ព័ត៌មានសិល្បៈ និងកម្សាន្ត

ផលិតករភាពយន្ត អំពាវនាវឲ្យមានការបើករោងកុងឡើងវិញ បន្ទាប់ពីត្រូវបានបិទទ្វាររាប់រយថ្ងៃ ព្រោះវិបត្តិកូវីដ-១៩

(ភ្នំពេញ)៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ គេសង្កេតឃើញថា មានផលិតករភាពយន្តខ្មែរ និងអ្នកធ្វើការលើវិស័យភាពយន្តជាច្រើននាក់ បានបង្ហោះសារ បង្ហាញពីការអំពាវនាវរបស់ខ្លួន សុំឲ្យមានការបើករោងភាពយន្តឡើងវិញ ដើម្បីស្តារវិស័យភាពយន្ត បន្ទាប់ពីបានរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ បើនិយាយទៅ តាំងពីរោងភាពយន្តត្រូវបានបិទទ្វារមក គឺមានភាពយន្តជាច្រើន ដែលផលិតករផលិតរួចរាល់ មិនបានចាក់បញ្ចាំងតាមការគ្រោងទុក។

ផលិតករភាពយន្តល្បីឈ្មោះ លោក ហ៊ុយ យ៉ាឡេ ដែលជាម្ចាស់ស្នាដៃរឿងល្បីៗជាច្រើន រួមមានទាំងរឿង «ដើម្បីកូន» ជាដើមនោះ បានបង្ហោះសារលើបណ្តាញសង្គមផ្លូវការរបស់ខ្លួនយ៉ាងដូច្នេះថា «គោលដៅខ្ញុំខ្ញុំចង់អោយសិល្បៈមានតម្លៃ។ ចង់អោយអ្នកសិល្បៈមានដូចស្រុកគេ ពេលឈឺពេលជួបទុក្ខមិនពឹងគេមានតែជួយគេ។ គោលដៅនេះបើកុំកូវីត២០២៥ចេញផ្លែផ្កា។ ខ្ញុំត្រៀមធ្វើវីឌីអូពីប្រាសាទនិងតំបន់ទេសចរណ៍ ទៅកាន់ពិភពលោកអោយមកលេងកម្ពុជាយើង តែពេលនេះខ្ញុំគ្រាន់តែសុំអោយបងប្អូនជួយសៀ (Share) ដើម្បីអោយរាជរដ្ឋាភិបាលអនុញ្ញាតិអោយរោងភាពយន្តបានបើកវិញផង។ ពួកយើងនិងអនុវត្តន៍តាមគោលការណ៍រដ្ឋាភិបាល កន្លងមកពួកយើងធ្វើបានល្អមិនមានអ្នកណាឆ្លងកូវីតនៅរោងកុនទេ។ សូមជួយពួកយើងខ្ញុំផង ពីមុនអោយតែសាលាបើក រោងកុនបើកតែពេលនេះពួកយើងមិនទាន់បានបើកទេ ប្រទេសជិតខាងគេបើករោងកុនអស់ហើយ។ វិស័យភាពយន្តនិងចូលរួមអភិវឌ្ឍន៍ជាតិ ពួកខ្ញុំពិបាកដកដង្ហើមណាស់សូមជួយផង»។

ងាកមក លោក ព្រំ សិលា ដែលជា ប្រធានសមាគមភាពយន្តកម្ពុជា បានធ្វើការអំពាវនាវយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវឱ្យមានការអនុញ្ញាត្តិបើករោងភាពយន្តឡើងវិញដើម្បីជួយជ្រោងវិស័យនេះឲ្យមានដំណើរការឡើងវិញ និងរីកចម្រើនតទៅមុខទៀត»។

នៅពីនេះ គឺមានផលិតករភាពយន្តជាបន្តបន្ទាប់ ជាច្រើននាក់ទៀត បានបង្ហោះសារស្រដៀងគ្នានេះ។ ពាក់ព័ន្ធនឹងរឿងនេះ លោក ប៉ុក បូរក្ស ដែលជាប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈ បានឲ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំយល់ពីអារម្មណ៍របស់ផលិតករភាពយន្ត និងអាជីវករដែលវិនិយោគលើអាជីវកម្មរោងភាពយន្ត ក្នុងរយ:ពេល0២ឆ្នាំមកនេះ ជំងឺឆ្លងកូវីដ-១៩ បានបង្កការលំបាកយ៉ាងខ្លាំងដល់អ្នកទាំងអស់គ្នា។ យើងខ្ញុំពុំបានឈរអោបដៃមើលទុក្ខលំបាករបស់បងប្អូនទេ ! ខ្ញុំជឿជាក់ថា អ្វីៗនឹងប្រសើរឡើងនាខែបន្ទាប់»។

គួរបញ្ជាក់ថា ចាប់តាំងពីព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានផ្ទុះឡើងនៅក្នុងប្រទេសកម្ពុជា ស្ទើរគ្រប់វិស័យទាំងអស់បានផ្អាកសកម្មភាព និងដំណើរការរៀងខ្លួន ក្នុងគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាដើម្បីទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។ យ៉ាងណាមិញ ក្រោមការដឹកនាំ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីពេលថ្មីៗកន្លងទៅបានអនុញ្ញាតឱ្យបើកឡើងវិញជាបណ្តើរៗនូវអាជីវកម្មនានា ដែលធ្លាប់ត្រូវបានចាត់ទុកជាអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងកូវីដ-១៩កន្លងមក។ យ៉ាងណាក្តី រោងភាពយន្ត នៅតែត្រូវបានចាត់ទុកជាអាជីវកម្មដែលមិនទាន់អាចដំណើរការបាននៅឡើយ រួមជាមួយអាជីវកម្មមួយចំនួនទៀតដូចជា ខារ៉ាអូខេ, រង្គសាល, ឌីស្កូតែក និងអាជីវកម្មក្លិបកម្សាន្តគ្រប់ប្រភេទ ដែលត្រូវបន្តផ្អាករហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខនេះ និងរង់ចាំទាល់តែមានសេចក្តីជូនដំណឹងជាថ្មីនៃការអនុញ្ញាតឱ្យមានការបើកដំណើរការឡើងវិញ។

វិស័យភាពយន្ត និងរោងភាពយន្តនៅកម្ពុជាកន្លងមកមានការរីកចំរើនជាខ្លាំង មុននឹងការមកដល់នៃវីរុសកូវីដ-១៩ ដោយជាក់ស្តែងផលិតកម្មផលិតភាពយន្តខ្មែរបានមានចំនួនកើនឡើងជាបន្តបន្ទាប់ ខណៈរោងភាពយន្តបានកើនឡើងដល់ជិត ២០ទីតាំង នៅទូទាំងរាជធានីភ្នំពេញ និងបានពង្រីកខ្លួនទៅកាន់បណ្តាខេត្តសក្តានុពលផ្សេងទៀតដូចជាសៀមរាប ខេត្តព្រះសីហនុ ខេត្តបន្ទាយមានជ័យ (ក្រុងប៉ោយប៉ែត) ជាដើម ប៉ុន្តែវិស័យនេះនៅកម្ពុជាត្រូវបានជាប់គាំងក្រោយការផ្ទុះឡើងនូវវីរុសកូវីដ-១៩៕

មតិយោបល់