ព័ត៌មានជាតិ

ផ្ញើការបូបមួយភ្លែត បាត់លុយជាង១ពាន់ដុល្លារ!..

ភ្នំពេញៈ ស្ត្រីកម្មការិនីរោងចក្រម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកធ្វើការសាកសួរកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ធ្វើការជាមួយគ្នាចោទប្រកាន់ថាលួចលុយអស់ជាង១ពាន់ដុល្លារ កាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ នៅក្នុងរោងចក្រប៊រី ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ម៉ាន់ ណាវ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មការិនី រោងចក្រ ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណើតនៅភូមិ មួម ឃុំពេជ្រមន្នី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកជនសង្ស័យឈ្មោះ ឡុង មួន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ កម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួល ភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ មានស្រុកកំណើតនៅភូមិតាពេទ្យ ឃុំព្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។

តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុរូបគាត់បានចូលបម្រើការងារក្នុងរោងចក្រប៊រី ដោយអង្គុយធ្វើការជិតនិងឈ្មោះឡុង មួន ខណៈមកដល់វេលាកើតហេតុរូបគាត់បានទុកការបូបលុយនៅក្នុងថតតុធ្វើការហើយបានផ្ញើឈ្មោះឡុង មួន រួចក៏ទៅបន្ទប់ទឹក។

ជនរងគ្រោះបានបន្តថា នៅពេលរូបគាត់មកពីបន្ទប់ទឹកវិញស្រាប់តែមកមើលការបូបលុយបាត់លុយអស់ចំនួន១២០០ដុល្លារនិងលុយខ្មែរជាង១០ម៉ឺន ពេលនោះរូបគាត់ក៏បានសួរឈ្មោះឡុង មួន ថាមានបានយកលុយរបស់គាត់អត់? ពេលនោះជនសង្ស័យក៏បានឆ្លើយថា អត់បានយកទេ។
ជនរងគ្រោះបានបន្តទៀតថា បន្ទាប់មករូបគាត់ក៏បានដើរសួអ្នកជិតខាងគេប្រាប់ថា ឃើញឈ្មោះឡុង មួន យកការបូបលុយមើលតែមិនដឹងថាយកលុយរឺអត់។

ក្រោយមកជនរងគ្រោះក៏បានទៅនិយាយជាមួយជនសង្ស័យប្រាប់ថាបើយកលុយគាត់ឲ្យវិញមកគាត់មិនប្តឹងផ្តល់ទេ តែជនសង្ស័យនៅតែប្រកែកទើបព្រឹកទី១០ ខែឆ្នាំដដែលទើបជនរងគ្រោះប្តឹងសមត្ថកិច្ចឲ្យឃាត់ខ្លួននាំយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទី៣និងចាត់ការបន្ត៕

មតិយោបល់