ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រៅពីសង្សារ ណាតាហ្សា មានអ្នករារាំងមិនអោយថតកុនទូរទស្សន៍

មានការទទួលស្គាល់ជាយូរមកហើយជុំវិញការដាក់សម្ពាធរបស់គូស្នេហ៍ជាកីឡាករបាល់ទាត់ក្នុងក្រុមជម្រើសជាតិកម្ពុជាល្បីឈ្មោះជាជនជាតិអាហ្វ្រិកខាងត្បូង គឹលោក ប៊យសេន ទើបធ្វើអោយតារាសម្ដែងកូនកាត់ឥស្លាមកញ្ញា ណាតាហ្សា ស្ងាត់ការងារសិល្បៈក្រោយឡើងកូដក្នុងរឿង«កំណត់ហេតុនាងនាថ!»។ យ៉ាងណាក៏ដោយនាងបានទម្លាយថាមិនមែន គ្រាន់តែសង្សារនោះទេ ដែលដាក់សម្ពាធធ្វើអោយលោកបោះបង់ការងារសិល្បៈអស់មួយសន្ធឹក សូម្បីតែបុគ្គលសំខាន់ម្នាក់ទៀត ក៏ធ្វើអោយនាងបោះបង់ការងារថតកុនដាក់កញ្ចក់ទូរទស្សន៍ផងដែរ។

កញ្ញា ណាតាហ្សា និយាយថា ក្នុងពេលដែលកញ្ញាត្រូវបានគេស្គាល់ច្រើន មានបណ្ដាផលិតកម្មជាច្រើនទាក់ទងអោយនាងថតរឿងភាគទូរទស្សន៍ ប៉ុន្តែនាងមិនដែលហ៊ានទទួលថតនោះទេ ដោយសារតែនាងគឺជាជនជាតិជាតិខ្មែរឥស្លាម ដែលមិនមានការគាំទ្រ ជាពិសេសគឺម្ដាយ ដែលមិនចង់អោយនាងទទួលការងារជាអ្នកសិល្បៈ ហើយរមែងបើកមុខមិនទទូរក្រម៉ាអោយត្រូវនឹងជនជាតិចាម។ កញ្ញាថានាងប្រឡូកការងារសិល្បៈ មិនតិចឆ្នាំនោះទេ ប៉ុន្តែនាងហ៊ានទទួលថតតែភាពយន្តខ្នាតធំប៉ុណ្ណោះ ដោយសារតែភាពយន្តនោះមិនសូវទូលំទូលាយក្នុងការដាក់បញ្ចាំងដូចដាក់បញ្ចាំងលើទូរទស្សន៍ធ្វើអោយនាងមានសម្ពាធពីគ្រួសារ។

យ៉ាងហោចមានភាពយន្តភាគប្រចាំទូរទស្សន៍៣ ដែលនាងមិនបានទទួលថត ដោយសារតែហេតុផលនេះ ខណៈដែលក្រោយពីច្រានចោលសំណើររបស់ផលិតករទាំង៣រឿង ក៏ស្ងាត់មិនមានផលិតណាម្នាក់ហៅថតបន្តទៀត។ យ៉ាងណាមិញ កញ្ញាថា មកទល់ពេលម្ដាយរបស់នាង និងគ្រួសារបានដឹងថានាងគឺជាតារាសម្ដែងម្នាក់ក្នុងនាមជានារីកូនកាត់ចាមហើយ ដោយក្រោយពីហាមប្រាមនាងមិនបាន ក៏បើកចំហរអោយនាងសម្ដែងតាមចិត្ត ដោយគ្រាន់តែស្នើអោយនាងគោរពអោយបាននូវប្រពៃណីខ្មែរឥស្លាម។

នាងថាសប្បាយចិត្ត ដែលភាពយន្តដែលនាងសម្ដែងកន្លងមក មានជនជាតិឥស្លាមនៅកម្ពុជាច្រើនគាំទ្រ ដោយសហគមន៍ឥស្លាមភាគច្រើនបានដឹងថាជាតួសម្ដែង តាំងពីមុនគ្រួសារ និងម្ដាយរបស់នាងបានដឹងនោះផង។

តារាសម្ដែង និងជាពិធីការិនី ណាតាហ្សា និយាយថា ទម្រាំឈានដល់ការងារសិល្បៈមានការរីកចំរើនមកទល់ពេលនេះ នាងមានបុគ្គលសំខាន់ៗនៅក្នុងជីវិតធ្វើជារនាំងចំពោះខ្លួនយ៉ាងខ្លាំង ប៉ុន្តែមកពីនាងស្រឡាញ់សិល្បៈ ហើយសុខចិត្តតាំងចិត្តជម្នះទើបទីបំផុតក៏ត្រូវបានគ្រួសារ និងគូស្នេហ៍ទទួលយក។ យ៉ាងណាមិញ នាងថាសង្សាររបស់នាង នៅតែមានអារម្មណ៍ខ្លាចនាងល្បីឈ្មោះជាងនេះ ហើយបោះបង់ស្នេហា បើទោះជានាងប្រកាន់ជំហរមិនចោលស្នេហាកម្សត់កម្រ ដោយមិនខ្វល់ពីការទន្ទងលុយកាក់ពីសំណាក់បុរសអ្នកមានក្ដី។ កញ្ញាថា បើនាងចេះចោលស្នេហា នាងចោលជាយូរមកហើយ ដោយសារតែពេលមិនទាន់ល្បីខ្លាំងក៏មានអ្នកមកលែបខាយចំពោះរូបនេះបែបនេះផងដែរ អ៉ីចឹងហើយទើបក្នុងពេលខ្លះនាងក៏ឈប់តាមចិត្តសង្សារ ហើយចុងក្រោយសង្សារក៏មានទំនុកចិត្តចំពោះនាងខុសពីមុន។ នាងថានឹងទទួលសម្ដែងភាពយន្តភាគជាថ្មី ស្របគ្នាដែលអាជីពពិធីការិនីរបស់នាងក៏ទទួលបានផ្លែផ្កាក្រោយប្រកាសទទួលការងារ៕

មតិយោបល់