នៅក្នុងពិភពសិល្បៈ កម្រមានតារាណាម្នាក់មិនធ្លាប់ហែលឆ្លងនូវប្រវត្តិជីវិតជូរចត់ខ្លាំងណាស់ ប៉ុន្តែប្រសិនបើស្ថានភាពកម្សត់ទាំងនោះនៅតែបន្តតោងស្អិតនៅពេលតារាណាម្នាក់បានក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងទៅហើយ នោះគឺជាគួរសង្វេគ ដែលបានតាមលងបន្លាចចំពោះតារាសិល្បៈ។ ក្នុងចំណោមតារាៗកម្សត់ៗទាំងនោះ មានការទម្លាយថាតារាប្រុស២រូប បើទោះជាមានការងារច្រៀងរាំស្ទើរមិនលះថ្ងៃមួយពេលតែស្ថានភាពរស់នៅនៅតែកម្សត់ពិបាកភ្នែកមើល។
លោក ស៊ឹម ស៊ីណាត៖ ហែលឆ្លងអាជីពចម្រៀងមិនក្រោម១០ឆ្នាំ តារាដែលមានទម្រង់ច្រៀងរាំតាមរបៀបជាតារាបែបប្រពៃណីខ្មែររូបនេះមានទីផ្សារកាន់តែខ្លាំងក្នុងក្រុមចម្រៀងរបស់អ្នកនាងខាត់ សុឃីម ក្រុមចម្រៀងរបស់ម្ចាស់បទ«សេដ្ឋីស្រុកស្រែ»និងក្រុមអាហ្វែផ្សេងទៀត ស្ទើរមិនមានម៉ោងសម្រាក តែស្ថានភាពរស់នៅរបស់លោកនៅតែលំបាក។
ក្រៅពីមានផ្ទះកំណើតនៅស្រុកកំណើតនៅកំពង់ស្ពឺ លោកត្រូវគេដឹងរស់នៅផ្ទះជួលយ៉ាងកម្សត់នៅម្ដុំស្ទឹងមានជ័យ ដោយលោកក៏មានបន្ទុកជាប់ក្លៀកក្នុងការចិញ្ចឹមបីបាច់ប្អូនៗ៥នាក់ និងម្ដាយមីងម្នាក់ បន្ទាប់ពីឪពុកចិញ្ចឹមរបស់ត្រូវគេប្លន់សម្លាប់នៅមុខសាលាបឋមសិក្សាទួលគោក។ លោកអះអាងថាតាំងពីតូចរហូតដល់ធំ លោករស់នៅជាមួយម្ដាយនៅស្រុកកំណើតបានតិចបំផុត ដោយលោករស់នៅក្រោមបន្ទុករបស់ម្ដាយមីងបង្កើត និងស្វាមីនៅភ្នំពេញច្រើនជាង ដោយឪពុកមារបស់លោកដែលជាឪពុកចិញ្ចឹមផងនោះ គឺជានាយករងសាលាបឋមសិក្សាទួលគោក ទើបធ្វើអោយលោកក៏មិនខុសពីកូនម្នាក់ក្នុងគ្រួសាររបស់ម្ដាយមីងលោក ដែលតម្រូវអោយលោកត្រូវរ៉ាប់រងចំពោះគ្រួសារម្ដាយមីងវិញនៅពេលគ្រួសារមួយនេះធ្លាក់ខ្លួន។ ក្រោយពីឪពុកមាត្រូវគេសម្លាប់ លោកថាម្ដាយមីងរបស់លោកក៏មានជំងឺសួតធ្ងន់ធ្ងរ ដែលធ្វើអោយលោកត្រូវស្វះស្វែងរកលុយចិញ្ចឹមកូនទាំង៥របស់ម្ដាយមីង ដែលជាប្អូនជីដូនមួយនោះផង និងត្រូវរកលុយព្យាបាលម្ដាយមីង ដែលមិនខុសពីម្ដាយបង្កើតនោះផង។ លោកថ្ងូរដោយអារម្មណ៍ក្ដុកក្ដូលថា ស្នាមញញឹមមានតែនៅលើឆាកប៉ុណ្ណោះ ស្របគ្នាដែលលោកក៏សម្រេចមិនទៅប្រទេសអូស្រ្តាលីតាមធានាចេញរបស់គូស្នេហ៍ព្រោះតែមិនអាចទម្លាក់ចោលប្អូនៗ និងម្ដាយមីង ក្នុងពេលមានទុក្ខនេះបាន។ លោកថាគ្រួសាររបស់លោកបានត្រឹមតែមួយគែៗរៀងខ្លួនប៉ុណ្ណោះ ទើបស្ថានភាពលំបាករបស់ម្ដាយលោក បើមិនមានអ្នកជួយ គឺមានតែទុកអោយប្អូនៗតូចៗ និងម្ដាយមីងរបស់លោករង់ចាំដេកស្លាប់ ដែលលោកបញ្ជាក់ថាមិនអាចទល់ភ្នែកបែបនេះបាន។
សេម ម៉ាកូ៖ តារារូបនេះ ក៏ត្រូវគេដឹងថាកម្សត់ណាស់ដែរ ចាប់តាំងពីម្ដាយរបស់លោកគាំងបេះដូងស្លាប់កាលពីខែ១២ ឆ្នាំ២០១៦ ស្របគ្នាដែលផ្ទះធំដុំរបស់គ្រួសារក៏ត្រូវទុស្សេឆេះម៉ត់ ក្រោយម្ដាយបូជាបាន១៨ថ្ងៃ។ មកទល់ពេលនេះ លោក និងគ្រួសារ ត្រូវគេដឹងថាធ្លាក់ខ្លួនក្រីក្រ និងមិនមានផ្ទះសមរម្យដើម្បីរស់នៅឡើយ ដែលតម្រូវអោយលោក និងប្អូនប្រុសត្រូវបង្ខំចិត្តឈប់រៀន ដើរច្រៀងអកកេសមិនស្គាល់យប់ថ្ងៃ ដើម្បីដោះបំណុលរឿងផ្ទះជាប់ធនាគារតាំងពីមុនម្ដាយស្លាប់ផង។ តារាចម្រៀង លោកសេម ម៉ាកូ បានអះអាងថាលោកមិនមានសូម្បីតែម៉ូតូជិះ ដោយសារតែការច្រៀងអកកេសរាល់ថ្ងៃ គឺដើម្បីដោះបំណុល និងចិញ្ចឹមគ្រួសារ។ លោកក៏មានបន្ទុកក្រោយពីប្អូនប្រុសពៅ ដែលដើរច្រៀងការជាមួយខ្លួន ទើបតែត្រូវរបួសដាច់ម្រាមដៃមួយ ហើយដេកឈឺខ្មាស់ទាំងអ្នកសិល្បៈដូចគ្នា មិនហ៊ានទទួលច្រៀងនោះផងដែរ។
លោកអះអាងថា ក្រោយម្ដាយស្លាប់ចោល ក្រោយផ្ទះឆេះម៉ត់ ជីវិតប្រចាំថ្ងៃមិនខុសពីកូនកំព្រានោះទេ ដោយក្នុងថ្ងៃខ្លះបើអត់អាហ្វែច្រៀង គឺស្ទើរមិនមានលុយកាក់ទិញអង្ករ ទិញម្ហូបក៏មាន ដោយសារតែលោកក៏មិនមានដីស្រែដូចអ្នកភូមិខ្លះ។
យ៉ាងណាមិញ លោកថាសប្បាយចិត្ត បន្ទាប់ពីការងារច្រៀងរាំចាប់ផ្ដើមហើបឡើង បើទោះជាចំណូលនៅតែមិនទប់ទល់នឹងតម្រូវការ៕
មតិយោបល់