នៅក្នុងពិភពសិល្បៈ មានការទទួលស្គាល់ច្រើនឡើងថា តារាចម្រៀងវ័យក្មេងកញ្ញា អ៊ុង នីនិច ទាំងច្រៀងពីរោះ និងមានក្បាច់រាំរស់រវើក ។
ប៉ុន្តែនាងបែរជាមិនមានផលិតកម្មច្រៀងនៅឡើយ ខណៈដែលនាងបានទម្លាយអោយពីមូលហេតុដែលម្នាក់ៗធ្វើការងឿងឆ្ងល់នេះ។
កញ្ញា អ៊ុង នីនិច ដែលត្រូវគេឃើញសកម្មក្នុងក្រុម«គ្រួសារតារាកម្ពុជា»បានថ្លែងបញ្ជាក់ថា បើនាងមានបំណងចង់ចូលនៅក្នុងផលិតកម្ម គឺនាងមិនខ្វះផលិតកម្មចូលជ្រកនោះទេ ជាពិសេសគឺផលិតកម្មតូចៗដែលចង់បាននាងអោយក្លាយជាតារាចម្រៀងកុងត្រា។
នាងថាខ្លួនមិនចង់ស្ថិតនៅឯកោនោះទេ ប៉ុន្តែមកពីនាងយល់ថាបើជ្រុលចូលផលិតកម្មគួរតែចូលអោយបានផលិតកម្មធំ ហើយមិនគួរតស៊ូជាមួយផលិតកម្មតូចៗ ទើបនាងសុខចិត្តផលិតបទចម្រៀងផ្ទាល់ខ្លួន និងបង្កើតក្រុមរាំដោយការបោះទុនរបស់ខ្លួន ដោយបទថ្មីនីមួយៗក៏មានគ្រូបង្វឹកក្បាច់រាំផ្ទាល់ខ្លួនផង។
កញ្ញាថាខ្លួនជាតារាដែលមានក្របខ័ណ្ឌនៅក្នុងក្រសួងព័ត៌មានដែលតែងច្រៀងបទចម្រៀងបែបប្រពៃណីនោះទេ ប៉ុន្តែបណ្ដាលមកពីនាងចង់អោយទទួលបាននូវការចាប់អារម្មណ៍ខ្លាំងឡើង ទើបនាងប្រឹងប្រែងផលិតបទយុវវ័យ ហើយបង្កើតទាំងក្បាច់រាំអោយបានល្អ រហូតមានការទទួលស្គាល់។ កញ្ញាថាខ្លួនចូលផលិតកម្មបើផលិតកម្មដែលទាក់ទងនោះ ជាផលិតកម្មមួយក្នុងចំណោម ថោន ហង្សមាស និងសាន់ដេ ហើយផលិតកម្មទៀតសោត ក៏នឹងព្រមព្រៀងលើកស្ទួយអោយនាងកក់ក្ដៅ ដោយមិនមែនគ្រាន់តែយកទៅកុងត្រាហើយផ្អឹបចោល។ នាងថាមិនចង់ក្លាយជាតារាចម្រៀងកុងត្រា ហើយមានសម្ពាធនោះទេ ក្នុងពេលដែលបទថ្មីរបស់នាងបើទោះជាមិនមានផលិតកម្ម ក៏មានការពេញនិយម ហើយបើនិយាយពីក្បាច់រាំដែលនាងបង្កើតឡើងក៏មានការចូលចិត្ត។
អ៊ុង នីនិច បានអះអាងថា តម្លៃខ្លួនរបស់នាងកើនឡើងខុសពីមុនឆ្ងាយណាស់ ជាពិសេសសម្រាប់កម្មវិធីដែលតម្រូវអោយនាងបង្ហាញខ្លួនទាំងក្រុមរាំ។
យ៉ាងណាមិញ នាងថាខ្លួនក៏នៅតែមានការយោគយល់ដល់អ្នកដែលធ្លាប់ជ្រោមជ្រែង ដោយយកតម្លៃចេញច្រៀងសឹងមិនរួចខ្លួន ដើម្បីជាការសងគុណ ដោយមិនសុទ្ធតែគិតពីរឿងឡើងថ្លៃសម្រាប់ការបង្ហាញខ្លួនច្រៀងរាំនោះដែរ។ ក្នុងនោះបើនិយាយពីកម្មវិធីសប្បុរសធម៌វិញ គឺនាងថែមទាំងចេញលុយអោយក្រុមរាំ ដើម្បីបានយកក្រុមទៅច្រៀងបង្ហាញអោយឃើញ ទុកជាការជួយសង្គមផង។
កញ្ញាគម្រោងបញ្ចេញបទចម្រៀងផ្ទាល់ខ្លួនច្រើនទៀតនៅប៉ុន្មានថ្ងៃខាងមុខ ខណៈដែលបទចម្រៀងដែលបានចេញបង្ហោះ រាប់ទាំងបទបកប្រែផង គឺមានច្រើនបទដល់ថ្នាក់រាប់មិនអស់ទៅហើយ៕
មតិយោបល់