ព័ត៌មានជាតិ

ខឹងកម្មករធ្វើកូដកម្មទាមទារប្រាក់ឈ្នួលបន្ថែម ប្តឹងសុំរំលាយកិច្ចសន្យាការងារ

កណ្តាលៈ កម្មករកម្មការនីចំនួន៥១នាក់ ត្រូវបានតុលាការកោះហៅ ដើម្បីធ្វើការសាកសួរតាមបណ្តឹងសុំរំលាយកិច្ចសន្យាការងារពីសំណាក់ថៅកកែរោងចក្រ។

ក្រុមកម្មករទាំង៥១នាក់ ដែលបានឡើងមកសាលាដំបូងខេត្តតាមដីកាកោះហៅរបស់ចៅក្រមបានប្រាប់ឲ្យដឹងថា រឿងរ៉ាវដែលផ្តើមឲ្យកើតមានថៅកែរោងចក្រប្តឹងសុំរំលាយកិច្ចសន្យាការងារជាមួយកម្មករនេះ គឺដោយសារតែកម្មករទាំងអស់នាំគ្នាធ្វើកូដកម្ម ទាមទារតម្លើងតម្លៃឡូតិ៍ ពី០,៨០ដុល្លារ (៨កាក់ ) ទៅ១,៥០ដុល្លារ ( មួយដុល្លារ៥កាក់ )។ ក្រុមកម្មករបានចាប់ផ្តើមធ្វើកូដកម្មតាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ មកម្លេះ ហើយខាងមន្ទីរការងារ ពិសេសក្រុមប្រឹ ក្សាអាជ្ញាកណ្តាលក៏បានសម្រេចឲ្យខាងកម្មករឈ្នះ និងបញ្ជាឲ្យក្រុមហ៊ុនទទួលយកកម្មករឲ្យចូលបម្រើការងារវិញ និងផ្តល់ប្រាក់កម្រៃ ក្នុងរយៈពេលធ្វើកូដកម្មពុំបានធ្វើការងារទៅឲ្យកម្មករដែរ កាលពីថ្ងៃទី១ មករា ២០១៦។ ប៉ុន្តែ ថៅកែរោងចក្រពុំអនុវត្តន៍តាម បែរជាដាក់ពាក្យបណ្តឹងប្តឹងកម្មករចំនួន៥៤នាក់ ដែលមកតុលាការ ដើម្បីសុំរំលាយកិច្ចសន្យាការងារទៅវិញ។

តំណាងកម្មករទាំង៥១នាក់ គឺលោក ត្រេន ឈឿន បានប្រាប់ឲ្យដឹងថា នេះជាលើក ទី៣ហើយដែលតុលាការបានកោះហៅពួកខ្លួនទាំង៥១នាក់ មកសាកសួរ ហើយខាងមេធាវីក្រុមហ៊ុន គ្មាននិយាយអ្វី ក្រៅតែពីសំណូមពរឲ្យចៅក្រមលុបចោលកិច្ចសន្យាការងារជាមួយកម្មករនោះទេ។ លោកបានបន្តថា ដើមឡើយមានកម្មករផ្នែកស៊ីឡូតិ៍ទាំងអស់៥៤នាក់ ដែលនាំគ្នាតវ៉ា ហើយត្រូវបានក្រុមហ៊ុនប្តឹងឡើងតុលាការ ប៉ុន្តែក្រោយមក៣នាក់ បានទទួលយល់ព្រមយកប្រាក់សំណង និងលាឈប់ ដោយឡែក៥១នាក់នេះ មិនទទួលយកទៀត បន្តប្តឹងផ្តល់គ្នារហូតមក។

តំណាងកម្មករដដែលបានបញ្ជាក់ជំហរថា ពួកខ្លួនដាច់ខាតមិនព្រមរំលាយកិច្ចសន្យាការងារឡើយ ព្រោះពួកខ្លួនសុទ្ធតែធ្លាប់បំពេញការងារនៅរោងចក្រនោះម្នាក់ៗជាង២ឆ្នាំមកហើយ ហើយក៏គ្មានហេតុផលណា ដែលអាចបញ្ឈប់ពួកខ្លួននោះទេ ដោយគ្រាន់តែធ្វើការទាមទារតម្លៃឡូតិ៍បន្ថែមនោះ។ គោលជំហររបស់ពួកខ្លួនគឺ ទី១ទាមទារឲ្យក្រុមហ៊ុនទទួលយកពួកខ្លួនទាំង៥១ចូលធ្វើការវិញ ទី២ ខាងក្រុមហ៊ុនត្រូវតែផ្តល់នូវប្រាក់បៀរវត្ស ដែលរោងចក្របានបញ្ឈប់កម្មករមិនឲ្យចូលធ្វើការកន្លងមក និងទី៣ ទាមទារឲ្យខាងរោងចក្រត្រូវតែបញ្ឈប់ការរើសអើសចំពោះការបង្កើតសហជីព។

អ្នកយកព័ត៌មានមិនអាចសុំការបកស្រាយពីសំណាក់ថៅកែក្រុមហ៊ុនបាននោះទេ ប៉ុន្តែលោក ហុក វ៉ាន់ធីណា ចៅក្រមដែលកាន់សំណុំរឿងនេះ បានចេញមកបកស្រាយថា មូលហេតុដែលកម្មករនាំគ្នាមកនេះ គឺតាមការកោះអញ្ជើញរបស់ចៅក្រម ក្នុងបណ្តឹងរោងចក្រ ហ្សុង យីន កម្ពុជា ខូអិលធីឌី ZHONG YIN CAMBODIA CO.LTD សុំរំលាយកិច្ចសន្យាការងាររវាងកម្មករ និងរោងចក្រ ហើយនេះ ជានីតិវិធីត្រៀមទាញហេតុផលផ្ទាល់មាត់ ហើយកម្មករដែលមកតាមការកោះអញ្ជើញនេះ គឺអនុវត្តន៍ត្រឹមត្រូវតាមនីតិវិធីច្បាប់ហើយ ហើយលទ្ធ ផលចុងក្រោយ គឺរង់ចាំឆ្លងកាត់អង្គសវនាការមួយនោះពេលខាងមុខ។

គួរបញ្ជាក់ដែរថា រោងចក្រតម្បាញ ZHONG YIN CAMBODIA CO.LTD មានកម្មករសរុបជាង១៨០០នាក់ ស្ថិតនៅក្នុងភូមិព្រែកត្រែង ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល៕

មតិយោបល់