ក្រោយការប្រកាសលាចេញពីវិថីសិល្បៈ ដោយឈប់ខ្វល់នឹងការហក់ចូលផលិតកម្មណាផ្សេងក្នុងពេលខាងមុខ មានការលើកឡើងជាច្រើនថាបណ្ដាលមកពីនាងមានកំណាន់ចិត្តដាក់បម្រាម ហើយទាមទារអោយនាងឈប់ប្រឡូកអាជីពចម្រៀង ជាថ្នូរនឹងជួយអោយនាងបានក្លាយជាម្ចាស់មុខរបរធំមួយក្នុងពេលដ៏ខ្លី។ យ៉ាងណាមិញ ក្រោយការទម្លាយពីមូលហេតុមិនផ្លូវការនេះ ប្រភពជិតស្និទ្ធិនឹងតារាស្រីរូបនេះ បានអះអាងថា ហេតុផលគូស្នេហ៍មិនអាចបង្ខាំងអោយនាងបោះបង់សិល្បៈនោះទេ ប៉ុន្តែអ្វីដែលធ្វើអោយនាងបាក់ទឹកចិត្តគឺហេតុផលិតកម្មថោនដែលនាងជ្រកកោន មិនលើកស្ទួយនាង និងដោយសារតែហេតុផលកាច់កុងពីសំណាក់តារារួមអាជីពនោះតែម្ដង។
ប្រភពមួយបានលើកឡើងថា នៅក្នុងផលិតកម្មថោន កញ្ញា ស៊ូ ស៊ីរីកា មិនសូវត្រូវបានលើកស្ទួយក្នុងការបញ្ចេញបទចម្រៀងល្អៗអោយនាងនោះទេ ទើបនាងចាប់ផ្ដើមអន់ចិត្តបន្តិចម្ដងៗ ឈានដល់ការសម្រេចចិត្តលាឈប់តែម្ដង។ ស្របគ្នាដែលនាងក៏ខ្វះការជ្រោមជ្រែងនៅខាងក្រៅផលិតកម្ម និងមានការប្រកួតប្រជែងយ៉ាងតានតឹងពីសំណាក់អ្នកសិល្បៈដូចគ្នាផង ទើបនាងកាន់តែបាក់ទឹកចិត្ត។ មកទល់ពេលនេះ មិនទាន់មានតម្រុយពីការសម្រេចចិត្តចូលស៊ុបនៅក្នុងវិថីសិល្បៈជាថ្មីនោះទេ លើកលែងតែផលិតកម្មថោន ដូរទម្រង់ហើយបង្កើនការលើកស្ទួយចំពោះនាងឡើងវិញ។ ប្រភពដដែលបន្តថា ស៊ូ ស៊ីរីកា នឹងបោះបង់សិល្បៈទាំងស្រុងឆាប់ៗ ដោយសារតែនាងក្រោយពេលចាកចេញពីផលិតកម្មថោន គឺនាងមិនមានគម្រោងហក់ចូលផលិតកម្មណាមួយផ្សេងទៀតទេ។
នាងធ្លាប់បង្ហើបថាបើនាងចេញពីថោន គឺចេញតែម្ដង ដោយសារតែនាងយល់ថាបើទោះជាហក់ទៅច្រៀងនៅក្នុងផលិតកម្មណា ក៏មិននឹងមានវាសនាមិនខុសគ្នានោះដែរ ប្រសិនបើនាងមិនមានការជ្រោមជ្រែងដូចគ្នានឹងនៅផលិតកម្មថោន។ ប្រភពនោះបន្តថា នាងមិនមានសម្ពាធណាមួយពីគូសេ្នហ៍ឡើយ ប៉ុន្តែអ្វីដែលនាងបាក់ទឹកចិត្តគឺភាពអស់សង្ឃឹមក្នុងផលិតកម្មថោន និងខ្វះការលើកស្ទួយតែម្ដង។ យ៉ាងណាមិញភាគីខាងផលិតកម្មថោន បានអះអាងថា គោលការណ៍ផលិតកម្មមិនបានលើកណាទម្លាក់អ្នកណានោះទេ តែអាចបណ្ដាលមកពីតារាចម្រៀងច្រើន ទើបការទម្លាក់បទត្រូវមានការបែងចែក។
ពាក់ព័ន្ធនឹងបញ្ហានេះ កញ្ញា ស៊ូ ស៊ីរីកា មិនទាន់មានការបកស្រាយនៅឡើយទេ ប៉ុន្តែយោងតាមអ្វីដែលនាងធ្លាប់បញ្ជាក់ថា ពិតជាបាក់ទឹកចិត្តសម្រាប់អាជីពចម្រៀងប្រាកដមែន ដោយគ្រាន់តែនាងមិនបញ្ជាក់ថាកើតចេញពីការអន់ចិត្តនៅផលិតកម្មថោន ឬយ៉ាងណា៕
មតិយោបល់