ផ្ទុយពីតារាភាគច្រើនដែលបង្ហាញឲ្យឃើញពីភាពក្អាកក្អាយក្នុងឱកាសសង្ក្រានចូលឆ្នាំ តារា២រូប បែរជាបានលេខមុខក្នុងពិធីដើរចែកទានជូនដល់អ្នកក្រ ដោយបានទាំងប្រកាសថាដើម្បីបង្ហាញពីក្ដីស្រឡាញ់ ក្នុងឱកាសថ្ងៃចូលឆ្នាំ ក្នុងពេលដែលមនុស្សភាគច្រើនបានរីករាយ តែអ្នកក្រដែលអ្នកទាំងពីរបានចុះទៅដល់ផ្ទាល់ ប្រឈមនឹងជីវិតដ៏លំបាក។ យ៉ាងណាក៏ដោយ នេះមិនមែនជាលើកទី១ ដែលអ្នកទាំងពីរបានធ្វើនោះទេ ដោយគ្រាន់តែការចែកទានដែលបានធ្វើឡើង ស្ថិតក្នុងបរិយាកាសដែលតារាភាគច្រើនបង្ហាញពីសកម្មភាពរីករាយនៅអំឡុងថ្ងៃសង្ក្រាននៅតាមតំបន់នីមួយៗ ដែលធ្វើឲ្យមានការចាប់អារម្មណ៍ជាងគេបន្តិចប៉ុណ្ណោះ។
កញ្ញា ដេនី ក្វាន់៖ កញ្ញាបានបង្ហាញទឹកចិត្តគួរឲ្យសរសើរក្នុងពេលបង្ហាញវត្តមានទៅលេងស្រុកកំណើតនៅខេត្តព្រះវិហារកាលពីថ្ងៃទី១៤ មេសា ដោយនាងប្រកាសថាហេតុផលនៃការចែកទាននោះ អត់មានគម្រោងទុកទេ ប៉ុន្តែដោយសារតែនាងបានឮពីអ្នកស្រុកពីភាពកម្សត់របស់គ្រួសារនោះ គាប់ជួនជានាងក៏ចុះទៅដល់ខេត្តព្រះវិហារជិតកន្លែងដែលគ្រួសារទុរគតនោះរស់នៅផង ទើបកញ្ញាទិញសម្ភារៈ និងយកថវិកាផ្ទាល់ខ្លួនទៅចែកដោយផ្ទាល់ដៃតែម្ដង។ កញ្ញាថាគ្មានអ្វីសប្បាយចិត្តជាងបានចែកទានដល់អ្នកខ្សត់ក្នុងពេលបុណ្យទាននោះទេ ដើម្បីឲ្យគ្រួសារនោះមានឱកាសសប្បាយចិត្តក្នុងពេលចូលឆ្នាំ ដូចគ្នានឹងគ្រួសារទាំងពួងដែរ។
ក្រឡេកទៅតារាចម្រៀងមួយរូបទៀត គឺលោក សេម ម៉ាកូ ក៏ត្រូវគេឃើញបង្ហាញខ្លួនក្នុងពិធីចុះចែកក្រម៉ា និងអំណាយ រួមមានលុយកាក់ជាមួយបងប្រុសក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរផងដែរ។ លោកបានធ្វើដំណើរតាំងពីខេត្តកំពង់ស្ពឺ ទៅចែកអំណោយជាច្រើនមុខដល់គ្រួសារអ្នករើសសំរាមចំនួន៣១គ្រួសារនៅខេត្តបាត់ដំបងកាលពីថ្ងៃទី១៦ មេសា និងឃើញបង្ហាញខ្លួនចុះចែកទានជូនដល់គ្រួសារក្រៗ និងក្មេងៗនៅតំបន់ប៉ោយប៉ែត ដោយមានទាំងការប្រគល់នូវអណ្ដូងមួយកន្លែងជូនដល់អ្នកស្រុកផងកាលពីថ្ងៃទី១៧ ក្នុងខែមេសាដដែល។
លោកសេម ម៉ាកូ និយាយថា ខ្លួនមិនមែនជាម្ចាស់ទានដែលបានចែកចាយទាំងអស់នោះទេ ប៉ុន្តែដោយសារតែលោកក៏ជាតារាចម្រៀងដែលចេញប្រភពពីអ្នកក្រ ទើបសុខចិត្តមិនទទួលការងារច្រៀងរាំក្នុងថ្ងៃចូលឆ្នាំ ហើយចំណាយពេលមកជាមួយបងប្រុសតែម្ដង ដោយគ្រាន់តែបានឮថាចុះទៅចែកអំណោយដល់អ្នកក្រខ្សត់៕
មតិយោបល់