អាចនិយាយថា ជារឿងចម្លែកមួយទៀតហើយ ខណៈបុរសម្នាក់ ដែលជាម្ចាស់ផ្ទះ នៅរដ្ឋ Michigan បានរកឃើញអ្វីគួរឲ្យភ្ញាក់ផ្អើលមិនធម្មតា នៅពេលជួសជុលរានហាលរបស់គាត់។ លោក David Olson អាយុ៣៣ឆ្នាំបាននិយាយថា គាត់បានរកឃើញគ្រាប់បាល់ប៊ូលីងជាង១៥០ នៅពេលគាត់បានកម្ទេចរានហាលបេតុងនៃផ្ទះរបស់គាត់ ក្នុងទីក្រុង Norton Shores ហើយមិនដឹងថា គ្រាប់បាល់ទាំងនោះនៅក្រោមដីក្នុងផ្ទះរបស់គាត់តាំងពីពេលណាមកទេ។
លោក Olson បានរៀបរាប់ថា ពេលគាត់កំពុងដំញញួរ គាត់បានឃើញដីខ្សាច់និងបាល់ពណ៌ខ្មៅនិងខៀវ លេចចេញត្រឹមពាក់កណ្ដាល ហើយគាត់បានខំកាយដីខ្សាច់ចេញ ក៏ដឹងថាពួកវាជាបាល់ប៊ូលីង។ បន្ទាប់មក គាត់បានចាប់ផ្ដើមជីកដីខ្សាច់កាន់តែជ្រៅ ហើយបានដឹងថា មិនមែនមានតែបាល់មួយនៅក្រោមផ្ទះរបស់គាត់ទេ។ មុននឹងដឹងការពិត គាត់បានរកឃើញបាល់ប៊ូលីងចំនួន១៥។
ដោយសារតែគាត់មិនដឹងថា បាល់ទាំងនេះបានស្ថិតនៅកន្លែងនេះអស់រយៈពេលប៉ុន្មាន លោក Olson ក៏បានហៅក្រុមហ៊ុនផលិតបាល់ប៊ូលីង «Brunswick Bowling Products» ដើម្បីបញ្ជាក់ថា គ្មានវត្ថុធាតុណាមួយដែលប្រើសម្រាប់បង្កើតបាល់ទាំងនេះ ប្រែជាពុលនោះទេ។ លោក Olson បាននិយាយថា ក្រុមហ៊ុន Brunswick បានបញ្ជាក់ថាពួកវាគឺនៅស្អាត ហើយឲ្យគាត់ថតរូបទុក។ បាល់ខ្លះមានឆ្លាក់លេខ ដែលចុះកាលបរិច្ឆេទតាំងពីទសវត្សរ៍ឆ្នាំ១៩៥០ ដែលជាពេលតែមួយដែលផ្ទះរបស់លោក Olson ត្រូវបានសាងសង់។
ទោះយ៉ាងណាក៏ដោយ គេមិនច្បាស់ទេថា នៅពេលណាបាល់ទាំងនេះត្រូវបានគេដាក់នៅខាងក្រោមផ្ទះដូចនេះ។ សរុបទាំងអស់ លោក Olson បានកាយរកឃើញបាល់ប៊ូលីងចំនួន១៥៨ ពីក្រោមផ្ទះរបស់គាត់ ហើយគាត់បាននិយាយថា វាគ្រាន់តែជាការចាប់ផ្ដើមតែប៉ុណ្ណោះ។ គាត់គិតថា អាចនឹងមានបាល់បន្ថែមទៀត៕
ប្រភព៖ News4jax
មតិយោបល់