ព័ត៌មានអន្តរជាតិ

ប្រមុខ UN ព្រមានពីសង្រ្គាមចំពេលដ្ឋអាមេរិក ប្រកាសត្រៀមខ្លួនសងសឹក ដើម្បីវាយប្រហារស៊ីរី

UN: មហាអំណាចលោកខាងលិច កាលពីថ្ងៃសុក្រ បាននិយាយថា ការសម្លាប់យ៉ាងរង្គាល ដោយអាវុធគីមីនៅប្រទេសស៊ីរី មិនទទួលបានចំណាត់ការតបតទៅវិញទ្បើយ ខណៈដែលអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានព្រមានប្រឆាំងនឹងការរីករាលដាល ផ្នែកយោធាយ៉ាងពេញទំហឹង។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ១៤ ខែមេសា ឆ្នាំ២០១៨។

ប្រទេសរុស្ស៊ី បានព្រមានដល់ប្រទេសលោកខាងលិច កុំឲ្យធ្វើចលនាគ្រោះថ្នាក់ណាមួយ ប្រឆាំងនឹងរបបដឹកនាំរបស់លោក អាសាដ ដោយអះអាងថា មានភស្តុតាងទាក់ទងនឹងការវាយប្រហារនេះ គឺត្រូវបានធ្វើឡើងដោយក្រុមកម្មករជួយសង្គ្រោះ ដែលធ្វើសកម្មភាពជំនួសឲ្យប្រទេសអង់គ្លេស។

ពាក់ព័ន្ធនឹងការវាយប្រហារនេះ អ្នកជំនាញមកពីអង្គការ សម្រាប់ការហាមឃាត់អាវុធគីមី (OPCW) កំពុងដំណើរស៊ើបអង្កេត ទៅលើការវាយប្រហារឧស្ម័នពុលក្លរីន នៅក្នុងប្រទេសស៊ីរីផងដែរ បន្ទាប់ពីបទចោទប្រកាន់ថា មានការប្រើប្រាស់អាវុធគីមី នៅតំបន់ជាយក្រុងដូម៉ា ដែលកាន់កាប់ដោយឧទ្ទាម កាលពីថ្ងៃទី៧ ខែមេសាកន្លងមក។

រដ្ឋាភិបាលអង់គ្លេសនាពេលថ្មីៗនេះ បានធ្វើការប៉ាន់ប្រមាណថា ចំនួនអ្នកស្លាប់ដោយការវាយប្រហារអាវុធគីមី នៅក្នុងប្រទេសស៊ីរី បានកើនឡើងដល់ ៧៥ នាក់ហើយ ខណៈដែលប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំអង់គ្លេស រួមទាំងបារាំង កំពុងពិចារណាលើសកម្មភាពយោធា ដើម្បីឆ្លើយតបនឹងបញ្ហានេះ៕

មតិយោបល់