ព័ត៌មានសិល្បៈ និងកម្សាន្ត

ភ្ញាក់ផ្អើលបទ«រាំឲ្យបែកដី» សុគន្ធ ដេវីដ គ្មានវត្តមាន ដួង ម៉ានិច្ច ក្រោយមានការសង្ស័យរឿងអន់ចិត្ត

គ្មានអ្នកណាមិនដឹងនោះទេថា ក្នុងពេលដែលចេញច្រៀងប្រូម៉ូតបទចម្រៀងនិពន្ធថ្មី«រាំឲ្យបែកដី» គឺលោក សុគន្ធ ដេវីដ ដែលជាម្ចាស់បទចម្រៀងបានយកតារាសម្ដែងកញ្ញា ដួង ម៉ានិច្ច ជាប្រចាំជាដៃគូឡើងរាំលើឆាកតន្ត្រី ដោយលោកបានទាំងប្រកាសថានឹងយកតារាស្រីរូបនេះជាដៃគូក្នុងបទចម្រៀងរបស់ខ្លួន ដែលអាចនឹងក្លាយជាដៃគូស្អិតរមួត សម្រាប់អាជីពចម្រៀងនោះផង។ ប៉ុន្តែក្រោយពីកត់សម្គាល់ឃើញកញ្ញា ដួង ម៉ានិច្ច បំបាក់មុខម្ដងនៅប៉ុស្ដិ៍លេខ៥ជុំវិញស្នើឲ្យលោកឆ្លើយថាលោកធ្លាប់ស្រឡាញ់ភេទដូចគ្នានៅចំពោះអ្នកកាសែត ឬយ៉ាងណា ស្រាប់តែទំនាក់ទំនងរបស់អ្នកទាំងពីរហាក់ឆ្ងាយៗពីគ្នា ដោយភស្ដុតាងច្បាស់កាន់តែបង្ហាញក្រោយពីMV បទចម្រៀង«រាំឲ្យបែកដី»ដែលទើបចេញបង្ហោះក្ដៅៗ បែរជាមានវត្តមានតារាម្នាក់ផ្សេងមកជំនួសនោះផង។ យ៉ាងណាមិញជុំវិញការលើកឡើងនេះ តារាចម្រៀងជាសមីខ្លួន បានធ្វើការឆ្លើយតប។

លោក សុគន្ធ ដេវីដ និយាយថា ហេតុផលដែលបទចម្រៀង«រាំឲ្យបែកដី»ដែលបានថតចេញជាMV មិនមានវត្តមានកញ្ញាដួង ម៉ានិច្ច មិនមែនដោយសារតែហេតុផលអន់ចិត្តនឹងគ្នានោះទេ ដោយសារតែស្ថានភាពដែលកញ្ញាបានស្នើឲ្យលោកឆ្លើយនៅចំពោះមុខអ្នកកាសែតនៅក្នុងពេលនោះ ក៏ដើម្បីលាងជម្រះជុំវិញការចោទប្រកាន់ចំពោះលោក ដើម្បីកុំឲ្យមានការលាបពណ៌ចំពោះលោកប៉ុណ្ណោះ។ លោកថាហេតុផលដែលបទចម្រៀង«រាំឲ្យបែកដី»មិនមានវត្តមានរបស់កញ្ញា ដួង ម៉ានិច្ច នៅពេលចុះថតជាវីដេអូ គឺដោយសារតែកញ្ញាក្នុងពេលដែលផលិតកម្ម BN ដាក់ថ្ងៃចុះថត ដែលមិនអាចឲ្យនាងទៅជួយសម្ដែងបាន។ លោកថាកញ្ញា និងលោកនៅតែជាមិត្តល្អ ដោយទោះមិនសូវជួបគ្នានៅខាងក្រៅឆាក ប៉ុន្តែទាំងការឆាត និងខល គឺដូចបងប្អូន ដែលអាចនិយាយបានថាបានដឹងពីសកម្មភាពរបស់គ្នាទៅវិញទៅមក ដោយមិនមានការអន់ចិត្តគ្នាណាមួយដូចការប៉ាន់ស្មានឡើយ។

លោកសម្ដែងការសោកស្ដាយដែលបទចម្រៀងមួយនេះ លោកធ្វើដោយដៅយកកញ្ញា ដួង ម៉ានិច្ច ជាដៃគូ ប៉ុន្តែចុងក្រោយបានត្រឹមតែយកនាងឲ្យឡើងប្រូម៉ូតនៅលើឆាកទូរទស្សន៍ ប៉ុន្តែនៅពេលថត MV បែរជាបាត់មុខនាង។

លោកសុគន្ធ ដេវីដ បានសម្ដែងអារម្មណ៍ខកចិត្តផងពាក់ព័ន្ធនឹងបញ្ហាមិនមានវត្តមានកញ្ញា ដួង ម៉ានិច្ច កាន់តែខ្លាំង ជាពិសេសនៅពេលដែលបទចម្រៀង«រាំឲ្យបែកដី»ទទួលបានការចាប់អារម្មណ៍ក្រោយការបង្ហោះបានប៉ុន្មានម៉ោង នៅលើយូធូប។ លោកថាកញ្ញា ដួង ម៉ានិច្ច នឹងនៅតែជាដៃគូរបស់ខ្លួនសម្រាប់បទចម្រៀងក្រោយៗ ប៉ុន្តែក៏ទាមទារឲ្យពេលដែលលោកធ្វើបទណាមួយឲ្យសមនឹងភាពស៊ិចស៊ីរបស់នាង និងសមនឹងភាពក្រម៉ិចក្រម៉ើមរបស់នាងសិនដែរ។

ចង់ដឹងថាMV បទ«រាំឲ្យបែកដី»ដែលមិនមានវត្តមានកញ្ញា ដួង ម៉ានិច្ច ដូចលើវេទិកាឆាកតន្ត្រីដែលទើបបង្ហោះមុននេះ មានរសជាតិយ៉ាងណា សូមអញ្ជើញទស្សនា៖

មតិយោបល់