ភ្នំពេញៈ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសជនជាតិចិនម្នាក់ និងជាថៅកែហាងខារ៉ាអូខេយីហោ QI HAO GONG GOAN បានបង្ខំឲ្យនារី២នាក់ជាអ្នកបម្រើភ្ញៀវឲ្យទៅក្រៅ(ទៅដេក) ជាមួយមិត្តភក្តិខ្លួន តែនាងមិនព្រម ក៏បានធាក់ និងទះកំភ្លៀងនារី២នាក់នោះ បណ្ដាលឲ្យរងរបួស ទើបភ្ញាក់ផ្អើលដល់សមត្ថកិច្ច រួមទាំងប្រជាពលរដ្ឋ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨ នៅចំណុចមុខ KTV QI HAO GONG GOAN ជាប់ផ្សារបឹងត្របែកផ្លាហ្សា ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។
តាមការបំភ្លឺពីនារីរងគ្រោះបានឲ្យដឹងថា នាងមិនមែនជាបុគ្គលិកនៅហាងខារ៉ាអូខេខាងលើនោះទេ ដោយសារតែមានមិត្តភក្តិនាងជាបុគ្គលិកនៅទីនោះ នាងក៏មកលេង ហើយពេលខ្លះថៅកែហាងក៏ហៅមកទទួលភ្ញៀវម្តងម្កាល ពេលចប់ភ្ញៀវក៏ទៅវិញ។
ប្រភពបន្តថា លុះនៅមុនពេលកើតហេតុ មានមិត្តភក្តិម្នាក់ដែលជាបុគ្គលិក (នារីកំដរភ្ញៀវ) បានខលហៅនាងមកជួយកំដរភ្ញៀវ ដែលជាមិត្តភក្តិថៅកែ ពេលនោះនាងក៏បានមកមានគ្នាចំនួន៣នាក់ ខណៈមកដល់ក្នុងបន្ទប់ ពួកនាងក៏ដើរចេញមកក្រៅវិញ ព្រោះភ្ញៀវទាំងនោះតែងតែបង្ខំនារីៗដែលជាដៃគូទៅដេកជាមួយ។ បន្ទាប់មកស្រាប់តែថៅកែមកសួរនាំហើយបានធាក់នាងពីក្រោយ បណ្តាលឲ្យដួលហើយចាប់ទះកំភ្លៀងចំនួន២ដៃទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពីកើតហេតុភ្លាមៗថៅកែហាងខារ៉ាអូខេខាងលើបានសងថ្លៃជំងឺចិត្តចំនួន៥០០ដុល្លារ តែនារីរងគ្រោះមិនព្រម ទើបនាងទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានចុះមកជួយអន្តរាគមន៍ ហៅជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលបឹងត្របែក ដើម្បីហៅជនបង្កទៅដោះស្រាយតាមច្បាប់។
គួបញ្ជាក់ថា ទីតាំងខាងលើតែងតែមានអំពើហិង្សាដាក់នារីៗខ្មែរជាអ្នកកំដរភ្ញៀវជាញឹកញាប់ តែមិនដែលមានអាជ្ញាធរមានសមត្ថកិច្ចមានវិធានការយ៉ាងណានោះទេ រីក៏ទីតាំងខាងលើមានខ្សែជាអ្នកធំទើបសមត្ថកិច្ចមិនហ៊ានបែបនេះ ហើយសូមបីតែស្លាកយីហោខាងមុខ ក៏គ្មានដាក់អក្សរខ្មែរដែរ ធ្វើដូចជានៅស្រុកក្រៅអញ្ចឹង៕
មតិយោបល់