ខុសពីតារាភាគច្រើនដែលមានអារម្មណ៍រំភើប និងអរចង់ហោះជាមួយនឹងការបង្ហាញខ្លួនក្នុងកម្មវិធីធំដុំដែលមានអ្នកទស្សនាកកកុញ សម្រាប់តារាចម្រៀងក្មេងកំព្រាលោក វង្ស ថាណាន់ ដែលមានឱកាសបានបង្អួតបទOriginal របស់ខ្លួនបែរជាមានអារម្មណ៍ផ្អើលៗទៅវិញ បើទោះជាលោកមានបទពិសោធន៍បង្ហាញខ្លួនរាប់មិនអស់នៅលើកញ្ចក់ទូរទស្សន៍។ លោកថាហេតុផលនៃការផ្អើលនោះ មិនមែនភ័យនឹងឆាក ឬការប្រគំតន្ត្រីដែលមានលក្ខណៈជាទ្រង់ទ្រាយធំនោះទេ ប៉ុន្តែវាហាក់ធ្វើអោយចង់ស្រក់ទឹកភ្នែក ដែលលោកគ្រាន់តែជាកូនកំព្រាមិនធ្លាប់បានស្គាល់ការថ្នាក់ថ្នមរបស់ឪពុកម្ដាយដូចគេ ស្រាប់តែមានវាសនាបានក្លាយជាតារាចម្រៀងដែលអាចបរិច្ចាគបទចម្រៀងជួយដល់កុមារៗក្រីក្រនៅក្នុងមន្ទីរពេទ្យគន្ធបុប្ផាទៅកើត។
លោកមានបានបញ្ជាក់ថា រំភើបណាស់ដែលលោកបានរួមចំណែកជួយដល់សង្គម ហើយបានបង្ហាញខ្លួនជាមួយនឹងតារាល្បីៗនៅលើវេទិកាធំដុំរបស់គ្រួសារតារាកម្ពុជា ដែលបានធ្វើឡើងក្រោមការរៀបចំរបស់សាកលវិទ្យាល័យន័រតុន ដើម្បីជាប្រយោជន៍ដល់មន្ទីរពេទ្យគន្ធបុប្ផា។ លោកថាខ្លួនធ្លាប់ក្រ និងជាកូនកំព្រាលំបាកម្នាក់ទៀត ទើបលោកយល់ថាជារឿងដែលមានតម្លៃខ្លាំងណាស់ដែលលោកអាចរួមចំណែកបានជួយជាកម្លាំងចិត្ត កម្លាំងកាយ និងជាបទចម្រៀងនៅក្នុងកម្មវិធីនោះ។ ដ្បិតថានេះមិនមែនជាលើកទី១ប៉ុន្តែលោកថាខ្លួននៅតែផ្អើល និងចង់ទប់ទឹកភ្នែកមិនបាន នៅពេលដែលលោកក៏ជាក្មេងដែលធ្លាប់ឆ្លងកាត់ជីវិតនៅក្នុងមណ្ឌលតាំងពីតូចដល់ធំ ហើយបានស្គាល់ពីការលំបាកគ្រប់យ៉ាងទាំងអស់ ស្រាប់តែមកមានលទ្ធភាពទៅជួយដល់សង្គមដើម្បីរួមចំណែកអោយក្មេងនៅកម្ពុជាបានទទួលព្យាបាលនៅក្នុងមន្ទីរពេទ្យល្អមួយកុំអោយមន្ទីរពេទ្យនេះបិទទ្វារ។
លោកបានបង្ហើសំនៀង Original Song ២បទនៅលើវេទិកា និងបទឆ្លើយតបជាមួយតារាចម្រៀងអ្នកនាងរស់ សេរីសុទ្ធា មួយបទចុងក្រោយ ដោយការបង្ហាញខ្លួនរបស់លោកត្រូវបានគេចាប់អារម្មណ៍ច្រើន ដោយសារតែបទទាំង៣នោះត្រូវបានគេស្គាល់តាមរយៈប្រព័ន្ធយូធូបរួចទៅហើយ។ លោកថាគ្មានអ្វីសប្បាយចិត្តជាងដែលអាចរួមចំណែកជួយដល់សង្គមនោះទេ អ៊ីចឹងហើយទើបលោកនៅមានអារម្មណ៍ផ្អើលៗចង់តែស្រក់ទឹកភ្នែកលើឆាកនៅពេលលោកក្រឡេកទៅដល់អតីតកាលដែលលោកគឺក្មេងកំព្រាគ្មានលុយគ្មានកាក់ គ្មានសូម្បីតែក្ដីស្រម៉ៃ តែស្រាប់តែអាចមកឈរនៅលើវេទិកាច្រៀងជួយសង្គមមួយបាន។
លោកប្រកាសនឹងមិនត្រឹមតែពេញចិត្តជួយច្រៀងមិនគិតកម្រៃដើម្បីគន្ធបុប្ផាសម្រាប់ពេលនេះទេ គឺទោះជាលោកមានទីផ្សារជាងនេះ ក៏លោកនៅតែប្រកាន់ជំហរលេចមុខក្នុងសកម្មភាពសង្គមមួយនេះផងដែរ។ ជាពិសេសនៅពេលដែលលោកបានឃើញនិស្សិតស្លៀកពាក់ស្អាតៗ និងមានការឱកាសបានសិក្សាខ្ពស់ ក្នុងពេលដែលលោកខ្វះសូម្បីតែលទ្ធភាពរកបាយហូបអោយបានគ្រប់គ្រាន់៕
មតិយោបល់