ធ្លាប់តែលេចឮថាក្រុម«គ្រួសារតារាកម្ពុជា» និងក្រុមសមាគមរបស់អ្នកនាង ចន ច័ន្ទលក្ខិណា មិនខុសពីទឹក និងប្រេង ប៉ុន្តែ កាលពីយប់ថ្ងៃទី១៥ មិថុនា គេឃើញស្ថាបនិក និងតំណាងក្រុមសំខាន់ៗរបស់”គ្រួសារតារាកម្ពុជា”ច្រើនរូប បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍អាហារសាមគ្គី ក្រោមការអញ្ជើញរបស់លោកហេង ឡុង និងអ្នកនាងចន ច័ន្ទលក្ខិណា ដោយតំណាងក្រុមទាំងពីរ ក៏បានបង្ហាញនូវសកម្មភាពជិតស្និទ្ធិគ្នា ក្នុងនាមជាអ្នកជួយបំផុសដល់សង្គមជាប្រយោជន៍ដល់សិល្បៈដូចគ្នានោះផង។ នេះជាការចាប់ដៃរបស់ក្រុមទាំងពីរ ដែលគេធ្លាប់តែឮថាមានការប្រកាន់បក្សពួករៀងខ្លួន ដែលការពិតក្រោយស្វែងរកឃើញថា គឺជាការលាបពណ៌ ក្រុមទាំងពីរកាន់តែមានសកម្មភាពសហការគ្នានាពេលចុងក្រោយ ខណៈដែលស្ថាបនិកគ្រួសារតារាកម្ពុជា បានអះអាងថា អោយតែនោះគឺជាសកម្មភាពដើម្បីសង្គម និងដើម្បីអ្នកសិល្បៈ គឺទោះជាក្រុមណារៀបចំ ក៏សប្បាយចិត្តដឹកនាំសមាជិកអោយចូលរួម ដើម្បីបំផុស។
កម្មវិធីដែលបានធ្វើឡើងនៅភោជនីយដ្ឋានSeven Bright ទួលគោក នេះ ត្រូវគេឃើញថានៅតែមានសភាពអឹកអធឹក ដោយសារតែមានវត្តមានដ៍ខ្ពង់ខ្ពស់ពីលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធកម្ពុជា និងលោកជំទាវ ដោយនៅក្នុងនោះ ក៏មានតារាសិល្បៈ ទាំងអ្នកមានសកម្មភាពខ្លាំងនៅក្នុងសិល្បៈ និងអ្នកចូលនិវត្តន៍កុះករបង្ហាញខ្លួនផងដែរ។ តារាសិល្បៈក្មេងៗ និងតារាចាប់ផ្ដើមឡើងកូដជាដើម ត្រូវគេឃើញមានវត្តមានច្រើន បើទោះជាក្នុងឆ្នាំនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសថា នឹងធ្វើក្នុងទ្រង់ទ្រាយតូច។ លោក ហេង ឡុង ប្រធានសមាគមនសិល្បករស្ម័គ្រចិត្តជួយសង្គម និងជាអ្នកចាត់ចែងទាំងស្រុង បានអះអាងថា នេះជាឆ្នាំទី២ហើយ ដែលលោករៀបចំកម្មវិធីនេះឡើង ដោយអ្វីដែលលោកចង់បានគឺចង់ឃើញតារាសិល្បៈរួមកម្លាំងគ្នាតែមួយ ហើយកាន់តែបានរួមចំណែកជួយដល់សង្គម ជាពិសេសគឺក្រុមតារាចាស់ៗ ដែលតារាទាំងនោះសុទ្ធតែត្រូវការជំនួយ និងការលើកទឹកចិត្ត។ លោកថាសមាគមលោក នឹងរៀបចំកម្មវិធីបែបនេះអោយបាន១ឆ្នាំម្ដង ហើយគម្រោងរៀបចំ៥ឆ្នាំសម្រាប់ជំហានដំបូង ខណៈដែលការរៀបចំមួយឆ្នាំៗក៏នឹងធ្វើអោយមានទម្រង់ខុសគ្នា។
លោកកាន់តែបង្ហាញអារម្មណ៍កក់ក្ដៅ ដែកតារាសិល្បៈមកពីក្រុមផ្សេងៗ ជាពិសេសគឺមកពី”គ្រួសារតារាកម្ពុជា”ដែលកន្លងមកមានពាក្យចចាមអារ៉ាមថា មិនត្រូវការសហការជាមួយសកម្មភាពរបស់ក្រុមលោកលើគ្រប់ទម្រង់ បានដឹកនាំសមាជិកច្រើនរូបចូលរួម ដែលបង្ហាញពីការសាមគ្គីរវាងក្រុមសិល្បៈ និងក្រុមសិល្បៈ។
សមាសភាព”គ្រួសារតារាកម្ពុជា”នៅក្នុងថ្ងៃនោះ ដឹកនាំដោយស្ថាបនិកក្រុម លោក ផាត់ តារារដ្ឋ ដោយក្នុងនោះរួមតំណាងក្រុមសំខាន់ៗរួមមាន កញ្ញា រំដួលលិចទឹក; កញ្ញា ប៉ុបពី; លោក សន សុវណ្ណារ៉ា ពិធីករ; លោក ឌួង តារាផាឌីន តារាចម្រៀង; លោក សេម អាជុន តារាចម្រៀង; កញ្ញាទេព មុន្នីរក្សា តារាសម្ដែង; លោក កែន ឩត្តមវាសនា ហៅឌីជេកង្កែប តារាសម្ដែង; លោក ឃីម រតនៈ តារាសម្ដែង; លោក ស៊ឹម ស៊ីណាត តារាចម្រៀង; លោក ង៉ែត សុភ័ក្ត្រ តារាសម្ដែង; កញ្ញា នី ម៉ាលីណា តារាចម្រៀង; និងតារាក្មេងមួយចំនួនទៀត។ ក្នុងការចូលរួមនេះ ក្រៅពីលោក ហេង ឡុង សមាសភាពរបស់សមាគមសិល្បករស្ម័គ្រចិត្តជួយដល់សង្គមភាគច្រើន ក៏ផ្ដល់ការទទួលរាក់ទាក់ ដល់”គ្រួសារតារាកម្ពុជា” មិនខុសពីវត្តមានសិល្បករសិល្បការិនីផ្សេងទៀតផងដែរ៕
មតិយោបល់