ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជាមានរឿងធំ ទើប ស៊ូ ស៊ីរីកា ប្រកាសដើរចេញពីថោន

មានការភ្ញាក់ផ្អើលគួរសមបន្ទាប់ពីតារាចម្រៀងផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា បានប្រកាសដោយបើកចំហរថានាងដើរចេញពីសិល្បៈ ដោយនឹងបោះបង់ការងារពីផលិតកម្មថោនក្នុងពេលឆាប់ ដោយសារតែនាងមិនចង់បន្តទទួលរងសម្ពាធ ហើយនឹងចង់ចេញឲ្យផុតពីវិស័យដ៏តានតឹងមួយនេះ។ ជាមួយនឹងការប្រកាសនៅលើហ្វេសប៊ុក នាងក៏បានឆ្លើយតបនឹងកិច្ចសម្ភាសន៍ថា នាងនឹងដើរចេញដូចអ្វីដែលបានប្រកាសឡើងនោះដែរ។

ស៊ូ ស៊ីរីកា ដែលត្រូវគេកត់សម្គាល់ថាបានឡើងកូដជាមួយនឹងបទជាចង្វាក់ប្រពៃណីខ្មែរកាន់តែច្រើនកាលពីអំឡុងបុណ្យចូលឆ្នាំខ្មែរ បានឆ្លើយតបបន្ថែមពីលើអ្វីដែលបានប្រកាសនោះថា កញ្ញានឹងលាឈប់ពីសិល្បៈដូចអ្វីដែលបានប្រកាសមែន ប៉ុន្តែមិនមែនបោះបង់ទាំងស្រុង១០០ភាគរយនៅក្នុងពេលនេះនោះទេ ដោយគា្រន់តែចាប់ផ្ដើមកាត់បន្ថយម្ដងបន្តិចៗចាប់ពីពេលប្រកាសនេះតទៅ ហើយដល់ពេលវេលាមួយគឺនាងនឹងបាត់មុខទាំងស្រុងតែម្ដង។ នាងនិយាយថា ការងារនៅក្នុងផលិតកម្មថោន នាងអត់មានកុងត្រាដូចគ្នានឹងតារាចម្រៀងខ្លះនោះទេ ទើបនាងចង់បន្តក៏បាន ហើយបើចង់ដើរចេញ ក៏មិនមានការរារាំងណាមួយ ដែលនាំឲ្យនាងស្មុគស្មាញ។

នាងថាមានហេតុផលជាច្រើនដែលនាងត្រូវតែបោះបង់ការងារសិល្បៈ ដោយសារតែវិស័យមួយនេះក្រោយពេលប្រឡូកកាន់តែយូរ គឺនាងកាន់តែមានអារម្មណ៍លែងចង់តស៊ូ។ នៅមិនដឹងថាពីក្រោយនៃការប្រកាសនេះ តើនាងទទួលរងនូវសម្ពាធអ្វីនោះទេ ដោយគ្រាន់តែអំណះអំណាងមួយខ្លី គឺនាងនឹងដើរចេញឆាប់ៗ លើកលែងតែស្ថានភាពដែលនាងកំពុងប្រឈមត្រូវបានប្រែប្រួល។

នាងបដិសេធបង្ហើបឲ្យដឹងពីស្ថានភាពស្មុគស្មាញ ដែលនាំឲ្យមានការសម្រេចចិត្តបែបនោះ ប៉ុន្តែនាងនៅតែបង្ហាញពីភាពមិនស្ដាយក្រោយទេ ប្រសិនបើនាងពិតជាសម្រេចចិត្តលាឈប់ពីការងារសិល្បៈក្នុងថ្ងៃណាមួយដូចអ្វីដែលបានប្រកាសឡើង។ នាងមានគម្រោងទទួលយកអាជីពថ្មី ដែលនាងប្រកាសថាប្រហែលជាមានសេចក្ដីសុខផ្លូវចិត្តច្រើនជាងការងារសិល្បៈ ទើបនាងយល់ថាបើលែងក្លាយជាតារាចម្រៀងម្នាក់ក្នុងពេលណាមួយ ក៏នាងពេញចិត្តសម្រាប់ជំហររបស់ខ្លួន។

ជាមួយនឹងការប្រកាសដើរចេញពីថោន កញ្ញា ស៊ូ ស៊ីរីកា ក៏បានប្រកាសថាមិនមានគម្រោងដើរចូលផលិតកម្មណាមួយផ្សេងពីថោនផងដែរ ដោយនាងប្រកាសថាដល់ពេលវេលាឈប់គឺឈប់តែម្ដង៕

មតិយោបល់