ព័ត៌មានសិល្បៈ និងកម្សាន្ត

មើលមុខតារាល្បីៗ ក្រោយឈ្នះការប្រកួត៩០នាទី!

កាលពីយប់ថ្ងៃទី២៤ សីហា តារាសម្ដែងល្បីៗនៅក្នុងពិភពសិល្ប:ជាច្រើនបានបង្ហាញខ្លួននៅលើទីលានតារាងបាល់នៅពហុកីឡដ្ឋាន វេស្ទើន សម្រាប់ការប្រកួតជាលើកទី១២ របស់ក្រុមមហាហង្ស។ ឆ្លងកាត់ការប្រកួតរយ:ពេល៩០នាទី ក្រុមបាល់ទាត់ដែលចម្រុះដោយតារាសិល្ប:ល្បីៗស្ទើរតែទាំងអស់មួយនេះ ទទួលបានជោគជ័យទៀតហើយលើក្រុមគូប្រកួតក្នុងលទ្ធផលរហូតដល់ ៧ ទល់២។ អ៉ីចឹងហើយទើបការប្រកួតទាំងមូល ត្រូវគេឃើញមានតារាច្រើននាក់មកចូលរួមអបអរខុសពីមុន ដោយតារាដែលបានបង្ហាញខ្លួនមកគាំទ្រ គឺសុទ្ធតែជាតារាល្បីៗផងដែរ។

លោកអ៉ិន សុភិន ជាប្រធានក្រុមបានអះអាងថា សម្រាប់ការប្រកួតដែលបានធ្វើឡើងកាលពីយប់ម្សិលមិញគឺជាប្រកួតលើកទី១២របស់ក្រុមមហាហង្ស ហើយក៏ជាជ័យជម្នះលើកទី១១របស់ក្រុមខ្លួនផងដែរចាប់តាំងពីក្រុមដែលចម្រុះដោយតារាសិល្ប:មួយនេះត្រូវបានបង្កើតឡើង។

លោកថាការប្រកួតលើកនេះគឺជាការប៉ះគ្នាជាមួយក្រុមបាល់ទាត់ Online ដោយក្រុមរបស់លោករកបានគ្រាប់បាល់រហូតដល់៧គ្រាប់ឯណោះសម្រាប់ការប្រកួត៩០នាទីនៅលើទីលាន។ យ៉ាងណាមិញ លោកថាក្រុមដែលខាងមហាហង្សប្រកួតឈ្នះយ៉ាងគំហុកនេះ មិនមែនជាក្រុមខ្សោយនោះទេ ប៉ុន្តែមកពីក្រុមតារាសិល្ប:ដែលជាសមាជិករបស់ក្រុមមហាហង្សកាន់តែមានទម្រង់លេងល្អ ទើបមានលទ្ធផលជាវិជ្ជមាន។

លោកសារភាពថា តារាសិល្ប: ជាកីឡាករច្រើននាក់ មានរបួសក្រោយបញ្ចប់ការប្រកួត តែមិនមានបញ្ហាធ្ងន់ធ្ងរណាមួយនោះទេ គឺគ្រាន់តែមានបញ្ហារបួសជើងតិចតួចម្នាក់ៗប៉ុណ្ណោះ លើកលែងតែលោក ភឹម តារាវិបុល ដែលមានរបួសជើងធ្ងន់ជាងគេក្រោយការប៉ះទង្គិចនៅលើទីលាន។ ក្នុងតង់ទី១លោកថាក្រុមមហាហង្សរកបាន៤គ្រាប់ និងតង់ទី២រកបាន៣គ្រាប់ ក្នុងពេលដែលក្រុមគូប្រកួតរកបានតែ២គ្រាប់សម្រាប់រយ:ពេល៩០នាទីដែលបើកប្រកួតគ្នា។ តារាសម្ដែងដែលរកគ្រាប់បាល់ជួយក្រុមរបស់លោកបានឈ្នះរួមមាន លោក ប៉ែន តុលា ជាអតីតតារាសម្ដែង លោក សេង នរ:មង្គល និង លោកហេង នរ:កក្កដា ជាដើម ប៉ុន្តែនោះក៏ដោយសារតែមានការបោះបាល់បានល្អពីសំណាក់សមាជិកក្នុងក្រុមដែលសុទ្ធតែជាតារាសម្ដែងដូចគ្នានោះផងដែរ។

សមាសភាពតារាៗដែលបានបង្ហាញខ្លួនចូលប្រកួតក្នុងទីលាននាល្ងាចនោះរួមមាន តារាកំប្លែងនាយ ចឺម លោក ហេង នរ:កក្កដា លោក ជា សុវណ្ណនរាហ៍ លោក លឹម ជាឡាយ លោក ភឹម តារាវិបុល លោកអូន ឧស្សាហ៍ លោកហូ ប៉ូសេង (សេង នរ:មង្គល) លោកឈុន សុវណ្ណភក្ដី តារាសម្ដែងប្រចាំផលិតកម្មBKS លោកប៉ែន តុលា និងតារាសម្ដែងថ្មីៗជាច្រើនរូបទៀត។

ក្នុងនោះតារាសិល្ប:ដែលបង្ហាញខ្លួនទៅលើកទឹកចិត្តដោយផ្ទាល់ក៏មានសុទ្ធសឹងតែវត្តមានតារាល្បីៗផងដែរ ដូចជាលោក ហម ឈរ៉ា កញ្ញាសឿន ផាភួង អ្នកនាង ភិន សុដាលីស កញ្ញាថន លក្ខិណា និងតារាសម្ដែងជាច្រើនរូបទៀត ដែលភាគច្រើនគឺជាតារាសម្ដែងប្រចាំផលិតកម្មមហាហង្ស និងBKS។

លោកអ៉ិន សុភិន បញ្ជាក់ថាជ័យជម្នះលើក្រុម Online គឺជាជ័យជម្នះលើកទី១១ ក្នុងចំណោម១២ប្រកួត ដែលការប្រកួតកន្លងមកគឺក្រុមមហាហង្សទទួលបរាជ័យតែម្ដងគត់នៅលើទីលាន ដូច្នោះហើយទើបធ្វើឲ្យក្រុមបាល់ទាត់ដែលចម្រុះដោយតារាសម្ដែងដែលភាគច្រើនត្រូវគេស្គាល់ថាជាតារាល្បីៗនៅក្នុងពិភពភាពយន្តមួយនេះ កាន់តែមានកម្លាំងចិត្តសម្រាប់ការប្រកួត ហើយទទួលជ័យជម្នះគួរឲ្យកត់សម្គាល់៕

មតិយោបល់