡាល្បុកត្តោច្រើនថ្ងៃក្នុងមួយសប្ដាហ៍នោះ។
អ្នកនាងពេជ្រ ខេនឌី បើតាមតែស្រឡាញ់អាជីវកម្មមួយនោះ អ្នកនាងមិនសម្រេចចិត្តសេងចោលនោះទេ ដោយសារតែការសេងចេញគឺបានតម្លៃថោក ហើយស្វាមីរបស់អ្នកនាងដែលអ្នកជំនួញជនជាតិចិន ក៏មានទុនអោយអ្នកនាងបោះខាត។ ប៉ុន្តែមកពីកីឡាករ និងគណកម្មការរៀបចំល្បុកត្តោប្រចាំហាង ធ្វើអោយអ្នកនាងស្មុគស្មាញពេក ទើបសម្រេចចិត្តសេងចោលតែម្ដង បើទោះជាបានដើម្បីវិញក្នុងកម្រិតតិចតួច។ អ្វីដែលអ្នកនាងស្ដាយខ្លាំង គឺម្ចាស់ហាងថ្មី បានសម្រេចយកទីលានប្រចាំហាង ធ្វើការការប្រកួតប្រដាល់ថៃ និងជាវង់តន្ត្រី ជំនួសអោយអវត្តមានល្បុកត្តោ៕
មតិយោបល់