ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រីម លីហ្សា អំពាវនាវឲ្យអង្គការកុមារនានាមកទទួលក្មេងដែលគេបោះបង់ម្នាក់

 

ភ្នំពេញៈ ក្រោយពីចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនចុះទៅសួរសុខទុក្ខក្មេងម្នាក់ ដែលត្រូវបានម្តាយយកមកបោះបង់ចោលនៅមន្ទីពេទ្យកុមារជាតិ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៦ នោះ តារាសម្តែងសិចស៊ីនាង ព្រីម លីហ្សា កំពុងប្រកូកប្រកាសឲ្យអង្គការកុមារនានា ក្នុងរាជធានីភ្នំពេញមកទទួល ក្មេងម្នាក់នេះផង។

កុមារដែលត្រូវបានម្តាយយកបោះបង់ចោលនៅមន្ទីរពេទ្យកុមារជាតិនេះ គឺពិការភ្នែកខាងស្តាំមានបញ្ហាខួរក្បាល ដោយបច្ចុប្បន្នកំពុងទទួលការយកចិត្តទុកដាក់ពីមន្ទីរពេទ្យខាងលើ។

ជំនួយការរបស់ ព្រីម លីហ្សា បានប្រាប់ Post News នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ ឲ្យដឹងថា ក្មេងប្រុសម្នាក់ ដែលត្រូវឪពុកម្ដាយបោះបង់ចោល ហើយតាមរយៈបងស្រីម្នាក់ ដែលជាអ្នកមើលថែក្មេងប្រុសនោះបានប្រាប់ថា សូម្បីតែខោអាវក៏គ្មានពាក់ដែរ ទើប ព្រីម លីហ្សា សម្រេចចិត្តទៅមើលដល់កន្លែង ទិញខោអាវ និងរបស់របរឲ្យខ្លះ។

ជំនួយការខាងលើថា “ក្មេងនេះពិការភ្នែកខាងស្តាំ មានបញ្ហាខួរក្បាល ហើយត្រូវឪពុកម្តាយបោះបោះបង់ចោល សូម្បីតែអង្គការខ្លះក៏មិនរវីរវល់ដែរ ព្រោះតែក្មេងនេះ មានបញ្ហាច្រើនពេក”។

ជំនួយការរូបនេះ បន្ថែមថា បើតាមសម្តីអ្នកមើលថែក្មេងខាងលើ បានអះអាង ថា ដោយសារតែក្មេងខាងលើ មានបញ្ហាច្រើនពេក អ៊ីចឹងហើយ ទើបគ្មានអង្គការណា យកចិត្តទុកដាក់ និងទទួលយកទៅមើលថែនោះទេ ក្មួយអើយ!!។

ម្លោះហើយ ព្រីម លីហ្សា កំពុងប្រកូកប្រកាសឲ្យអង្គការកុមារនានា យកចិត្តទុកដាក់ ដោយមកទទួលយកកុមារដែលមានបញ្ហាខាងលើផងដែរ សូមជួយយកតែបុណ្យទៅ៕

មតិយោបល់