ព័ត៌មានសិល្បៈ និងកម្សាន្ត

តារា៣រូប បាត់បង់មនុស្សសំខាន់ ថ្ងៃចូលឆ្នាំ

ខណៈដែលមនុស្សភាគច្រើន សប្បាយរីករាយក្នុងការទទួលទេវតាឆ្នាំថ្មី តារាល្បី៣រូបបែរជាត្រូវទូលទុក្ខ ព្រោះតែបានបាត់​មនុស្សជំនិត នៅក្នុងគ្រួសារយ៉ាងគួរអោយសង្វេគទៅវិញ។ ដោយអ្នកទាំងបីបានប្រកាសធ្វើបុណ្យសពសាច់ញាតិ ក្នុងស្ថានភាពសោះកក្រោះ ព្រោះតែពិធីបុណ្យនោះ ត្រូវចំប៉ុន្មានម៉ោងមុនចូលឆ្នាំ ដែលជាពេលវេលាមនុស្សភាគច្រើន ចេញស្ងាត់ពីក្រុងភ្នំពេញនោះផង។

អ្នកនាង ស៑ុន ណារីម៉ូនីកា៖ អ្នកនាងបានបាត់បង់ក្មួយស្រីជាទីស្រលាញ់ កាលពីថ្ងៃ១១ មេសា ដោយពិធីបុណ្យសព របស់ក្មួយអ្នកស្រី មិនត្រឹមតែខ្សត់តារាសិល្បៈចូលរួមប៉ុណ្ណោះទេ សូម្បីតែសាច់ញាតិរបស់អ្នកនាង ក៍មិនបានមកចូលរួមច្រើនដែរ។ អ្នកនាងថា ជារឿងកម្សត់ណាស់ ដែលពិធីបុណ្យសពរបស់ក្មួយស្រី ស្ទើរតែរកអ្នកកំដរសពមិនបាន ព្រោះតែអាចារ្យ និងចុងភៅជាដើម សុទ្ធតែរវល់។ អ្នកនាងបានសម្រេចបូជាសពក្មួយស្រី ដោយមិនតម្កល់ទុកយូរទេ ស្របពេលដែលអ្នកនាង ក៍ត្រូវជាប់ភារៈ ទៅសម្ដែងការប្រគំតន្ត្រីនៅខេត្តបាត់ដំបងផង។

នាយកុយ៖ លោកបានបាត់បង់បងប្រុសបង្កើតឈ្មោះ ជួង គុណ កាលពីព្រឹកថ្ងៃទី១៣ មេសា ដោយពិធីបុណ្យសព របស់បងប្រុសលោក ក៍សោះកក្រោះណាស់ដែរ។ នាយកុយបានអះអាងថា បងប្រុសរបស់លោកគឺឳពុកទី២ ក្រោយពេលឳពុកម្ដាយស្លាប់ចោល ហើយលោកក៍ជាបងប្រុសដែលកម្សត់ណាស់ដែរ ដ្បិតមានកូនប្រុសតែមួយ កូនប្រុសស្លាប់ចោល ហើយធ្លាក់ខ្លួនឈឺជាប់រហូតមក។ យ៉ាងណាមិញ នាយកុយនៅតែ បានចាកចេញទៅប្រទេសកូរ៉េ ដើម្បីសម្ដែងជូនបងប្អូនខ្មែរ នៅថ្ងៃទី១៤ មេសា តាមការគ្រោងទុក បើទោះជាបុណ្យសពរបស់បងប្រុសមិនទាន់ចប់សព្វគ្រប់។

ឌីជេក្ដិប៖ តារាចម្រៀងរ៉េបរូបនេះ ក៍បាត់បង់ឳពុកជាទីស្រលាញ់ផងដែរ កាលពីថ្ងៃទី១៣ មេសា ដោយលោកបានទាំងផុសតូចចិត្តថា នៅពេលមានទុក្ខ នៅពេលធ្លាក់ខ្លួនក្រ ទើបដឹងថារកមនុស្សពឹងមិនបាន។ លោកត្រូវគេឃើញយំសោកក្នុងពិធីបុណ្យសពឳពុក ដែលបានធ្វើឡើងយ៉ាងសោះកក្រោះមុនថ្ងៃចូលឆ្នាំ ក្នុងពេលដែលពិធីបុណ្យនោះ រឹតតែគ្មានអ្នកសិល្បៈ និងភ្ញៀវកិត្តិយសចូលរួមកុះករ ព្រោះតែកៀកម៉ោងសែនទទួលទេវតា។

នេះជាការបាត់បង់មនុស្សសំខាន់យ៉ាងកម្ររបស់តារាទាំង៣ មុនថ្ងៃចូលឆ្នាំ ខណៈដែលបុណ្យទាំង៣ ដែលបានធ្វើឡើងក៍សោះកក្រោះ គួរអោយសង្វេគ ក្នុងពេលដែលមនុស្សទូទាំងប្រទេសសប្បាយរីរាយ៖

មតិយោបល់