បន្ទាប់ពីការងារសិល្បៈចាប់ផ្ដើមឈានឡើង តារាសម្ដែងកញ្ញា វ៉ាន់ វលក្ខណ៍ បានរៀបចំពិធីខួបកំណើតយ៉ាងអធឹកអធម កាលពីយប់ថ្ងៃទី២១ មេសា នៅហាងវីហ្វ្រេនកោះពេជ្រ ដោយមានតារាសិល្បៈច្រើនគួរសមបង្ហាញខ្លួន។ នៅក្នុងថ្ងៃនោះ គេឃើញមានកាដូមួយចំនួនត្រូវបានប្រគល់ជូន ដោយនាងបញ្ជាក់ថា ពិតជាមានកាដូមួយក្នុងចំណោមកាដូទាំងអស់ជារបស់ម្ចាស់ស្នេហ៍ តែនាងមិនទាន់ចង់បង្ហាញ អោយដឹងពីអត្តសញ្ញាណ នៅឡើយទេ។
កញ្ញា វ៉ាន់ វលក្ខណ៍ ដែលចាប់ផ្ដើមជោគជ័យក្នុងការសម្ដែងភាពយន្ត ជាពិសេសក្នុងរឿង «កូនពស់កេងកង»ដែលត្រៀមនឹងដាក់ផ្សាយ នៅប៉ុស្ដិ៍ហង្សមាស បានអះអាងថា មកទល់នឹងវ័យពេញ២៣ឆ្នាំនេះ នាងមានមនុស្សជាទីស្រឡាញ់រួចហើយ ដោយនាង និងបុរសម្នាក់នេះ បានចំណាយពេលសិក្សាចិត្តគ្នា បានមួយរយៈនោះផង។ នាងមិនខ្លាចក្នុងការលាតត្រដាងនោះទេ ប៉ុន្តែបណ្ដាលមកពីគូស្នេហ៍របស់នាង មិនទាន់ចង់បង្ហាញមុខនៅឡើយ ទើបនាងក៏បំពេញសំណូមពរ ហើយមិនទាន់ចង់និយាយ។ នាងថាមនុស្សដែលនាងស្រឡាញ់ គឺជាបុរសសាមញ្ញ ហើយមិនមែនជាបុរសមានចំណងស្នេហា ជាមួយអ្នកផ្សេងក្រៅពីនាងនោះទេ ប៉ុន្តែបណ្ដាលមកពីការលាតត្រដាងនៅមិនទាន់ដល់ពេល ទើបនាងមិនទាន់បង្ហាញឡើង។ នាងថាខ្លួននៅគិតពីរឿងការងារសិល្បៈអោយជោគជ័យសិន ដ្បិតថាបើទោះជាមានបុរសម្នាក់ ស្រឡាញ់ពេញចិត្តចំពោះនាង ក៏បុរសម្នាក់នោះជំរុញអោយបន្តសម្ដែងអោយបានខ្លាំងក្លា ដើម្បីកុំអោយនាងបាត់បង់ប្រជាប្រិយភាព។
ជាក់ស្ដែងនៅក្នុងពិធីខួបរបស់នាង ក៏បុរសជាទីស្រឡាញ់បង្ហាញខ្លួនផងដែរ ប៉ុន្តែនាងថាលោកមិនទាន់ចង់ចេញមុខ ទើបមិនទាន់ចង់ផ្ដល់សម្ភាសន៍។ ក្នុងពិធីខួបដែលគេ បានឃើញនោះ តារាសម្ដែងកញ្ញា វ៉ាន់ វលក្ខណ៍ រីកមុខរីកមាត់យ៉ាងខ្លាំង ដោយសារតែមានវត្តមានតារាល្បីៗ ដែលបានអញ្ជើញទាំងប៉ុន្មានលេចមុខស្ទើរមិនបាត់មនុស្សម្នាក់ ហើយបុរសដែលនាងបង្ហើបជាគូស្នេហ៍ ក៏បានជូនកាដូមួយក្នុងចំណោមកាដូដែលនាងបានទទួល។ នាងថាបើខ្លួនដាក់ចិត្តស្រឡាញ់បុរសណា គឺទោះជាបុរសម្នាក់នោះ មានតែសំបកខ្លួន ហើយមិនមានអ្វីជាដុំកំភួនអោយនាង ក៏នាងពេញចិត្តទទួលយកផងដែរ ទើបនាងប្រកាសមិនស្រើបស្រាលនឹងកាដូថ្លៃ ដែលមិនមានតម្លៃក្រៅពីមនុស្សជាទីស្រឡាញ់ឡើយ។
ក្នុងនោះការអន្ទងពីបុរសទ្រព្យស្ដុកណាម្នាក់ ក៏ប្រហែលជាគ្មានឥទ្ធិពលចំំពោះចំណងស្នេហ៍របស់នាងនោះដែរ ក្នុងពេលដែលនាងហាក់ចង់លាតត្រដាង ពីគូស្នេហ៍ដោយមិនលាក់បាំងបែបនេះទៅហើយ៕
មតិយោបល់