ព័ត៌មានសិល្បៈ និងកម្សាន្ត

មិននឹកស្មាន តារាសម្ដែង ស្រេង ឈាងឡេង និងមិត្តរួមជំនាន់ ផលិតបានប្រេងក្រឡា ស្នាដៃកូនខ្មែរ

មានការកោតសរសើរមិនតិច បន្ទាប់ពីមានការទម្លាយថា តារាសម្ដែងវ័យក្មេង លោក ស្រេង ឈាងឡេង និងមិត្តរួមជំនាន់ ផលិតបានប្រេងក្រឡា ដែលផលិតផលនេះ នឹងត្រៀមវាយលុកទីផ្សារនៅពេលខាងមុខ។

ការផលិតបានផលិតផលប្រេងក្រឡា ដើម្បីប្រកួតប្រជែង ជាមួយទីផ្សាររបស់បរទេស ដែលចរាចរណ៍ក្នុងស្រុកនេះ ត្រូវបានស្រាវជ្រាវប្រមាណជា៣ឆ្នាំមកហើយ ដោយការចំណាយដើមទុន ក្នុងការផលិតទម្រាំលេចចេញជារូបរាង ក៏អស់មិនតិចនោះដែរ។ លោក ស្រេង ឈាងឡេង ដែលស្ថិតក្នុងចំណោម អ្នកស្រាវជ្រាវក្នុងក្រុមទាំង៣រូប និយាយថា មុនពេលប្រឡូកជាតារាសម្ដែង លោកគឺជាអតីតនិស្សិតផ្នែកឱសថសាស្ត្រ និងជំនាញកុមារ ទើបលោក និងមិត្តរួមជំនាន់សម្រេច ស្រាវជ្រាវបង្កើតឱសថ ដោយស្រាវជ្រាវឃើញរូបមន្ត ក្នុងការបង្កើតផលិតផលក្នុងស្រុកជាច្រើន។ យ៉ាងណាមិញក្រុមលោក សម្រេចជ្រើសយកប្រេងក្រឡាមុនគេ ដោយសារតែចំណាយដើមទុនតិច ជាងការផលិតឱសថផ្សេងៗ និងដោយសារតែយល់ថា បើទីផ្សារដើរ គឺប្រេងក្រឡាអាចសង្ឃឹមរកចំណាយបានឆាប់។

លោកថាក្រុមទាំងមូលតស៊ូលើជំនាញមួយនេះ ពិបាកច្រើនដំណាក់កាល ជាពិសេសបញ្ហាកង្វះ ដើមទុន ក្នុងដំណាក់កាល ដែលលោកមិនទាន់ជោគជ័យ លើមុខជំនួញដីធ្លី និងការងារសម្ដែង។ ប៉ុន្តែក្រុមទាំងមូលនៅតែបន្តឆ្ពោះទៅមុខ រហូតផលិតបានជាផលិតផលប្រេងក្រឡា ដែលលោកបញ្ជាក់ថា មានសាច់ប្រេងក្រឡា សម្រាប់តម្រូវស្បែកមនុស្សចាស់ និងកូនក្មេង។

ក្រុមរបស់លោកនឹងត្រៀមសុំច្បាប់រត់ការ ដើម្បីចរាចរណ៍ទីផ្សារផលិតផល ដែលក្រុមខ្លួនផលិតបាននេះរួចរាល់អស់ហើយ បើទោះមិនទាន់ដឹងថា ទីផ្សារគាំទ្រ នឹងមានកម្រិតណា។ ប្រសិនបើក្រោយក្រសួងអនុញ្ញាតិច្បាប់ ហើយសន្ទុះទីផ្សារទទួល បានការគាំទ្រខ្លាំង ក្រុមរបស់លោកនឹងស្វែងរកដៃគូបង្កើតជារោងចក្រ ដោយតាមការប៉ាន់ស្មាន គឺប្រើទំហំដើមទុនជាង១លានដុល្លារ គឺគ្រប់គ្រាន់។

អ្នកជំនួញដីធ្លីរូបនេះ បន្តទៀតថា ក្រៅពីផលិតផលប្រេងក្រឡា រូបមន្តក្នុងការបង្កើតឱសថផ្សេងៗ ក៏ត្រូវបានស្រាវជ្រាវឃើញផងដែរ ក្នុងរយៈពេល៣ឆ្នាំកន្លងមកនេះ ប៉ុន្តែមកពីខ្វះដើមទុន ទើបធ្វើតែប្រេងក្រឡាសិន។

លោក ស្រេង ឈាងឡេង បន្តថា ក្នុងពេលខាងមុខ លោករំពឹងថា នឹងមានកូនខ្មែរច្រើនឡើង ងាកមកផលិតឱសថ ដើម្បីកាត់បន្ថយការប្រើប្រាស់ ផលិតផលនាំចូល ក៏ដូចជាដើម្បីអោយក្នុងប្រទេសកម្ពុជាទាំងមូល មានផលិតផលប្រេងក្រឡា ដែលមានស្ដង់ដារជារបស់ខ្លួន។ ចំណែកជំនួញថ្មី ក៏លោកមានការបែងចែកពេលវេលា មិនឲ្យប៉ះពាល់ជាមួយការងារដីធ្លី និង ការសម្ដែងនោះដែរ៕

មតិយោបល់