ព័ត៌មានសិល្បៈ និងកម្សាន្ត

ព្រះកាយច័ន្ទ និង ឆានី សូ ផ្ដើមឡើងកម្តៅ

កាលពីយប់ថ្ងៃទី២៤ មេសា គេឃើញភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»ដែលសម្ដែងដោយតារាស្រីកញ្ញាព្រះកាយច័ន្ទ និងលោកឆានី សូ ត្រូវបានដាក់បញ្ចាំងហើយ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥ ខណ:ដែលភាពយន្តនេះ ត្រូវបានគេកត់សម្គាល់ថាបានបង្ហាញខ្លួនជាសាធារណ:នៅក្នុងម៉ោងមាស ក្រោយពីអ្នកទាំងពីរបានក្លាយជាដៃគូពិធីករនឹងគ្នា ព្រមជាមួយនឹងភាពស្និទ្ធស្នាលក្រៅឆាក ដែលគេខ្សឹបខ្សៀវថាទំនងជាមានចិត្តនឹងគ្នាក្រៅឆាក។ យ៉ាងណាមិញពាក់ព័ន្ធនឹងការលើកឡើងនេះ អ្នកទាំងពីរបានចេញមុខច្រានចោល។

កញ្ញាព្រះកាយច័ន្ទ បានអះអាងថាដ្បិតថាក្នុងពេលសម្ដែងរឿង និងពេលចេញមុខធ្វើជាពិធីករនៅក្នុងកម្មវិធីប៉ុស្ដិ៍លេខ៥ នាងមានភាពស្និទ្ធស្នាលជាមួយលោក ឆានី សូ ជាគូតាំងពីធ្វើការជាមួយគ្នា ប៉ុន្តែនាង និងលោក មិនមានអ្វីលើសពីមិត្តរួមការងារនោះទេ ដោយហ៊ានទាំងអះអាងថាមិនអាចនឹងក្លាយទៅជាស្នេហាតាមការចំអែចំអន់នោះផង។ នាងក្នុងចំណោមតួប្រុសទាំងអស់ នាងពិតជាមានទំនាក់ទំនង និងឃើញមុខលោកច្រើនជាងអ្នកផ្សេងៗ ប៉ុន្តែនោះគឺបណ្ដាលមកពីការងារតម្រូវ ដែលបង្ខំឲ្យនាង និងលោក ឧស្សាហ៍ជួបគ្នាប៉ុណ្ណោះ គឺមិនមែនដោយសារតែរឿងស្នេហានោះទេ។ នាងសម្ដែងអារម្មណ៍សប្បាយចិត្តដែលបណ្ដាផលិតករ និងម្ចាស់ក្រុមហ៊ុនជាច្រើន ពេញចិត្តយកនាង និងលោកឲ្យធ្វើការរួមគ្នា បន្ទាប់ពីគិតថានាង និងលោកកាន់តែសមគ្នាខ្លាំងឡើង ប៉ុន្តែសម្រាប់ទំនាក់ទំនងឲ្យលើសពីនឹងគឺមិនមាននោះទេ ដោយសារតែនាង និងលោក គឺស្រឡាញ់រាប់អានគ្នាមិនខុសពីបងប្រុស និងប្អូនស្រី ឬជាក្រុមការងារនៅក្នុងសិល្ប:។

ជាមួយនឹងការលើកឡើងថា ក្នុងពេលដែលដំណឹងស្រឡាញ់គ្នាត្រូវគេប៉ាន់ស្មានឡើង ហើយស្រាប់តែភាពយន្តដែលអ្នកទាំងពីរសម្ដែងរួមគ្នា គឺរឿង«ទណ្ឌកម្មស្នេហ៍»ស្រាប់តែលេចរូបរាង តើនាងមានការបារម្ភខ្លាចគេថាស្រឡាញ់គ្នាកាន់តែខ្លាំង ឬទេ ក្នុងពេលដែលភាពយន្តនេះ ក៏ត្រូវគេដឹងថារំលេចនូវការសម្ដែងដែលពោរពេញដោយឈុតឆាកស្អិតរមួតរាប់មិនអស់នោះ នាងថាមិនភ័យបារម្ភទេ។

ព្រះកាយច័ន្ទបន្ថែមថា នាងខ្វល់ពីការចាប់អារម្មណ៍ថានាង និងលោក ឆានី សូ មានទំនាក់ទំនងអ្វីជាពិសេសនោះទេ ប៉ុន្តែនាងកាន់តែមានអារម្មណ៍សប្បាយចិត្តទៅវិញទេ ក្នុងពេលដែលតួអង្គនាង និងតារាសម្ដែងប្រុសរូបនេះ ត្រូវគេចាប់អារម្មណ៍ជាពិសេស។ នាងថាអ្នកគាំទ្ររបស់នាងច្រើនឡើងបានផ្ញើរូបដែលនាងបានសម្ដែងក្នុងរឿង«ទណ្ឌកម្មស្នេហ៍»ព្រមជាមួយនឹងពាក្យថា«សមគ្នាៗ»មកឲ្យនាងជាច្រើនដោយគ្រាន់តែភាពយន្តដែលនាង និងដៃគូបានសម្ដែងមួយនេះ ទើបនឹងដាក់បញ្ចាំងបាន២ម៉ោងស្មើនឹង២ភាគ កាលពីថ្ងៃទី២៤ មេសា។

នាងថាទម្រាំតែភាពយន្តនេះត្រូវបានបញ្ចប់ ការលើកឡើងថានាង និងលោក ឆានី សូ មានអ្វីពិសេសនឹងគ្នា នឹងអាចកើតច្រើនជាងនេះ ប៉ុន្តែនាងមិនខ្វល់នោះទេ ដោយសារតែនាងដ្បិតថាបានសម្ដែងស្និទ្ធស្នាលតាមការចង់បានរបស់ផលិតករជាមួយលោក ក៏នោះគ្រាន់តែជាការសម្ដែង ហើយសម្រាប់ក្រៅឆាកគឺមិនខុសបងប្អូន។ ព្រះកាយច័ន្ទ និយាយថាភាពយន្តរឿង«ទណ្ឌកម្មស្នេហ៍»មានសរុប៤០ភាគ ប៉ុន្តែនឹងដាក់បញ្ចាំងតែ២០ថ្ងៃប៉ុណ្ណោះ នៅរៀងរាល់ថ្ងៃច័ន្ទ អង្គារ ពុធ វេលាម៉ោង៧ ដល់ម៉ោង៩យប់ ដោយក្រោយពីបើកឆាកបានមួយយប់ គឺមានការចាប់អារម្មណ៍ច្រើន៕

មតិយោបល់